អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​​​​មិន​​ដាក់​ទោស​ជន​ពុករលួយ​យក​លុយ​មូលនិធិ​សាកល

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ លោក​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ បាន​ប្រកាស​ថា​ លោក​នឹង​មិន​តាម​ស៊ើប​អង្កេត​ដាក់​បន្ទុក​លើ​មន្ត្រី​ទាំង​នេះ​ទេ​ មូល​ហេតុ​ដោយសារ​ខ្វះ​ភស្តុតាង​គ្រប់គ្រាន់។​

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​ផ្តន្ទា​ទោស​ដល់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ដែលបាន​កិប​កេង​ប្រាក់​ជំនួយ​របស់មូលនិធិ​សាកល​ (Global Fund)​ ជិត​៥០​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ទេ។​ ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​បក​ស្រាយ​ជា​អវិជ្ជមានលើ​គោល​ដៅ​កម្ចាត់​អំពើ​ពុករលួយ​និង​ការ​កែ​ទម្រង់​របស់​រដ្ឋា​ភិបាល​កម្ពុជា។​

អង្គការ ​Global Fund ​បាន​រក​ឃើញ​ថា​ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្ដ្រ ​និង​បាណក​សាស្ដ្រ​ បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​លើ​ប្រាក់​ជំនួយ​របស់​អង្គការ​នេះ​ចន្លោះ​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១២​ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ជិត​៥០​ម៉ឺន​ដុល្លារ​អាមេរិក។​

អង្គការ​ដដែល​បាន​និយាយ​ចំៗ​ថា​ លោក​ឌួង សុជាតិ ​អតីត​ប្រធាន​មជ្ឈមណ្ឌល​នេះ​និង​សហការី​ម្នាក់​បាន​ទទួល​ប្រាក់សំណូក​ជា​កម្រៃ​ជើងសារ​ ឬ​ Commission​ ពីក្រុម​ហ៊ុន​បរទេស​ចំនួន​ពីរ​គឺក្រុមហ៊ុនVestergaard Frandsen​ ដែល​ផ្គត់ផ្គង់​មុង​ ហើយ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​ស្វីស ​និង​ក្រុមហ៊ុន​ Sumitomo Chemical Singapore​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី។ ប្រាក់​កម្រៃ​ជើង​សារ​នេះ​ជា​ថ្នូរ​នឹង​ការ​ធ្វើ​កិច្ចសន្យា​ផ្គត់​ផ្គង់មុង​ ដែល​ក្រុមហ៊ុន​នេះធ្វើ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា។​

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ លោក​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ បាន​ប្រកាស​ថា​ លោក​នឹង​មិន​តាម​ស៊ើប​អង្កេត​ដាក់​បន្ទុក​លើ​មន្ត្រី​ទាំង​នេះ​ទេ​ មូល​ហេតុ​ដោយសារ​ខ្វះ​ភស្តុតាង​គ្រប់គ្រាន់។​ ​ហើយ​មន្ត្រី​ទាំង​នោះគ្រាន់​តែ​ត្រូវ​សង​លុយ​នោះ​ត្រឡប់​ទៅ​ម្ចាស់​ជំនួយ​វិញ​តែ​ប៉ុណ្ណោះ។​

ទោះជា​យ៉ាង​នេះ​ក្តី អង្គការ​ ​Global Fund ​ធ្លាប់​បាន​បង្ហាញ​ភស្តុតាង​ស្តីពីទំនាក់​ទំនង​តាម​អ៊ីម៉ែល​រវាង​មន្ត្រី​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​នោះជាមួយ​នឹង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​មុង។​

លោក​ពេជ្រ ពិសី ​នាយក​កម្មវិធី​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​ (Transparency International Cambodia) ​មាន​ប្រសាសន៍ថា ​ការ​សម្រេច​ចិត្ត​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​មិន​ស្នើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​ដែល​គេ​ជឿ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​គឺ​ជា​ការ​បន្ត​វប្បធម៌នៃ​ការ​មិន​ដាក់​ទោស​លើ​មន្ត្រី​មាន​កំហុស។​

«នេះ​បង្ហាញ​ពី​វប្បធម៌​នៃ​ការ​លើក​លែង​ទោស ​វប្បធម៌​នៃ​និទណ្ឌភាព​ក្នុង​វិស័យ​នៃ​អំពើ​ពុក​រលួយ​ ពី​ព្រោះ​បើ​យើង​ពិនិត្យ​មើល​របាយ​ការណ៍​ជាក់​ស្តែង​របស់​ Global Fundគឺ​គេ​មាន​ភស្តុតាង​ច្រើន​គួរ​សម​ដែរ ​នៅ​ក្នុង​ការ​ដាក់​បន្ទុក​មន្ត្រីពាក់​ព័ន្ធ»។​ឮ

អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជាត្រូវ​គេ​ឃើញ​ថា​ បាន​រីករាល​ដាល​ជា​ពិសេស​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋា​ភិបាល​ចាប់​តាំង​ពី​លើ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ ​និង​ថា្នក់​មូលដ្ឋាន។​

កាល​ពី​សប្តាហ៍​មុន​ អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ បាន​លាត​ត្រដាង​ថាប្រទេសកម្ពុជាបាត់បង់​ថវិកា​ជាតិ​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​អំពើ​ពុក​រលួយ។​ ហើយ​ទឹក​ប្រាក់​ធ្លុះ​ធ្លាយ​នេះ​មាន​ទំហំ​ស្មើ​នឹង​១០​ភាគ​រយ​នៃ​ផលិតផល​ដុល​សរុប ​(GDP)​ របស់​ប្រទេស​ដ៏ក្រីក្រ​នេះ។​

ដោយ​ឡែក​ អង្គការ​តម្លាភាព​អន្តរជាតិ ​(Transparency International) ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ​កម្ពុជា​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​សមាគម​អាស៊ាន​ ​ហើយ​កម្ពុជា​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ទី​១៦០​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​សិក្សា​ចំនួន​១៧៧។

លោក​ពេជ្រ ​ពិសី​យល់​ថា​ ​ការ​មិន​ចាត់​ការខាង​លើ​នឹង​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាត់​បង់​ជំនឿ​លើ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់រដ្ឋា​ភិបាល​ ​និងវា​បង្ហាញ​ថា​ វិធានការ​លើ​មន្ត្រី​ពុក​រលួយ​ មាន​ការរើសមុខ។

«ប្រជា​ពលរដ្ឋ​ឃើញ​ច្បាស់​ហើយ​ថា​ អាហ្នឹង​ពាក់ព័ន្ធ​នឹង​បក្ខ​ពួក​និយម​ ឬ​ក៏​ការ​រើស​អើង​លើការ​បែង​ចែក​ការ​ស៊ើប​អង្កេត​លើ​មន្ត្រី​ណា​មួយ។​ ដូច្នេះ​បើ​សិន​ការអនុវត្ត​នៅ​ខ្សោយ ​ការ​តាំង​ចិត្ត​ផ្នែក​នយោ​បាយ​ ដែល​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​នោះ​ ប្រាកដ​ជា​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​នឹង​បន្ត​មិន​ជឿ​ទុក​ចិត្ត»។​

លោក​ឆាយ សាវុធ​ អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​មិន​ធ្វើ​អត្ថាធិប្បាយ​លើបញ្ហា​ដ៏​ចម្រូង​ចម្រាស់​នេះ​ទេ។​

«ឯក​ឧត្តម​ឱប យ៉ិនទៀង​ធ្វើ​បញ្ហា​នេះ។ ​សូម​សួរ​ទៅ​កាន់​ឯក​ឧត្តម​ឱម យ៉ិនទៀង​វិញ»។

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បង្ហាញ​ចំណាត់​ការ​របស់​ខ្លួន​លើ​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន។ ​ក៏​ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា ​មិនមែន​ជា​មន្ត្រី​ដែល​គេ​ជឿ​ថា​ ពាក់​ព័ន្ធ​នឹង​ការ​ស៊ីសំណូក​ធំៗ​នោះ​ទេ។​

លោក​ឆាយ សាវុធ​អះអាង​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​បន្ត​សកម្ម​ភាព​របស់​ខ្លួន​ជា​បណ្តើរៗ​ក្នុង​ការ​បោស​សំអាត​អំពើ​ពុក​រលួយ​នេះ។​

«យើង​ធ្វើ​តាម​ច្បាប់​ និង​ផែនការ​យុទ្ធសាស្រ្ត​របស់​យើង»។

របាយ​ការណ៍​ថ្មីៗ​ស្តីពី​អំពើ​ពុក​រលួយ​បង្ហាញ​ថា​ អំពើ​ពុក​រលួយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបណ្តាក់​ទុន​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា៕