ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានបដិសេធនូវលទ្ធភាពនៃការជួបចរចាជាមួយសហរដ្ឋអាមេរិក។ ការបដិសេធនេះកើតមានឡើងជាច្រើនថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងគឺលោក Kim Jong Un បានបង្ហើបឲ្យដឹងពីលទ្ធភាពនៃការជួបសន្ទនាគ្នា។ អ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលមួយរូបរបស់មេដឹកនាំកូរ៉េបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថាសហរដ្ឋអាមេរិកហាក់ដូចជាមានការរំពឹងខុសទៅលើការថ្លែងក្នុងពេលថ្មីៗនេះរបស់បងប្រុសអ្នកស្រី។
នៅក្នុងកិច្ចប្រជុំរបស់គណបក្សគ្រប់គ្រងអំណាចកាលពីសប្តាហ៍កន្លងទៅក្នុងរដ្ឋធានីព្យុងយ៉ាង លោកKim Jong Un បាននិយាយថាប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនដើម្បីធ្វើ«ការសន្ទនានិងការប្រឈម»។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានប្រាប់កម្មវិធីព័ត៌មានទូរទស្សន៍ ABCអាមេរិកថាការលើកឡើងរបស់លោក Kim Jong Un គឺជាសញ្ញាដ៏គួរឲ្យចាប់អារម្មណ៍មួយប៉ុន្តែលោកចង់បានសញ្ញាដ៏ច្បាស់លាស់មួយពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ លោកក៏បានគូសបញ្ជាក់ជា ថ្មីថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បន្តការចរចាដោយផ្ទាល់ឡើងវិញស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានបញ្ចប់ការត្រួតពិនិត្យគោលនយោបាយរបស់ខ្លួនស្តីពីប្រទេសកូរ៉េខាងជើងកាលពីខែមុនដោយលើកឡើងថាខ្លួនបើកចំហចំពោះការជួបចរចា ប៉ុន្តែទទូចថាប្រទេសកូរ៉េខាងជើងត្រូវតែបោះបង់ចោលអាវុធនុយក្លេអ៊ែរ។
ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះលោក Sung Kim អ្នកតំណាងអាមេរិកទទួលបន្ទុកកិច្ចការប្រទេសកូរ៉េខាងជើងបានលើកឡើងថា លោកសង្ឃឹមថាកូរ៉េខាងជើងនឹងឆ្លើយតបដោយវិជ្ជមានដើម្បីជួបជាមួយអាមេរិក«នៅពេលណាឬកន្លែងណាក៏បានដោយគ្មានលក្ខខណ្ឌជាមុន»។
អ្នកតំណាងអាមេរិករូបនេះកំពុងជួបប្រជុំជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុននៅសប្តាហ៍នេះដើម្បីពិនិត្យមើលពីជំហររួមគ្នាស្តីពីបញ្ហាប្រទេសកូរ៉េខាងជើង។
អ្នកវិភាគមួយចំនួនលើកឡើងថាការលើកឡើងរបស់ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះហាក់ដូចជាបង្ហាញថាមានការវិវឌ្ឍទៅមុខតិចតួចសម្រាប់បន្តការចរចាគ្នាឡើងវិញស្តីពីបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕