រដ្ឋាភិបាល​កម្ពុជា៖​ មិន​មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​នៅ​វូហាន​ទេ

សិស្សានុសិស្សកំពុងតម្រង់ជួរលាងដៃ ដើម្បីការពារការឆ្លងមេរោគកូរ៉ូណាថ្មី មុននឹងពួកគេចូលថ្នាក់រៀននាព្រឹក នៅវិទ្យាល័យមួយកន្លែង ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋាភិបាល​ចិន​ អាច​ការពារ​ពលរដ្ឋ​ខ្មែរ​ ដែល​ជាប់​នៅ​ក្រុង​វូហាន​ (Wuhan) បាន ហើយថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​គម្រោង​ជម្លៀស​អ្នក​ទាំង​នោះ​មក​កម្ពុជា​នោះ​ទេ ​ខណៈ​ប្រទេស​ជា​ច្រើន​កំពុង​ស្វះស្វែង​ជម្លៀស​ប្រជាជន​របស់​ពួក​គេ​មក​ប្រទេស​ខ្លួន​វិញ។

មេរោគ​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ប្រភព​ពី​ផ្សារ​លក់​សត្វព្រៃ​មួយ​ក្នុង​ទី​ក្រុង​វូហាន (Wuhan) ​នៃ​ប្រទេស​ចិន។

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​មេរោគ​រលាក​សួត​ថ្មី​នេះ​ រដ្ឋាភិបាល​ចិន​បាន​បិទ​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ចេញចូល ឬ​ឆ្លងកាត់​ទី​ក្រុង​នេះ ​កាល​ពី​សប្តាហ៍​មុន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​ដែលបង្ក​ឲ្យ​ប្រជាជន​ចិន​យ៉ាង​ហោច​ណាស់​ ១០០​នាក់​ស្លាប់ ​និង​មនុស្ស​ជាង​ ៤.៥០០​នាក់ ភាគ​ច្រើន​ជាជន​ជាតិ​ចិន បាន​ឆ្លង​មេរោគ​នេះ។

លោក​ កុយ​ គួង​ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ប្រាប់​ VOA​ ថា៖​ «ទី​១​នីតិវិធី​នៅ​ខេត្ត​ហ្នឹង​ តាម​ខ្ញុំ​ដឹង​ គឺ​គេ​អត់​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​នោះ​ទេ»។

លោក​បន្ថែម​ថា​ ស្ថាន​ទូត​កម្ពុជា​នៅ​ទីនោះ ក៏​បាន​ទាក់ទង​ជា​ប្រចាំ​ទៅ​និស្សិត​ខ្មែរទាំង​២៣​រូប។ លោក​ថា អាជ្ញាធរ​ខ្មែរ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​ក្រុម​និស្សិត​ទាំង​នោះ ​នៅ​កន្លែង​មាន​សុវត្ថិភាព​ ​និង​មាន​ម្ហូប​អាហារ​ត្រឹមត្រូវ ​ក៏​ដូច​ជា​ចាត់​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពួកគេ ​ឆ្លង​មេរោគ​នេះ។

«ចំណុច​មួយទៀត​ គឺ​រដ្ឋាភិបាល​កម្ពុជា​គឺ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ចិន​ ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាទ»។

អ្នក​នាំ​ពាក្យ​ពាក្យ​រូប​នេះ​បន្ថែម​ថា​ អ្នក​ទាំង​នោះ​មាន​សុខភាព​ល្អ៖ «តាម​ការ​សាកសួរ​ទៅ​គឺ​គាត់​មាន​សុខភាព​ល្អ​ទេ​បាទ។ គឺ​អត់​អីទេ»។

ប្រទេស​ជប៉ុន​បាន​និយាយ​ថា​ ខ្លួន​នឹង​បញ្ជូន​ជើង​ហោះហើរ​ពិសេស​ដែល​រៀបចំ​ទុកដើម្បីជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ពីទីក្រុង​វូហាន​ នៅ​យប់​ថ្ងៃអង្គារ ​ខណៈ​ដែល​រដ្ឋាភិបាលអាមេរិក​ក៏​កំពុង​រៀបចំ​ជើង​ហោះ​ហើរ​ដូច​គ្នា​នេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ The Guarian របស់​ចក្រភព​អង់គ្លេស។​ ឯ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​បារាំង​ ក៏​មាន​បំណង​ជម្លៀស​ពលរដ្ឋ​ចេញ​នៅ​សប្តាហ៍​នេះ​ផង​ដែរ។

លោក​ លី សូវ៉ាន់​ អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ VOA ​ថា​ ក្រសួង​បាន​ពិនិត្យ​និង​តាមដាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចាកចេញ​ពី​វូហាន​ ​មក​លេង​កម្ពុជា​នា​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ដើម្បី​ឲ្យ​ប្រាកដ​ថា ​ពួកគេ​មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ទេ។

លោក​បញ្ជាក់​ថា៖ «យើង​បាន​ពិនិត្យ​កម្តៅ​និស្សិត​ដែល​គាត់​បាន​មក​ពី​តាម​ខេត្ត​នានា​របស់​ប្រទេស​ចិន​ហ្នឹង​ ហើយ​ក្នុង​នោះ​ក៏​មាន​វូហាន​ដែរ​ ប៉ុន្តែ​មក​ដល់ពេល​នេះ​យើង​ពុំ​ទាន់​រក​ឃើញ​ថា​គាត់​មាន​រោគសញ្ញា​អី​គួរឲ្យ​កត់​សម្គាល់​ទេ»។

លោក​បន្ថែម​ថា​ ប្រសិន​បើក្រុម​និស្សិត​ទាំង​នោះ អាច​មាន​រោគសញ្ញា​នៅ​ថ្ងៃ​បន្ទាប់ទៀត​ ពួកគេ​ត្រូវទាក់ទង​ទៅ​ក្រសួង​សុខាភិបាល​ដើម្បី​តាមដាន​សុខភាព​បន្ត។

មេរោគ​នេះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ រីក​រាលដាល​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ដូច​ជា​ប្រទេស​សិង្ហបុរី​ម៉ាឡេស៊ី ស្រីលង្កា​ នេប៉ាល់ ​អូស្ត្រាលី អាល្លឺម៉ង់ ថៃ វៀតណាម ​បារាំង​ កាណាដា ​និងប្រទេសកម្ពុជាផង​ដែរ៕