Quebec ដែលជាខេត្តមានប្រជាពលរដ្ឋច្រើនជាងគេទី២នៃប្រទេសកាណាដា កំពុងរៀបចំផែនការបង្ខំមនុស្សពេញវ័យដែលមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបង់ប្រាក់«វិភាគទានផ្នែកសុខភាព»នៅក្នុងចំណាត់ការមួយដែលទំនងធ្វើឲ្យមានការជជែកដេញដោលអំពីសិទ្ធិបុគ្គល និងការទទួលខុសត្រូវក្នុងសង្គម។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អភិបាលខេត្ត Quebec លោក Francois Legault បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃអង្គារថា សំណើដែលមិនទាន់មានការសម្រេចរួចរាល់នៅឡើយនោះ នឹងមិនអនុវត្តចំពោះអ្នកដែលមិនអាចចាក់វ៉ាក់សាំងបានដោយហេតុផលវេជ្ជសាស្ត្រនោះទេ។
លោក Legault បាននិយាយថា មនុស្សដែលមិនចាក់វ៉ាក់សាំង ធ្វើឲ្យមានបន្ទុកហិរញ្ញវត្ថុលើអ្នកផ្សេងទៀត ហើយក្រសួងហិរញ្ញវត្ថុខេត្ត កំពុងកំណត់ពីចំនួនទឹកប្រាក់ដែលពួកអ្នកមិនបានចាក់វ៉ាក់សាំង នឹងតម្រូវឲ្យបង់។ លោកបានបន្ថែមទៀតថា ចំនួនទឹកប្រាក់ដែលត្រូវបង់ នឹងមិនតិចជាង១០០ដុល្លារកាណាដាទេ។
រដ្ឋាភិបាលផ្សេងៗនៅជុំវិញពិភពលោក បានដាក់ការរឹតត្បិតលើការធ្វើដំណើររបស់អ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយរដ្ឋាភិបាលនៃប្រទេសមួយចំនួនតូច បានផាកពិន័យលើមនុស្សចាស់។ ក៏ប៉ុន្តែ ការយកពន្ធលើមនុស្សពេញវ័យទាំងអស់ដែលមិនបានចាក់វ៉ាក់សាំង អាចជាចំណាត់ការកម្រមានមួយ ហើយប្រកបដោយរឿងចម្រូងចម្រាស៕