ប្រទេសកូរ៉េខាងជើងទំនងជាមិនត្រៀមបង្កហេតុទ្រង់ទ្រាយធំណាមួយនោះទេ នៅពេលចាប់ផ្ដើមរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកក្រោមការគ្រប់គ្រង់របស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden។ នេះបើយោងតាមការបញ្ជាក់របស់ឧត្តមសេនីយ៍កំពូលមួយរូបរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ ការលើកឡើងដូចនេះបានធ្វើឡើង ស្របពេលដែលមានការព្រួយបារម្ភថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចនឹងធ្វើការសាកល្បងម៉ីស៊ីលឬអាវុធផ្សេងៗក្នុងពេលឆាប់ៗខាងមុខនេះ។
លោកឧត្តមសេនីយ៍ Robert Abrams មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំឧបទ្វីបកូរ៉េ បានថ្លែងនៅក្នុងវេទិកាអនឡាញមួយនៅថ្ងៃអង្គារនេះថា៖ «យើងមិនឃើញមានសញ្ញាណាមួយបង្ហាញថា នឹងមានការបង្កហេតុទ្រង់ទ្រាយធំ [ពីប្រទេសកូរ៉េខាងជើង] ឡើយ ប៉ុន្តែនេះជាស្ថានភាពថ្ងៃនេះ។ ជាក់ស្ដែង ស្ថានភាពនេះអាចប្រែប្រួលនៅសប្ដាហ៍ក្រោយ»។
ប្រទេសកូរ៉េខាងជើងតែងតែកំណត់ពេលសាកល្បងគ្រាប់ផ្លោងមីស៊ីល អាវុធនុយក្លេអ៊ែរ ឬអាវុធផ្សេងៗ នៅក្នុងអំឡុងពេលមានការផ្ទេរតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ ការសាកល្បងនេះគឺជាកិច្ចប្រឹងប្រែងដើម្បីបង្ហាញអំពីសមត្ថភាពយោធារបស់ខ្លួន និងដើម្បីអាចមានប្រៀបនៅក្នុងការចរចានៅពេលអនាគតណាមួយជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ប៉ុន្តែកន្លងមក ប្រទេសកូរ៉េខាងជើងបានរក្សាភាពស្ងប់ស្ងាត់ ចាប់តំាងពីលោក Biden ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកមក។ ផ្ទុយទៅវិញ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានផ្ដោតទៅលើសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានញាំញីដោយការបិទព្រំដែនដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ទណ្ឌកម្មអន្តរជាតិ និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងពេលថ្មីៗនេះ៕