មានការប្រែប្រួលច្រើនបន្ទាប់ពីជំនួបជាលើកដំបូងរវាងលោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង (Xi Jinping)នៅរដ្ឋ Florida កាលពីដើមឆ្នាំនេះ ហើយក៏នៅមានរឿងច្រើនទៀតដែលមិនទាន់ប្រែប្រួល។
ពាណិជ្ជកម្មនៅតែជាបញ្ហាដ៏ធំមួយ។ នៅពីរបីថ្ងៃមុនពេលចេញដំណើរទស្សនកិច្ច លោក ត្រាំបានថ្លែងថា ឱនភាពរបស់សហរដ្ឋអាមេរិកជាមួយនឹងចិន គឺជារឿងគួរឲ្យអាម៉ាស និង មានសភាពអាក្រក់។
បញ្ហាប្រទេសកូរ៉េខាងជើងបានក្លាយទៅជាបញ្ហាចម្បងនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អំឡុងពេលទស្សនកិច្ចលោកប្រធានាធិបតី ត្រាំ នឹងព្យាយាមដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងប៉េកាំង ឲ្យធ្វើកិច្ចការច្រើនជាងមុនទៀត ដើម្បីជះឥទ្ធិពលទៅលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង (Pyongyang)។
ក៏ប៉ុន្តែ អ្នកវិភាគមួយចំនួនថ្លែងថា អ្វីដែលចិននឹងធ្វើនៅមានកម្រិត ខណៈដែលយើងសម្គាល់ឃើញថា ចិនបានគាំទ្ររួចទៅហើយទៅលើការដាក់ទណ្ឌកម្មធ្ងន់ៗមួយចំនួនទៅលើប្រទេសកូរ៉េខាងជើងនាពេលកន្លងមក។
អ្នកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យ RENMIN UNIVERSITY) លោក SHI YINHONG បាននិយាយថា៖ «ប្រទេសចិន អាចផ្តល់សម្បទានពាណិជ្ជកម្មមកលោក ត្រាំខ្លះៗ បើទោះជាសម្បទានពាណិជ្ជកម្មទាំងនោះនៅមានកម្រិតនៅឡើយ ប៉ុន្តែវានៅតែច្រើនគួរសមដែរ ដែលនឹងមិនធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរបស់ប្រទេសចិនឡើយ»។
លោក ស៊ី ជីនពីង ដែលថ្មីៗនេះត្រូវបានគេតែងតាំងជាមេដឹកនាំដែលមានឥទ្ធិពលជាងគេបន្ទាប់ពី មេដឹកនាំ ម៉ៅ សេទុង (Mao Zedong) នឹងបង្កើតឲ្យមានបរិយាកាសល្អ ហើយបង្ហាញពិភពលោកថា លោក ជាមេដឹកនាំពិភពលោកដ៏ជោគជ័យម្នាក់។
លោក SHI YINHONG បានមានប្រសាសន៍ទៀតថា៖ «ប្រទេសចិនក៏ចង់បញ្ចុះបញ្ចូលលោក ត្រាំ កុំឲ្យដាក់ការគំរាមកំហែងខាងយោធាទៅលើប្រទេសកូរ៉េខាងជើងខ្លាំងពេក និង ឥតឈប់ឈរ ព្រោះការធ្វើបែបនេះអាចរឹតតែជំរុញឲ្យ លោក Kim Jong Un ងាកមកបង្កើនសកម្មភាពនុយក្លេអ៊ែ និង មីស៊ីលកាន់តែច្រើនឡើង»។
នៅលើដងវិថីរបស់ទីក្រុងប៉េកាំង មនុស្សជាច្រើននាក់ បានបង្ហាញពីការព្រួយបារម្ភពីការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងមកលើ ប្រទេសចិន និង តំបន់របស់ខ្លួន។
បុគ្គលិកហិរញ្ញវត្ថុម្នាក់ឈ្មោះ LIU និយាយថា៖ «បើសិនជាអាច យើងគួរតែប្រើយុទ្ធសាស្ត្រប្រកបដោយសន្តិភាពទៅទប់ទប់ជាមួយលោក Kim Jung Un ក៏ប៉ុន្តែបើសិនជាលោក នៅតែបន្តបង្ករឿងនៅក្នុងពិភពលោក និងប្រើកម្លាំងមកបំផ្លាញអ្នកដ៏ទៃទៀត អ្វីដែលយើងអាចធ្វើបានគឺប្រើកម្លាំងដើម្បីបំផ្លាញលោកវិញ»។
ទោះជាយ៉ាងណាក្តី សម្រាប់មនុស្សភាគច្រើន បញ្ហាគោលនយោបាយអន្តោប្រវេសន៍ និង ការផ្តល់ទិដ្ឋការរបស់សហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោកត្រាំ គឺជាការព្រួយបារម្ភខ្លាំងជាងសម្រាប់ពួកគេ ហើយអ្នកខ្លះសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងធ្វើឲ្យបញ្ហានេះមានភាពប្រសើរឡើងវិញ។
និស្សិតសកលវិទ្យាល័យម្នាក់ នាង ZHANG បាននិយាយថា៖ «មិត្តរួមថ្នាក់ខ្ញុំជាច្រើននាក់ដែលបានចេញពីប្រទេស ហើយមានបំណងចង់រស់នៅ ឬ បន្តការងារនៅសហរដ្ឋអាមេរិក ប្រាកដជាពិបាកសម្រេចបំណងទាំងអស់នេះ ប្រសិនបើលោក ត្រាំ ជ្រើសរើសអនុវត្តគោលនយោបាយដែលមិនស្វាគមន៍ជនបរទេសនោះ»។
បុគ្គលិកផ្នែកហិរញ្ញវត្ថុម្នាក់ឈ្មោះ HAO ថ្លែងថា៖ «ខ្ញុំគិតថាមនុស្សជាច្រើនចង់ឃើញគោលនយោបាយផ្តល់ទិដ្ឋាការមានភាពធូររលង់ជាងមុន។ មនុស្សជាច្រើនចង់ទៅសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនៅតែមានភាពទាក់ទាញខ្លាំងណាស់»។
អ្នករាយការណ៍ពត៌មានឲ្យ VOA ប៉ុន្មាននាក់បានថ្លែង និង រំពឹងថានឹងមានការដោះស្រាយអំពី បញ្ហាជាមួយប្រទេសកូរ៉េខាងជើង ឬដំណោះស្រាយចំពោះភាពខុសគ្នារវាងប្រទេសទាំង២ឲ្យបានឆាប់ៗនៅពេលខាងមុខនេះ។ ឆ្លើយតបទៅនឹងអាត្ថាធិប្បាយរបស់លោកត្រាំអំពីឱនភាពពាណិជ្ជកម្ម កាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រទេសចិនបានឲ្យដឹងថា ខ្លួនគ្មានចេតនាធ្វើឲ្យមានគម្លាតដ៍ធំនេះទេ៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង