ភ្នំពេញ —
ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅមិនទាន់កំណត់ពេលវេលាជួបចរចាគ្នាជាថ្មីទេ ក្រោយពីបរាជ័យជាលើកទី២នៅក្នុងការចរចាកាលពីសប្តាហ៍មុន។ ហើយភ្លាមៗនោះ គណបក្សសង្គ្រោះជាតិស្នើឲ្យមានជំនួបកំពូលនៃគណបក្សគូជម្លោះទាំងពីរ។
គណៈកម្មការចម្រុះរវាងគណបក្សជាប់ឆ្នោតទាំងពីរបានបរាជ័យសារជាថ្មីក្នុងការចរចាកាលពីថ្ងៃច័ន្ទទី២៤ ខែមិនាដើម្បីធ្វើកំណែទម្រង់ស្ថាប័នបោះឆ្នោតដែលទទួលរងការចោទប្រកាន់ពីលម្អៀងទៅរកគណបក្សកាន់អំណាច។
លោកឈាង វុន តំណាងរាស្ដ្រនិងជាសមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា នៅមិនទាន់មានការសម្រេចភ្ជាប់ការចរចាគ្នាឡើងវិញនៅឡើយទេ។
«អ្នកដែលផ្តាច់(ការចរចា)ហ្នឹងគេអត់ភ្ជាប់មកវិញ មិនដឹងធ្វើម៉េចដែរ»។
ភ្លាមៗក្រោយពីការចរចាមិនបានលទ្ធផល គណបក្សជំទាស់បានប្រកាសជាឯកតោភាគីផ្អាកការប្រជុំរបស់គណៈកម្មការចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនេះស្នើឱ្យមានជំនួបកំពូលរវាងគណបក្សទាំងពីរដើម្បីធ្វើសេចក្តីសម្រេចជាគោលការណ៍អំពីរបៀបនៃការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត និងកាលបរិច្ឆេទនៃការបោះឆ្នោតឡើងវិញ។
លោកសុន ឆ័យ តំណាងរាស្ដ្រ និងជាប្រធានក្រុមចរចាខាងគណបក្សសង្គ្រោះជាតិបានឆ្លើយយ៉ាងប្រយ័ត្នប្រយ៉ែងថា លោកមិនទាន់ដឹងអំពីគម្រោងការចរចាគ្នាឡើងវិញនោះទេ ហើយកិច្ចការបន្តលោកបង្វែរសំណួរទៅកាន់ថ្នាក់ដឹកនាំរបស់គណបក្ស។
«មិនទាន់ដឹងដែរ បាទ»។
គណបក្សសង្គ្រោះជាតិបានទាមទារឲ្យដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យទៅជាស្ថាប័នធម្មនុញ្ញនិងសមាជិកនៃស្ថាប័ននេះត្រូវតែជ្រើសតាំងដោយការយល់ព្រមដោយសមាជិកសភាចំនួនពីរភាគបី។ ប៉ុន្តែសំណើនេះបានធ្វើឲ្យការចរចាជាប់គាំងនិងការជាប់គាំងបន្តទៀត ក្រោយពីគណបក្សសង្គ្រោះជាតិស្នើឲ្យមានការបោះឆ្នោតឡើងវិញ ហើយគណបក្សប្រជាជនកម្ពុជាយល់ថា សំណើនេះត្រូវដាក់ឲ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ គណបក្សសង្គ្រោះជាតិបានបើកសមាជមហាជនជាលើកទី២របស់ខ្លួន ហើយបានសម្រេចបន្តដាក់លក្ខខណ្ឌថា នឹងបន្តទាមទារឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតដោយឯករាជ្យ ឬត្រូវកំណត់ការបោះឆ្នោតឡើងវិញ។
ហើយប្រសិនបើមានការបោះឆ្នោតឡើងវិញមែននោះ គណបក្សសង្គ្រោះជាតិស្នើឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយគ.ជ.ប. ត្រូវតែឯករាជ្យ។ ក៏ប៉ុន្តែបើសិនជាមិនមានការស៊ើបអង្កេតភាពមិនប្រក្រតីនេះ ឬបើគ្មានការបោះឆ្នោតឡើងវិញ រួមទាំងគ្មានការកែទម្រង់គ.ជ.ប.ទេ នោះគណបក្សសង្គ្រោះជាតិនឹងមិនចូលប្រជុំសភាឡើយ។
ជាមួយគ្នានោះ គណបក្សជំទាស់បានដាក់ផែនការធ្វើបាតុកម្មទ្រង់ទ្រាយធំឡើងវិញក្រោយពីមានការបង្រ្កាបយ៉ាងហិង្សាដោយរដ្ឋាភិបាលកាលពីខែមករា។
លោកឈាង វុន តំណាងរាស្ដ្រខាងគណបក្សប្រជាជនកម្ពុជាមិនធ្វើអត្ថាធិប្បាយលើចំណុចទាំងនេះទេ៕