កូរ៉េខាងជើង​ប្រកាស​ថា​​បាន​ធ្វើ​ការ​សាកល្បង​ដ៏​សំខាន់​មួយ​នៅ​កន្លែង​បាញ់​គ្រាប់​រ៉ុក្កែត

រូប​ឯកសារ៖ ទូរទស្សន៍​មួយ​បង្ហាញ​រូបភាព​នៃ​កន្លែង​បាញ់​បង្ហោះ​មីស៊ីល នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

ប្រទេស​កូរ៉េខាងជើង​បាន​ធ្វើការ​សាកល្បង​ដ៏​សំខាន់​មួយ​នៅឯ​ស្ថានីយ៍​បាញ់​គ្រាប់​រ៉ុក្កែត​ Sohae។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​អាទិត្យ។

ការ​សាកល្បង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ឯ​ស្ថានីយ៍​បាញ់​គ្រាប់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់ Tongch'ang-ri ក្នុង​ខេត្ត Pyongan ខាង​ជើង ដែល​ស្ថិត​នៅ​ក្បែរ​ព្រំប្រទល់​ប្រទេស​ចិន។ នេះ​បើ​យោង​តាមការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Korean Central News របស់​រដ្ឋាភិបាល​កូរ៉េខាងជើង។

ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ លទ្ធផល​នៃ​ការ​សាកល្បង​នេះ​ «នឹង​ជះ​ឥទ្ធិពល​ដ៏​សំខាន់​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​គោល​ជំហរ​យុទ្ធសាស្ត្រ​របស់​កូរ៉េខាងជើង​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ»។

សេចក្ដីរាយការណ៍​នោះ​មិន​បាន​បញ្ជាក់​អំពី​ប្រភេទ​នៃ​ការ​សាកល្បង​ដែល​ត្រូវ​បានធ្វើ​នោះ​ទេ។

សេចក្ដីប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន CNN បាន​រាយការណ៍​ថា ក្រុមហ៊ុន Planet Labs ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​រូបភាពពី​ផ្កាយរណប​មួយ បាន​រកឃើញ​ថា​មានការ​ធ្វើ​សកម្មភាព​មួយ​នៅ​ឯ​ស្ថានីយ៍​បាញ់​រ៉ុក្កែត Sohae និង​មាន​រូបភាព​មួយ​បង្ហាញ​ពី​កុងតឺណឺ​ដ៏​ធំ​មួយ​នៅ​ឯ​ស្ថានីយ៍​នោះ​ផង​ដែរ។

ឆ្នាំ​នេះ កូរ៉េខាងជើង​បាន​ចំណាយ​ពេល​វេលា​ច្រើន​បំផុត​ដើម្បី​ធ្វើ​ការ​សាកល្បង​គ្រាប់​មីស៊ីល៕