មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកឱ្យបន្តកិច្ចសន្ទនា ក៏ប៉ុន្តែនិយាយថា លោកបើកចំហឱ្យមានការកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ នៅក្នុងសុន្ទរកថាមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក Kim Jong Un បាននិយាយថា ឆន្ទៈរបស់អាមេរិកក្នុងការចរចាគឺគ្រាន់តែដើម្បីបិទបាំងអ្វីដែលលោកហៅថា «គោលនយោបាយអរិភាព»របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា «ការគំរាមកំហែងខាងយោធា និងគោលនយោបាយអរិភាពរបស់ស.រ.អា.ចំពោះយើងគ្មានការផ្លាស់ប្តូរទាល់តែសោះ ហើយផ្ទុយទៅវិញ ការបញ្ចេញមតិនិងវិធីសាស្ត្ររបស់អាមេរិកកាន់តែមានល្បិចកល»។
រដ្ឋបាលលោកប្រធានាធិបតី Joe Biden បានអំពាវនាវម្តងហើយម្តងទៀតឱ្យកូរ៉េខាងជើងបន្តការចរចាដែលជាប់គាំងចាប់តាំងពីឆ្នាំ២០១៩ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។
ឆ្លើយតបទៅនឹងសុន្ទរកថារបស់លោក Kim Jong Un ក្រសួងការបរទេសអាមេរិកបានផ្ញើអ៊ីមែលមកវីអូអេភាសាកូរ៉េ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនមានចេតនាអរិភាពចំពោះសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺកូរ៉េខាងជើងនោះទេ។
លោក Kim Jong Un បានថ្លែងសុន្ទរកថាកាលពីថ្ងៃពុធចំថ្ងៃដែលប្រទេសកូរ៉េខាងជើងបានប្រកាសលម្អិតអំពីការសាកល្បងអាវុធចុងក្រោយរបស់ខ្លួនដែលមានប្រព័ន្ធមីស៊ីលថ្មីលឿនជាងសំឡេង ដែលទំនងជារចនាឡើងដើម្បីគេចពីប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក។
ប្រទេសកូរ៉េខាងជើងបានបាញ់សាកមីស៊ីលចំនួនបីដងក្នុងខែនេះ ទោះបីជាប្រទេសនេះផ្តល់សញ្ញាថា ខ្លួនបើកចំហឱ្យមានកិច្ចពិភាក្សាជាមួយប្រទេសជិតខាង គឺកូរ៉េខាងត្បូងក៏ដោយ។
នៅក្នុងសុន្ទរកថារបស់លោក លោក Kim Jong Un បាននិយាយថា លោកនឹងពិចារណាបង្កើតឡើងវិញនូវបណ្តាញទំនាក់ទំនងបន្ទាន់ជាមួយកូរ៉េខាងត្បូង ដែលនឹងចាប់ផ្តើមនៅដើមខែតុលា៕