អ្នកជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនានា បានបញ្ជាក់ថា ភស្តុតាងបច្ចេកទេសដែលភ្ជាប់ប្រទេសកូរ៉េខាងជើង ទៅនឹងការវាយប្រហារតាមអ៊ីនធឺណិតរបស់មេរោគជំរិតទារប្រាក់ឈ្មោះ WannaCry នោះ មានលក្ខណៈមិនគ្រប់គ្រាន់នោះទេ។ ប៉ុន្តែ រដ្ឋាភិបាលកូរ៉េខាងជើងមានសមត្ថភាពខ្លាំងខាងប្រព័ន្ធអ៊ីនធឺណិត ហើយគោលបំណងរបស់រដ្ឋាភិបាលកូរ៉េខាងជើងនៅក្នុងការទូទាត់ការបាត់បង់ប្រាក់ចំណូលរបស់ខ្លួន ដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិនោះ អាចជាការសង្ស័យមួយ។
ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន មេរោគកុំព្យូទ័រឈ្មោះ WannaCry បានឆ្លងចូលកុំព្យូទ័រជាង ៣ សែន នៅក្នុងប្រទេស ១៥០ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់រោងចក្រ ធនាគារ ទីភ្នាក់ងាររដ្ឋាភិបាល មន្ទីរពេទ្យ និងប្រព័ន្ធធ្វើដំណើរនៅជុំវិញពិភពលោក។
កាលពីថ្ងៃច័ន្ទម្សិលមិញ អ្នកវិភាគនានាមកពីក្រុមហ៊ុន Symantec និងក្រុមហ៊ុន Kaspersky Lab ដែលជាក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត បាននិយាយថា លេខសម្ងាត់របស់កម្មវិធីកុំព្យូទ័រ WannaCry ដែលបានចេញផ្សាយកាលពីមុន ក៏បានលេចឡើងនៅក្នុងកម្មវិធី ដែលបានប្រើដោយក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះ Lazarus Group ដែលអ្នកជំនាញមួយចំនួន បានកំណត់ថា ជាក្រុមប្រតិបត្តិការលួចចូលប្រព័ន្ធអ៊ីនធឺណិតដែលគ្រប់គ្រងដោយកូរ៉េខាងជើង ផងដែរ។
លោក Eric Chien អ្នកស្រាវជ្រាវនៃក្រុមហ៊ុន Symantec បាននិយាយយ៉ាងដូច្នេះថា៖ «ឥឡូវនេះ យើងមិនបានរកឃើញភស្តុតាងខ្លាំងក្លាណាមួយ ដែលអាចចាត់ទុកថាជាទំនាក់ទំនងរវាងមេរោគ WannaCry និងក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត Lazarus នោះទេ។ ក្រុម Lazarus នេះ គឺជាក្រុមដែលបានធ្វើការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុន Sony និងធនាគារនានានៅក្នុងប្រទេសបង់ក្លាដេស។ ប៉ុន្តែ អ្វីដែលបានបង្ហាញនេះ គឺមិនគ្រប់គ្រាន់នៅក្នុងការនិយាយថា ការវាយប្រហារលើកនេះ គឺធ្វើឡើងដោយក្រុម Lazarus នោះទេ»៕