ពួកអ្នកបោះឆ្នោតនៅរដ្ឋ North Carolina ដែលមានការប្រកួតប្រជែងខ្លាំងជារដ្ឋចុងក្រោយក្នុងសហរដ្ឋអាមេរិកដែលមានឱកាសបោះឆ្នោតដោយផ្ទាល់មុនពេលកំណត់នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ ខែវិច្ឆិកា។
រដ្ឋជាច្រើនបានឃើញការកើនឡើងនូវការបោះឆ្នោតមុនកំណត់ ដោយការព្រួយបារម្ភថានឹងមានមនុស្សទៅបោះឆ្នោតច្រើនពេកនៅថ្ងៃទី៣វិច្ឆិកា នៅពេលដែលមានការរាតត្បាតនៃជំងឺ។ រឿងនេះជំរុញឲ្យពួកអ្នកបោះឆ្នោតស្វះស្វែងរកមធ្យោបាយដើម្បីបោះឆ្នោតនៅថ្ងៃដែលមិនសូវមមាញឹកឬបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ។
បើតាមគម្រោងបោះឆ្នោតសហរដ្ឋអាមេរិក ដែលតាមដានទិន្នន័យបោះឆ្នោតរដ្ឋថា មនុស្សជាង១៦លាននាក់នៅក្នុងសហរដ្ឋអាមេរិកបានបោះឆ្នោតរួចស្រេចហើយ មកទល់យប់ថ្ងៃពុធ។
ចំនួននេះរួមទាំងមនុស្ស៥សែននាក់នៅក្នុងរដ្ឋ North Carolina ដែលស្មើ១០ភាគរយនៃចំនួនអ្នកចេញបោះឆ្នោតទាំងអស់ក្នុងរដ្ឋនេះកាលពីឆ្នាំ២០១៦ ។
រដ្ឋនិមួយៗមានវិន័យខុសគ្នាក្នុងការបោះឆ្នោតមុនថ្ងៃកំណត់នេះ។ ក្នុងរដ្ឋ North Carolina សន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ទាំងអស់ចាំបាច់ត្រូវមានហត្ថលេខារបស់សាក្សីម្នាក់ បញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់សន្លឹកឆ្នោត។
ចៅក្រមតុលាការសហព័ន្ធមួយ បានសម្រេចថាបើសិនជាសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ គ្មានហត្ថលេខារបស់សាក្សីនោះ អ្នកបោះឆ្នោតនោះមិនអាចដោះស្រាយដោយផ្ញើលិខិតបញ្ជាក់អត្តសញ្ញាណតាមក្រោយទេ ៕