បុរសជាពលរដ្ឋខ្មែរចំនួន ៩ នាក់ទៀត អាយុចន្លោះពី ២៤ ដល់ ៣០ឆ្នាំ ត្រូវបានរកឃើញថា បានឆ្លងវីរុសកូវីដ១៩ ដោយធ្វើឲ្យចំនួនករណីឆ្លងសរុបក្នុងប្រទេសកម្ពុជាកើនដល់ ១៦៥ នាក់ គិតត្រឹមថ្ងៃអង្គារនេះ។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដានេះ រៀបរាប់ថា បុរសទាំង ៩នាក់ គឺជាអ្នកធ្វើដំណើរវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ី សាអូឌីត ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុនចូលមកកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
ក្នុងចំណោមអ្នកទាំង ៩ នាក់នេះ ម្នាក់មានទីលំនៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ម្នាក់នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតនៅឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ហើយ ៦ នាក់ទៀតរស់នៅខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នបុរសទាំង ៩ នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលក៏បានប្រកាសរកឃើញអ្នកធ្វើដំណើរ ១៥ នាក់ផ្សេងទៀត ដែលជាជនជាតិខ្មែរ នៅក្នុងក្រុមអ្នកដំណើរមកពីប្រទេស អារ៉ាប់ប៊ី សាអូឌីត ជាមួយគ្នាមានផ្ទុកវីរុសកូរ៉ូណា។
ក្នុងចំណោមអ្នកឆ្លងសរុបទាំង ១៦៥ នាក់នៅទូទាំងប្រទេស ១៣៣ នាក់បានជាសះស្បើយ និង ៣២ នាក់ទៀត រួមទាំងបុរសទាំង ៩ នាក់ចុងក្រោយនេះផង កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋ៕