ជនជាតិជប៉ុន ១៩ នាក់ត្រូវបានហាមឃាត់មិនឱ្យចូលទឹកដីកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំ ក្រោយពីពួកគេត្រូវបានបណ្តេញចេញ ព្រោះអាជ្ញាធរកម្ពុជាអះអាងថា ពួកគេរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃអង្គារ។
ជនជាតិជប៉ុន ១៩ នាក់ ដែលត្រូវបានឃាត់ខ្លួនតាំងពីខែមករា ឆ្នាំ ២០២៣ ក្នុងខេត្តព្រះសីហនុ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃអង្គារ តាមជើងយន្តហោះដាច់ដោយឡែកមួយ ដោយមានការយាមកាមដោយនគរបាលជប៉ុនដោយផ្ទាល់ ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា សមត្ថកិច្ចបានស្រាវជ្រាវក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្តឹងតាមរយៈ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីចុងខែមករា ឆ្នាំ ២០២៣។
សារព័ត៌មានជប៉ុន NHK បានចេញផ្សាយកាលពីសប្តាហ៍មុនថា អាជ្ញាធរជប៉ុនបានទទួលដីកាចាប់ខ្លួនជនជាតិជប៉ុនទាំង ១៩ នាក់នោះ ដោយសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធទូរសព្ទលើជនជាតិជប៉ុន ដោយប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា។ សារព័ត៌មាន NHK ចុះផ្សាយទៀតថា ជនជាតិជប៉ុនទាំងនោះបានឆបោកប្រាក់ប្រមាណ ១.៩០០ ដុល្លារតាមប្រព័ន្ធអេឡិចត្រូនិកពីស្រ្តីជនជាតិជប៉ុនម្នាក់ វ័យ៦០ឆ្នាំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេសធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស បានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ៕