ជប៉ុន​ថា​កាំជ្រួច​ធុន ICBM របស់​កូរ៉េ​ខាង​ជើង​​ហោះ​បាន​ ៧៤នាទី

បុរស​ម្នាក់​ឈរ​មើល​ព័ត៌មានលើ​ទូរទស្សន៍​មួយសី្ត​ពី​ការបាញ់កាំជ្រួច​របស់​កូរ៉េខាងជើងកាលពីថ្ងៃទី​១២ កក្កដា ឆ្នាំ២០២៣ក្នុងទីក្រុង​តូក្យួ។

កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​បាល្លីស្ទិក​វង់​ប្រតិបត្តិការ​ឆ្ងាយ​មួយ​គ្រាប់​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​ខាង​កើត​នៅពេល​ដែល​មេដឹកនាំ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​លីទុយអានី​ដើម្បី​ចូលរួម​ជំនួប​របស់​អង្គការ​អូតង់​ហើយ​មាន​កំណត់​ពេល​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ទ្វេភាគី​នៅ​ថ្ងៃ​ពុធ​នេះ។

នាយ​អគ្គសេនាធិការ​រួម​របស់​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​កាំជ្រួច​ដែល​គេ​សង្ស័យ​ថា​ជា​កាំជ្រួចបាល្លីស្ទិក​អន្តរទ្វីប​បាន​ត្រូវ​បាញ់​បង្ហោះ​នៅ​ប្រហែល​ម៉ោង១០ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុក​ចេញពី​តំបន់​មួយ​នៅ​ជុំ​វិញ​រដ្ឋធានី​ព្យុងយ៉ាង​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

កាំជ្រួច​នោះ​បាន​ហោះក្នុង​គន្លង​កម្ពស់​ខ្ពស់​កាត់តាម​បរិយាកាស​ផែនដី​ហើយ​បាន​ធ្លាក់​ចម្ងាយ១០០០​គីឡូម៉ែត្រ​នៅ​ភាគ​ខាង​កើត។ នេះ​បើតាម​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​តូក្យូ។

ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ជប៉ុន​បាន​ប៉ាន់ស្មាន​ថា​កាំជ្រួចនោះ​បាន​ហោះ​ក្នុង​កម្ពស់​ជាង​៦០០០​គីឡូម៉ែត្រ​មុនពេល​ផ្ទុះ​៧៤នាទី​បន្ទាប់ពី​ការបាញ់។ ប្រសិន​បើ​ជា​ការពិត ការណ៍នេះ​កត់​សម្គាល់​នៃ​ការហោះ​រយៈពេល​យូរ​សម្រាប់​កាំជ្រួច​របស់​កូរ៉េ​ខាង​ជើង។

ពី​រដ្ឋធានី​វីលនីញូស​នៃ​ប្រទេស​លីទុយអានី ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol បាន​កោះប្រជុំ​ក្នុង​គ្រាអាសន្ន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​តាម​វីដេអូ​ជាមួយ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល។

ដោយ​ធ្វើ​ការថ្កោលទោស​ការបាញ់​បង្ហោះ​កាំជ្រួច​នេះ លោកYoonបាន​មាន​ប្រសាសន៍​ថា​សកម្មភាព​ខុស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង​នឹង​មាន​ផលវិបាក។ នេះ​បើ​តាម​ខុទ្ទកាយាល័យ​របស់​លោក​ហើយ​លោក​ប្រធានាធិបតី​បាន​សន្យា​ថា​នឹង​ប្រមូល​ការគាំទ្រ​ជាមួយ​ប្រទេស​ផ្សេងៗទៀត​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់។

លោក​ប្រធានាធិបតី​ក៏​បាន​បញ្ជា​ឱ្យ​បន្ត​ពង្រឹង​ការរារាំង​ជាមុនជាមួយ​ក្រុម​ពិគ្រោះ​នុយក្លេអ៊ែរដែល​គ្រោងប្រជុំ​នៅ​សប្តាហ៍​ក្រោយ។

រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Hirokazu Matsunoបាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ធ្វើការ​តវ៉ា​ដ៏​ខ្លាំង​ប្រឆាំង​នឹងកូរ៉េ​ខាង​ជើង​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិនដែល​បាន​សង្កត់​ថាកាំជ្រួច​មីស៊ីល​បាល្លីស្ទិក​បែប​នេះ​រំលោភ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជា​ច្រើន។​ជប៉ុន​នៅ​ដំណាក់ការ​នេះ​មិន​ជឿ​ថា​កាំជ្រួច​នេះ​បាន​ដឹក​ជញ្ជូន​ផ្កាយ​រណប​នោះ​ទេ៕