កូរ៉េខាងជើង​នៅជំពាក់​ប្រាក់​ប្រទេស​ស៊ុយអែត​បន្ទាប់​ពីការ​ទិញរថយន្ត​រយៈ​ពេល​៤ទសវត្សរ៍

រថយន្ត​ផលិត​ដោយ​ប្រទេស​ស៊ុយអែត​ប្រកាស​គម្រោង​ការ​ផលិត​ឡានដើរ​ដោយ​អគ្គិសនី​ក្នុង​ឆ្នាំ​២០១៩។

អស់​រយៈ​ពេល​ជាង​៤​ទសវត្សរ៍​បន្ទាប់​ពីការ​លក់រថយន្ត​ម៉ាក Volvos ​ចំនួន​១ពាន់​គ្រឿង​ទៅ​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង ​ប្រទេស​ស៊ុយអែត​នៅ​តែ​កំពុង​ព្យាយាម​ឲ្យ​បាន​ទទួល​ប្រាក់​សម្រាប់​រថយន្ត​ទាំង​នោះ ដែល​ឥឡូវនេះ​មាន​ចំនួន​សរុបទាំងអស់​៣២៨លាន​ដុល្លារ ​នេះយោងតាម​ក្រសួងការ​បរទេស​របស់​ស៊ុយអែត។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ទទួល​រថយន្ត​ទាំងនោះ​ក្នុង​អំឡុង​នៃ​ការ​បើក​ចំហរ​និង​ការ​ពង្រីក​ពាណិជ្ជកម្ម ក៏ប៉ុន្តែ ​មិន​ដែល​បាន​សងប្រាក់​ដើម​ចំនួន​១៣១​លាន​ដុល្លារទេ។

​ប្រទេស​កូរ៉េខាង​ជើង​បាន​ជំពាក់​ប្រាក់​គ្រប់​ទីកន្លែង​នៅ​តំបន់​អឺរ៉ុប​មក​ពីការ​ទិញ​ក្នុង​អំឡុងដើមទសវត្សរ៍​១៩៧០ ​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ពង្រីក​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ជាមួយ​ប្រទេស​លោក​ខាង​លិច។

ការិយាល័យ​ព័ត៌មាន​របស់​ក្រុមហ៊ុន Per-Ake Froberg of Volvo Heritage ​បាន​ប្រាប់​ឲ្យ​ដឹងថា «ក្រុមហ៊ុន​រថយន្ត Volvo បាន​លក់​រថយន្ត​ប្រហែល​១ពាន់​គ្រឿង​ទៅ​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង​នៅ​ឆ្នាំ​១៩៧៤។ ក្រុមហ៊ុន​រថយន្ត Volvo បាន​ទិញ​ការធានា​រ៉ាប់រងតាម​រយៈ​ទីភ្នាក់ងារ​ឥណទាន​នីហរណ​ស៊ុយអែត EKN។ ពេល​ដែល​កូរ៉េខាង​ជើង​មិនសង​ប្រាក់ ​ទីភ្នាក់ងារ EKN ត្រូវ​ធ្វើ​ការ​សង​ប្រាក់​ជំនួស ​មាន​ន័យថា ​ក្រុមហ៊ុន​រថយន្ត Volvo មិន​ខាត​បង់​ខាង​ហិរញ្ញវត្ថុ​ទេ‍»។

ក៏ប៉ុន្តែ ​មិនមែន​ទីភ្នាក់ងារ EKN ​ទេ​ដែល​ត្រូវ​ដាស់​តឿន​កូរ៉េខាង​ជើង២​ដង​ក្នុង​មួយ​ឆ្នាំ​នេះអំពី​ប្រាក់​ដែល​នៅ​ជំពាក់​នោះ។

លោកស្រី Carina Kemp អ្នកចាត់​ចែង​ខាង​ព័ត៌មាន​របស់​ទីភ្នាក់​ងារ EKN ​បាន​ប្រាប់ VOAផ្សាយ​ជា​ភាសា​កូរ៉េ​តាមសារ E-mail ថា «ចំពោះ​បញ្ហា​នេះ ​យើង​មិនបាន​ទទួល​ការ​ឆ្លើយ​តបទេ។ គោលជំហរ​របស់​ភ្នាក់ងារ EKN គឺថា ត្រូវ​តែ​ទារ​ប្រាក់ឲ្យ​បាន​វិញ‍»៕