មេដឹកនាំ​កូរ៉េខាងជើង​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល

ប្រធានាធិបតី​កូរ៉េខាងត្បូង​ចាប់​ដៃ​ជាមួួ​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើងនៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី១០ កុម្ភៈ ២០១៨។

មេដឹកនាំ​នៃ​ប្រទេស​កូរ៉េខាង​ជើង​បានអញ្ជើញ​សមភាគី​កូរ៉េខាង​ត្បូង​របស់ គាត់​ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​កូរ៉េខាង​ជើង​តាម​ពេលវេលា​ដ៏​សមគួរ​បំផុត​របស់​មេដឹក​នាំ​កូរ៉េខាង​ត្បូង។​

អ្នកស្រី Kim Yo Jong ដែល​ជា​ប្អូន​ស្រី​របស់មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un បាន​ប្រគល់​សេចក្តី​អញ្ជើញ​ដោយ​ផ្ទាល់​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ Moon Jae-in នៅ​ឯវិមាន​ខៀវ។

មេដឹកនាំ​កូរ៉េខាង​ត្បូង​រូបនេះ​បាននិយាយជា​ការ​ឆ្លើយតប​នឹង​សេចក្តី​អញ្ជើញ​នេះ​ថា «ចូរយើង​ធ្វើឱ្យ​ការណ៍​នេះ​កើត​ឡើង​បាន​ដោយ​បង្កើត​ឱ្យមានស្ថានភាព​ជា​ចាំ​បាច់សម្រាប់ពេលអនាគត»។

គណបក្ស​នយោបាយ​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​មាន​ប្រតិកម្ម​ចម្រុះ​ដល់សេចក្តីអញ្ជើញនេះ​របស់​កូរ៉េខាង​ជើង។ ស្ត្រី​ជា​អ្នកនាំ​ពាក្យ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​ប្រទេសកូរ៉េខាង​ត្បូង​បាននិយាយ​ថា​ជំនួប​ជាមួយពួក​កូរ៉េខាង​ជើង​ «បាន​បង្កើត​ឱ្យមាន​សន្ទុះ​សំខាន់មួយ​សម្រាប់​កសាង​សន្តិភាព​លើឧបទ្វីបកូរ៉េ»។

ក៏ប៉ុន្តែ​គណបក្ស​ប្រឆាំង​បានសុំឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ហើយមានការ​សង្ស័យ​អំពី​គោលបំណង​ពិត​ប្រាកដរបស់​កូរ៉េខាង​ជើង​ក្នុង​ការ​ធ្វើសេចក្តី​អញ្ជើញ​នេះ។​

ជាផ្លូវការ ប្អូន​ស្រី​របស់ Kim Jong Un ជា​ផ្នែក​មួយនៃ​គណៈប្រតិភូ​កូរ៉េខាង​ជើង​កម្រិតខ្ពស់​មួយដែល​ចូល​រួម​ក្នុង​ការ​ប្រកួតកីឡា Olympics រដូវ​ធ្លាក់ទឹកកក​ក្នុង​ប្រទេសកូរ៉េខាង​ត្បូង។​

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​របាយការណ៍​មួយ​របស់ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​ចែង​ថា​អ្នកស្រី​បានឋិត​នៅ​ក្នុង​ប្រទេសកូរ៉េខាង​ត្បូងក្នុង​ឋានៈជា «ប្រេសីត​ពិសេស​ម្នាក់របស់មេដឹកនាំ​កូរ៉េខាង​ជើង»។

អ្នកស្រី Kim Yo Jong ជា​សមាជិកា​ទី​មួយ​នៃ​គ្រួសារដែល​គ្រប់គ្រង​ប្រទេស​កូរ៉េខាង​ជើង​យូរយា​មក​ហើយដែលទៅបំពេញ​ទស្សនកិច្ច​ក្នុង​កូរ៉េខាង​ត្បូង​ចាប់តាំង​ពី​ការ​បញ្ចប់សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ​១៩៥០ដល់ឆ្នាំ១៩៥៣។

អ្នកស្រី​ជា​សមាជិកាជាន់ខ្ពស់ម្នាក់នៃ​គណបក្ស​ពលករ​កូរ៉េខាង​ជើង​គ្រប់គ្រង​ប្រទេស​និង​ជា​ទី​ប្រឹក្សា​សំខាន់ម្នាក់​របស់​បង​ប្រុស​អ្នកស្រី​ផងដែរ៕