អ្នកជំនាញជាតិនិងអន្តរជាតិផ្នែកកិច្ចការអាស៊ានបង្ហាញជំនឿថា កិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នៅខែមីនាខាងមុខ នឹងមិនអាចមានព្រឹត្តិការណ៍ណាមួយបណ្តាលឲ្យជាប់គាំងកិច្ចប្រជុំនេះ ដូចការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះទេ។
ការបង្ហាញពីសុទិដ្ឋិនិយមរបស់អ្នកជំនាញកិច្ចការអាស៊ាននេះកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធ បានព្រមានថា នឹងធ្វើឲ្យជាប់គាំងការប្រជុំអាស៊ាន-អូស្រ្តាលី ក្នុងខែមីនាខាងមុខ ប្រសិនបើរដ្ឋាភិបាលអូស្រ្តាលីគាបសង្កត់ ឬលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់និងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានមួយក្នុងប្រទេសសិង្ហបុរី ប្រាប់ VOA តាមទូរស័ព្ទថា កិច្ចប្រជុំអាស៊ានតែងធ្វើឡើងជាពហុភាគីដើម្បីចេញជាសេចក្តីថ្លែងការណ៍រួមសម្រេចអំពីកិច្ចពិភាក្សាណាមួយ។ លោកបន្ថែមថា កម្ពុជាអាចវេតូសេចក្តីសម្រេចណាមួយ ដែលអាចបណ្តាលឲ្យមានការជាប់គាំងកិច្ចប្រជុំនោះ ប៉ុន្តែលោកថា រដ្ឋាភិបាលអូស្រ្តាលីតែងធ្វើការងារដោយភាពប្រុងប្រយ័ត្ន ដូច្នេះករណីនេះនឹងមិនអាចកើតមាននោះទេ។
លោកមានប្រសាសន៍ថា៖
«បើកម្ពុជាវេតូ ឬក៏ block (រារាំង) សេចក្តីថ្លែងការណ៍រួមណាមួយ ប៉ះពាល់ខ្លាំងជាងគេគឺប៉ះពាល់ទាំងអាស៊ាន ទាំងអូស្រ្តាលី។ ហើយមុខមាត់របស់កម្ពុជាយើងនឹងប៉ះពាល់ច្រើនដែរ ព្រោះយើងនឹងជាប្រទេសដែល block join statement [រារាំងសេចក្តីថ្លែងការណ៍រួម] ហ្នឹង។ និយាយឲ្យចំ អត់មានអ្នកណាចំណេញទេ នៅក្នុងកិច្ចពិភាក្សាចរចា។ ហើយខ្ញុំគិតថា អូស្រ្តាលីប្រយ័ត្ន ហើយប្រហែលជាមិនធ្វើអ្វីពីពេលហ្នឹងរហូតដល់កិច្ចប្រជុំហ្នឹងទេ»។
ស្រដៀងគ្នានេះដែរ លោក Carlyle Thayer អ្នកវិភាគសន្តិសុខតំបន់អាស៊ីអាគ្នេយ៍ មកពីសាកលវិទ្យាល័យ Defense Force Academy នៅក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលនៅថ្ងៃព្រហស្បតិ៍ ថា ការព្រមានរបស់លោក ហ៊ុន សែន គឺគ្រាន់តែចង់បង្ហាញពីឥទ្ធិពលរបស់លោកក្នុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី ប្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកថា ការព្រមានរបស់លោក ហ៊ុន សែននឹងមិនកើតមាននោះទេ ដោយសារ រដ្ឋាភិបាលអូស្រ្តាលីមានប្រធានបទសំខាន់ៗជាច្រើនដែលត្រូវជជែកជាមួយអាស៊ាន ជាជាងការលើកឡើងពីប្រតិកម្មពាក់ព័ន្ធនឹងស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោកបន្ថែមក្នុងសម្រង់ន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ប្រសិនបើប្រទេសអូស្រ្តាលី ឬប្រទេសដទៃទៀតព្យាយាមសំដៅទៅលើនយោបាយរបស់កម្ពុជា នោះវាគឺជាកិច្ចខិតខំប្រឹងប្រែងដែលមិនមានភាពវៃឆ្លាត ហើយនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរ។ វានឹងក្លាយជាការបរាជ័យខាងការទូតសម្រាប់ប្រទេសណាដែលព្យាយាមរិះគន់លោក ហ៊ុន សែន។ សមាជិកអាស៊ានដទៃទៀតនឹងត្រូវខកចិត្ត ព្រោះវានឹងរាំងស្ទះដល់ការរីកចម្រើនលើទំនាក់ទំនងអាស៊ាន-អូស្ត្រាលី នៅលើវិស័យមួយចំនួន។ វានឹងតំណាងឲ្យការបរាជ័យដ៏ចម្បងមួយសម្រាប់ប្រទេសអូស្ត្រាលី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ»។
ការព្រមានរបស់លោក ហ៊ុន សែនដែលថា នឹងធ្វើឲ្យមានការជាប់គាំងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលីនោះគឺជាការឆ្លើយតបទៅនឹងអ្នករិះគន់លោកមួយចំនួនដែលបាននិយាយថា អូស្រ្តាលីនឹងគាបលោក ហ៊ុន សែន ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
កិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នាខែមីនាខាងមុខនេះ នឹងធ្វើឡើងក្នុងប្រទេសអូស្រ្តាលី ដោយមានប្រទេសសិង្ហបុរីជាប្រធាននៃការពិភាក្សាពាក់ព័ន្ធនឹងការងារផ្សេងៗរបស់ប្រជាជាតិអាស៊ាន និងអូស្ត្រាលី។ កិច្ចប្រជុំនោះក៏នឹងពង្រឹងការរួមចំណែករួមគ្នារបស់អូស្រ្តាលី និងអាស៊ាន ចំពោះសន្តិសុខ និងវិបុលភាពក្នុងតំបន់ រួមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខជាដើម។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីស្ថានទូតអូស្រ្តាលី និងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា តែរហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ មិនទាន់មានការឆ្លើយតបពីស្ថានទូតទាំងពីរនៅឡើយ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីមកពីរោងចក្រចំនួន១៥ក្នុងតំបន់ទឹកថ្លា រាជធានីភ្នំពេញ លោក ហ៊ុន សែន បញ្ជាក់ថា៖
«ខ្ញុំសូមផ្ដាំទៅ! ស្គាល់ពីអាស៊ានឲ្យច្បាស់បន្តិច! អាស៊ានបើអត់ ហ៊ុន សែន អត់មានន័យថា អាស៊ានទេ។ ហ៊ុន សែន អាចជំទាស់កុំឲ្យចេញសេចក្ដីថ្លែងការណ៍ណាមួយរួច រវាងអាស៊ាន និងអូស្ត្រាលី។ សាកល្បងលមើលទៅ! មិនមែនត្រឹមតែអូស្ត្រាលីមិនអាចគាបសង្កត់កម្ពុជាទេ។ ហ៊ានលមើល! កម្ពុជាសូមដាក់បញ្ហាទុកជាមុន បើសិនជាអ្នកឯងហ៊ានផ្ដេសផ្ដាស។ កម្ពុជាតែម្នាក់អាចនឹងធ្វើឲ្យគាំងទាំងអស់នៃការចេញសេចក្ដីថ្លែងការណ៍ ព្រោះរបៀបរបបការងាររបស់អាស៊ាន វាត្រូវតែមានកុងសង់ស៊ីស»។
កាលពីពេលថ្មីៗនេះ លោក ហុង លីម សមាជិកសភារដ្ឋវិចតូរីយ៉ាក្នុងប្រទេសអូស្ត្រាលី បានស្នើរដ្ឋាភិបាលអូស្រ្តាលីឲ្យដើរតាមការសម្រេចរបស់អាមេរិក និងសហគមន៍អឺរ៉ុបក្នុងការដាក់ទណ្ឌកម្មទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជាមួយចំនួនដែលពាក់ព័ន្ធនឹងការធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។
បន្តិចមុនការស្នើរបស់លោក ហុង លីម គេឃើញសមាជិកសភាអូស្រ្តាលីមួយរូប គឺលោក Mark Butler ប្រកាសថា អូស្ត្រាលីមានកាតព្វកិច្ចដ៏សំខាន់មួយដើម្បីចាត់វិធានការការពារលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីរបស់ប្រទេសកម្ពុជា។ លោកថា សកម្មភាពចុងក្រោយថ្មីៗនេះគឺជាការបំពានមួយដែលមិនអាចប្រកែកបានពីរបបដឹកនាំនៅកម្ពុជា និងថា អូស្រ្តាលីត្រូវតែមានការឆ្លើយតបផ្នែកការទូតក្នុងកម្រិតខ្ពស់បំផុតមួយ។
សហគមន៍ខ្មែរនៅប្រទេសអូស្រ្តាលីក៏បានប្រកាសពីគម្រោងធ្វើបាតុកម្មប្រឆាំងនឹងដំណើរចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ នេះដែរ។
ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីកាលពីថ្ងៃពុធ លោក ហ៊ុន សែន ក៏បានព្រមានដល់អ្នកដែលមានផែនការធ្វើបាតុកម្មប្រឆាំងលោកនៅប្រទេសអូស្ត្រាលីនាពេលខាងមុខ។ លោកនិយាយថា លោកនឹងតាមវ៉ៃដល់ផ្ទះ ប្រសិនបើអ្នកទាំងនោះហ៊ានដុតរូប ឬដុតទីងមោងរូបលោក ពេលពួកគេធ្វើបាតុកម្ម។ លោកបញ្ជាក់ថា ប្រជាជនកម្ពុជាមានអបិយជំនឿ មិនឲ្យមានការដុតរូប ឬទីងមោងនោះទេ។
លោកនាយករដ្ឋមន្ត្រីថ្លែងព្រមានដោយសម្តីធ្ងន់ៗថា៖
«បើហ៊ានតែធ្វើរូប ហើយដុតរូប ច្បាស់ជាមានរឿងហើយ! ហើយខ្ញុំប្តូរផ្តាច់ពេលហ្នឹង! បើហ៊ានតែធ្វើរូបអាអី ទីងមោង រូបខ្ញុំយកទៅដុត អញតាមវ៉ៃដល់ផ្ទះហ្អែង! ប្រាប់ឲ្យហើយ! បើអ្នកឯងមានសិទ្ធិដុតគេ គេមានសិទ្ធិវាយអ្នកឯង មានទាស់ខុសអី អាហ្នឹង! សិទ្ធិទៅសិទ្ធិមក! អ្នកឯងប្រើហិង្សាលើរូបកាយគេហើយ អ្នកឯងចាត់ទុកថា អាហ្នឹងរូប ហ៊ុន សែន ហើយយកទៅដុត។ តាមដល់ផ្ទះ អត់ទេ ក្របួចយកតែម្តង»។
លោក ហុង លីម សមាជិកសភារដ្ឋវិចតូរីយ៉ា ក្នុងប្រទេសអូស្ត្រាលីដើមកំណើតខ្មែរ ដែលនឹងចូលរួមបាតុកម្មនាពេលខាងមុខដែរនោះ ប្រាប់ VOA ថា បាតុកម្មនោះនឹងមានពលរដ្ឋអូស្រ្តាលីដើមកំណើតខ្មែរជាច្រើនចូលរួម ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហ៊ុន សែន។ លោក ហុង លីមដែលមានដើមកំណើតខ្មែរ បានបន្ថែមថា លោកបានប្តឹងទៅស្ថាប័នពាក់ព័ន្ធផ្សេងៗនៅអូស្រ្តាលី ដើម្បីឃ្លាំមើល និងការពារអ្នកដែលចូលរួមធ្វើបាតុកម្មនៅពេលនោះ បន្ទាប់ពីមានការព្រមានរបស់លោក ហ៊ុន សែន។
សមាជិកសភារដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី ដែលត្រូវបានរដ្ឋាភិបាលខ្មែរប្រកាសមិនស្វាគមន៍ឲ្យចូលស្រុកកំណើតកាលពីឆ្នាំមុន បានបញ្ជាក់ថា៖
«គម្រោងការឥឡូវហ្នឹងគឺរដ្ឋមន្រ្តីទាំងអស់គេដឹងអស់ហើយ។ យើងបានប្តឹងហើយ ហើយខាងប៉ូលិសហ្នឹងក៏យើងប្តឹងហើយ។ គេនឹងឆ្លើយតបមកយើងវិញ ថា គេនឹងធ្វើយ៉ាងម៉េចៗ ព្រោះរឿងនេះមិនមែនជារឿងតូចតាចទេគឺថា ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយជាជនបរទេស ហើយមកគំរាមគំហែងជនជាតិរបស់គេ នៅក្នុងស្រុកគេ ទីមួយកាលណាមានពាក្យសម្តីគំរាមកំហែងហ្នឹង គេចាត់ទុកថា ជាឧក្រិដ្ឋកម្មហើយ កុំរហូតដល់ថា នឹងទៅវ៉ៃគេដល់ផ្ទះហ្នឹង រឹតតែជាឧក្រិដ្ឋកម្ម»។
ចំណែកអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយតាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានប្រាប់ VOA ថា ការព្រមានរបស់លោក ហ៊ុន សែន គឺជាយុទ្ធវិធីក្នុងការប្រយុទ្ធជាមួយគូប្រកួតប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា អ្នកស្រីនឹងទៅចូលរួមបាតុកម្មនោះជាមួយសហគមន៍ខ្មែរ តាមបែបអហិង្សា។
អ្នកស្រីបញ្ជាក់ថា៖
«ការគំរាមកំហែងពីប្រសាសន៍របស់លោក ហ៊ុន សែន ជាយុទ្ធវិធីក្នុងការប្រយុទ្ធជាមួយគូប្រកួត។ នេះគឺជាអ្វីដែលយើងដឹងទាំងអស់ហើយ។ ដូច្នេះយើងជាអ្នកប្រជាធិបតេយ្យ យើងអត់មានព្រួយបារម្ភនឹងការគំរាមកំហែងហ្នឹងទេ។ គោលការណ៍ប្រជាធិបតេយ្យគឺយើងបញ្ចេញមតិ នៅគ្រប់រូបភាព ដោយអហិង្សា និងសន្តិវិធី»។
កម្តៅនយោបាយកម្ពុជាចាប់ផ្តើមកើនតាំងពីក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣មក។ រហូតមកដល់ពេលនេះ មន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស យ៉ាងហោចណាស់ជាង២០នាក់ កំពុងត្រូវបានឃុំខ្លួន និងចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា រីឯលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវនិរទេសខ្លួនទៅរស់នៅប្រទេស ក្រោយរងការចោទប្រកាន់ និងកាត់ទោសពីបទល្មើសជាច្រើនករណី។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមួយរូបទៀត ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ កាលពីដើមខែកញ្ញាកន្លងទៅ ដោយរងការចោទថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។ ក្រោយការចាប់ខ្លួនលោក កឹម សុខា តែប៉ុន្មានខែ តុលាការកំពូលក៏បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទពីបទល្មើសដូចគ្នាទៅនឹងលោកកឹម សុខា ព្រមទាំងហាមមន្រ្តី និងតំណាងរាស្ត្រគណបក្សនេះចំនួន១១៨រូប មិនឲ្យធ្វើនយោបាយ ដែលម្នាក់ៗចំនួន៥ឆ្នាំ។
ក្រោយពេលហេតុការណ៍ទាំងនោះកើតឡើង ពិសេសគឺការរំលាយគណបក្សសង្គ្រោះជាតិដែលទទួលបានការគាំទ្រពីពលរដ្ឋខ្មែរជាង៤០ភាគរយនាពេលបោះឆ្នោតកន្លងទៅ គេឃើញអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញការបារម្ភអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយថា ការណ៍នេះនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ៕