បក្ស​កាន់​អំណាច​អះអាង​ថា​បក្ស​ប្រឆាំង​បន្ថយ​ការ​ទាមទារ​ក្នុង​ការ​ចរចា​ចែក​អំណាច

លោក​នាយក​រដ្ឋ​មន្ត្រី​ស្តីទី​ ស ខេង​ បាន​បញ្ជាក់​ថា​ ការទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​នឹង​នៅ​តែ​ជាប់​គាំង​ដដែល​​មិន​អាច​រក​ច្រក​ចេញ​បាន​ទេ។​

ភ្នំពេញ៖ គណបក្ស​កាន់​អំណាច​បាន​អះអាង​ថា​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ចរចា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​គោល​បំណង​ដើម្បី​ស្វះ​ស្វែង​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង ​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក​ សម រង្ស៊ី​កាល​ពី​ថ្ងៃអាទិត្យ​មុនពេល​ដែល​លោក​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​សមាជ​មហា​ជន​បាន​ទូរស័ព្ទ​អំពី​ការ​ចរចា​បែង​ចែង​អំណាច​ក្នុង​ស្ថាប័ន​រដ្ឋសភា។​

លោក​ ស ខេង​បាន​បញ្ជាក់​ថា​លោក​សម រង្ស៊ី​បាន​ប្រាប់​ថា​គណបក្ស​សង្គ្រោះជាតិ​លែង​ត្រូវ​ការ​តំណែង​ប្រធាន​រដ្ឋ​សភា​ទៀត​ហើយ​គឺ​ចង់​បាន​តែ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​៦​ស្មើ​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ទាំង​១២​របស់​រដ្ឋសភា។​

លោក​ស ខេង​បាន​បន្ថែម​ថា៖ ​«​ថ្ងៃ​៦​ម៉ោង​២​និង​២០​នាទី​គាត់​មាន​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ​នៅក្នុង​យោបល់​របស់​គាត់​ហ្នឹង​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​មិន​បាន​ទាមទារ​ប្រធាន​រដ្ឋសភា​ទេ។​អញ្ចឹង​គាត់​ឈប់​ទាមទារ​ប្រធាន​រដ្ឋ​សភា​ហើយ។​ប៉ុន្តែ​គាត់​សុំ​ឱ្យ​ចែក​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​ជាពិសេស​គណៈ​អចិន្ត្រៃយ៍​ដែល​មាន​១២​នាក់​ហ្នឹង​៦​ស្មើ។​បាន​ន័យថា​CPP ៦​ CNRP ​៦»។

នៅ​ក្នុង​ការ​ចរចា​លើក​មុនៗគណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​កាន់​កាប់​មុខ​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​ អនុប្រធាន​មួយ​ក្នុង​ចំណោ​ម​អនុ​ប្រធាន​រដ្ឋសភា​ទាំង​ពីរនៃរដ្ឋសភា​និង​ទាមទារ​កាន់​កាប់​មុខ​តំណែង​មួយ​ចំនួន​ក្នុង​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​និង​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ដើម្បី​អ្វី​មួយ​ដែល​គណបក្ស​នេះ ​បាន​ចាត់​ទុក​ថា​ជា​តុល្យ​ភាព​នៃ​អំណាច។​

លោក​នាយក​រដ្ឋ​មន្ត្រី​ស្តីទី​ ស ខេង ​បាន​បញ្ជាក់​ថា ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​ជាប់​គាំង​ដដែលមិន​អាច​រក​ច្រក​ចេញ​បាន​ទេ។​

លោក​បាន​បន្ថែម​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​ជូន​ប្រធាន​ខ្លះ​នៃ​គណៈកម្មការ​ទាំង​៩​ទៅ​គណបក្ស​សង្គ្រោះជាតិ​ហើយ​ថ្នាក់​ដឹក​នាំ​រដ្ឋសភា​បី​រូប​គឺ​ជូន​អនុប្រធាន​សភា​ម្នាក់​ ចំណែក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​១២​រូប​គឺ​គណបក្ស​ប្រជាជន​៧​រូប​ចំណែក​ឯ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥​ រូប។​លោក​ស ខេង​បាន​បន្ថែម​ថា​បើ​គិត​ទាំង​ប្រធាន​គណៈកម្មការ​គឺ​មាន​២១​រូប។​ក្នុង​នោះ​គណបក្ស​ប្រជាជន​មាន​១១​រូប​ហើយ​គណបក្ស​សង្គ្រោះជាតិ​១០​រូប​ហើយ​ចំនួន​បែង​ចែក​គ្នា​នេះ​ប្រហាក់​ប្រហែល​គ្នា​ហើយ។​

លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិបាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ពីខេត្ត​កំពត​ថា​លោក​មិន​បាន​ដឹងអំពីជំនួប​តាម​ទូរស័ព្ទ​ចរចា​រវាង​លោក​ សម រង្ស៊ី​និង​លោក​ ស ខេង​ ទេ។​

លោក​បាន​បញ្ជាក់​ថា​ជំហរ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​នៅ​ដដែល​គ្មាន​អ្វី​ប្រែប្រួល​ទេ​គឺ​យើង​នៅ​ទាមទារ​ជា​ប្រធាន​រដ្ឋសភា​និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​មួយ​ចំនួន​នៅ​ដដែល។​

លោក​និយាយ​ថា៖​«​យើង​នៅ​រក្សា​ដដែល​អត់​មាន​អ្វី​ផ្លាស់​ប្តូរ​ទេ។​យើង​នៅ​ទាម​ទារ​ប្រធាន​សភា​ហើយ​គ្រប់​គ្រង​គណៈកម្មការ​ឱ្យ​មាន​តុល្យភាព​អំណាច​នៅ​ក្នុង​សភា។​និយាយ​ទៅ​នៅ​ក្នុង​អចិន្ត្រៃយ៍​ហ្នឹង​៦​ស្មើ​ប៉ុន្តែ​ប្រធាន​នៅ​ខាង​សង្គ្រោះជាតិ»។​

ក្នុង​ពេល​ដែល​ការ​ចរចា​ដើម្បី​ទាមទារ​ឱ្យ​មាន​តុល្យភាព​អំណាច​នៅ​ក្នុងស្ថាប័នរដ្ឋសភា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ទាន់​បាន​ដោះ​ស្រាយផង​រដ្ឋសភា​គ្រោង​នឹង​បើក​សម័យ​ប្រជុំ​លើកទី​មួយ​ដើម្បី​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា។

ចំណែក​លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​កុំ​ឱ្យ​ទទួល​ស្គាល់រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែលលោក​បាន​ចោទ​ប្រកាន់​ថា​បាន​ឡើង​កាន់​កាប់​ដោយ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ៕