អ្នកសារព័ត៌មានមូលដ្ឋានក្នុងខេត្តស្ទឹងត្រែង៩នាក់ ត្រូវបានឃាត់ខ្លួនដោយកងរាជអាវុធហត្ថ កាលពីថ្ងៃអង្គារ ដោយសង្ស័យថាជំរិតទារប្រាក់ពីម្ចាស់រថយន្តដឹកឈើ។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួននោះ ធ្វើឡើងតាមចំណាត់ការរបស់តុលាការ ក្រោយមានសេចក្តីរាយការណ៍ថាអ្នកកាសែតទាំងនោះបានឃាត់រថយន្តដឹកឈើ ហើយបានទារប្រាក់ចំនួន៤ពាន់ដុល្លារអាមេរិក។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបដិសេធមិនប្រាប់ព័ត៌មានលម្អិតនៃការឃាត់ខ្លួននេះ ដោយប្រាប់ឲ្យសួរខាងអយ្យការសាលាដំបូងខេត្តស្ទឹងត្រែងវិញ ដែលលោកថាជាអ្នកដឹកនាំការឃាត់ខ្លួនអ្នកសារព័ត៌មានទាំងនោះ។
លោកថ្លែងថា៖ «សូមឲ្យសួរទៅអយ្យការសាលាដំបូង(ខេត្ត)ស្ទឹងត្រែងទៅ...ព្រោះខាងមន្ត្រីនគរបាលយុត្តិធម៌គេធ្វើ ក្រោមការដឹកនាំរបស់អយ្យការ»។
លោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាអ្នកសារព័ត៌មានទាំងអស់មានគ្នា១០នាក់ ប៉ុន្តែសមត្ថកិច្ចឃាត់ខ្លួនបានតែ៩នាក់ទេ។ គិតត្រឹមព្រឹកថ្ងៃពុធ លោក អ៊ុក ធាវី បានឲ្យដឹងថាសមត្ថកិច្ចបានសាកសួរពួកគេ ប៉ុន្តែមិនទាន់ដឹងចំណាត់ការបន្តទៀតនៅឡើយទេ។
លោកថ្លែងថា៖ «អ្នកសារព័ត៌មានទៅឃាត់ឡានដឹកឈើចាស់ៗ។ ឃាត់ឡានដឹកឈើប្រជាពលរដ្ឋទិញឈើចាស់ៗ គាត់ដាក់(លើ)ឡាន ហើយដឹក(ឈើ) (ហើយអ្នកសារព័ត៌មាន)ទៅឃាត់ ហើយទារលុយគេ៤ពាន់ដុល្លារ។ ដល់គេថាអត់មានលុយទេ គេ(ពលរដ្ឋ)លក់ឈើទាំងអស់ហ្នឹងក៏អត់បានដែរ ៤ពាន់នោះ បើសុំសាំង៤ទៅ១០លីត្រ អីបាន។ ដល់គាត់ទារមិនបានគាត់(អ្នកសារព័ត៌មាន)ប្តឹងមកសមត្ថកិច្ច»។
លោកបន្ថែមថាអ្នកសារព័ត៌មានទាំងនោះបានប្តឹងករណីនេះទៅដល់សមត្ថកិច្ច។ ប៉ុន្តែក្រោយមក ពួកគេត្រូវចាប់ខ្លួនវិញ ដោយសង្ស័យរឿងជំរិតទារប្រាក់ចំនួន៤ពាន់ដុល្លារអាមេរិកមិនបានសម្រេច។
លោកថ្លែងបន្តថា៖ «អ្នកកាសែតបានប្តឹងមកកងរាជអាវុធហត្ថ... (ហើយ)កងរាជអាវុធហត្ថនាំកម្លាំងទៅឃាត់ឡានដែលគាត់(អ្នកសារព័ត៌មាន)បានឃាត់ទុក។ ទៅមើលករណី ទៅមើលឯកសារ ទៅមើលឈើ(ដែល)ឈើអីហ្នឹងជាផ្ទះចាស់(ហើយ)ដល់គាត់ឃើញមានការឯកភាពពីរដ្ឋបាលព្រៃឈើ នៅការដឹកឈើចាស់ៗដែលគាត់(ពលរដ្ឋ)រុះហ្នឹងទៅ (ហើយ)ពួកសារព័ត៌មានដែលបានប្តឹងទៅសមត្ថកិច្ចហ្នឹង គាត់ភ័យខ្លួនគាត់ធ្វើខុសគាត់គេច តែត្រូវបានសមត្ថកិច្ចហៅគាត់មកសួរនាំ»។
វីអូអេបានព្យាយាមទាក់ទងលោក ជា សុភ័ក្រ្ត អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីសុំការឆ្លើយតប ប៉ុន្តែមិនទាន់សុំការអត្ថាធិប្បាយបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃពុធនេះ។
ពាក់ព័ន្ធការឃាត់ខ្លួនអ្នកសារព័ត៌មានទាំងនេះ សមាគមសារព័ត៌មាន ស្នើអាជ្ញាធរចុះសិក្សាស្រាវជ្រាវករណីនេះឲ្យបានច្បាស់ ដើម្បីចៀសវាងការភ័ន្តច្រឡំ និងការបំភិតបំភ័យដល់អ្នកសារព័ត៌មានដែលហ៊ានរាយការណ៍អំពីបញ្ហាសង្គម ក៏ដូចជាបញ្ហាព្រៃឈើនេះ។
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃពុធនេះបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកក្នុងន័យដើមថា៖ «សមាគមសូមអំពាវនាវដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងស្ថាប័នតុលាការសូមមេត្តាជួយស្វែងរកការពិត និងផ្តល់យុត្តិធម៌ ជូនបងប្អូនអ្នកសារព័ត៌មានទាំង៩នាក់ ស្របតាមច្បាប់»។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ក៏បានជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ និងប្រកបដោយតម្លាភាព ដើម្បីចៀសវាងការបំភិតបំភ័យ ឬគំរាមកំហែងដល់អ្នកសារព័ត៌មាន ដែលហ៊ានចុះយកព័ត៌មានរសើប ដូចជាការកាប់ឈើយកទៅលក់ជាដើម។
លោកថ្លែងថា៖ «ករណីនេះ ខ្ញុំក៏មិនដឹងច្បាស់ថាតើអ្នកដែលដឹកឈើហ្នឹង គាត់មានច្បាប់ត្រឹមត្រូវ ឬក៏ពិត ក៏អត់(ច្បាប់)ឬទេ។ ពេលខ្លះវាអាចជាករណី ដោយសារអ្នកសារព័ត៌មាន គាត់ចុះទៅរាយការណ៍អំពីបញ្ហាហ្នឹង តែបែរជាត្រូវរងការចោទប្រកាន់តាមរយៈលាបពណ៌កំហែងទារប្រាក់អីទៅវិញអញ្ចឹងទៅ។ អញ្ចឹងខ្ញុំគិតថាគួរតែមានការស៊ើបអង្កេតឲ្យបានច្បាស់ ហើយប្រកបដោយតម្លាភាព»។
លោក អ៊ិត សូធឿត ក៏ជំរុញឲ្យក្រសួងព័ត៌មានគួរផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈឲ្យបានច្បាស់លាស់ដល់អ្នកសារព័ត៌មានថាតើអ្វីជាអំពើខុសច្បាប់ និងអ្វីដែលអ្នកសារព័ត៌មានអាចធ្វើបាន ដែលស្របទៅតាមរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន។
លោក ប៊ី វ៉ាន់នី អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តស្ទឹងត្រែង បានប្រាប់វីអូអេថាករណីដឹកឈើក្នុងខេត្ត ភាគច្រើនដឹកតាមម៉ូតូ និងការដឹកឈើជាលក្ខណៈគ្រឿងសង្ហារិម។ លោកជំរុញឲ្យអ្នកសារព័ត៌មានគួរតែបំពេញវិជ្ជាជីវៈសារព័ត៌មានឲ្យបានល្អ ហើយប្រសិនបើឃើញករណីណាមួយមិនប្រក្រតីគួរតែរាយការណ៍ទៅសមត្ថកិច្ច និងមិនត្រូវជំរិតទារប្រាក់ ដែលខុសនឹងច្បាប់នោះទេ។
គួរបញ្ជាក់ថាកាលពីខែមករា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានថារដ្ឋាភិបាលរបស់លោកនឹង «មិនអត់ឱន» ចំពោះអ្នកសារព័ត៌មានណា ដែលបំពានច្បាប់ និងមិនគោរពតាមវិជ្ជាជីវៈរបស់ខ្លួន ហើយប្រើប្រាស់តួនាទីនេះទៅជំរិតទារប្រាក់គេ។
លោក ហ៊ុន សែន បានលើកឡើងថាកាលពីឆ្នាំមុន«មានអ្នកសារព័ត៌មាននិងជនឱកាសនិយមមួយចំនួនតូចបាន និងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មាន ដែលបានចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់សេចក្តីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថញុះញង់ និងបំពុលបរិយាកាសសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន»៕