តើលោក Kim Jong Un ស្ថិតនៅទីណា? ការនិយាយស្មានអំពីបញ្ហាសុខភាពនិងស្ថានភាពនយោបាយរបស់លោក Kim បានរីកកាន់តែធំឡើងនៅថ្ងៃសុក្រនេះ នៅពេលដែលមេដឹកនាំកូរ៉េខាងជើងរូបនេះមិនបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងបុណ្យខួបដ៏សំខាន់មួយរបស់ប្រទេសកុម្មុយនិស្តដ៏សម្ងាត់មួយនេះ។
លោក Kim វ័យ ៣១ ឆ្នាំមិនបានបង្ហាញខ្លួនជាសាធារណៈតាំងពីការប្រគុំតូរ្យតន្ត្រីមួយកាលពីថ្ងៃទី ៣ខែកញ្ញា ដែលជំរុញឲ្យមានការគិតស្មានថាលោកមានបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ឬក៏ត្រូវទុកចោលមួយកន្លែងដោយសាររដ្ឋប្រហារមួយ។
បណ្តាញព័ត៌មានរដ្ឋដែលធម្មតាផ្តល់របាយការណ៍អំពីសកម្មភាពប្រចាំថ្ងៃរបស់លោក Kim មិនបាននិយាយច្រើនទេ ដោយគ្រាន់តែនិយាយខ្លីថា លោកមាន«ភាពមិនស្រួលក្នុងខ្លួន»តែប៉ុណ្ណោះ។
នៅថ្ងៃសុក្រនេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូង បានទទូចថា លោក Kim ហាក់ដូចជា «នៅដឹកនាំប្រទេសដូចប្រក្រតី» ហើយអ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងថ្លែងថា ក្រុងសេអ៊ូលមិនមានព័ត៌មានអ្វីដែលអាចបញ្ជាក់អំពីសុខភាពរបស់លោក Kim បានទេ៕