ក្រោយ​មនុស្ស​៩នាក់​ពុល​ស្រា​ស្លាប់​នៅ​កំពត នគរបាល​ឃាត់​ខ្លួន​អ្នក​បិត​ស្រា​២​នាក់​

រូប​ឯកសារ៖ ស្រាសនិងស្រាថ្នាំ ដែលត្រូវបានដាក់លក់នៅតូបមួយក្នុងភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/VOA Khmer)

នគរបាល​និង​អាជ្ញាធរ​មូលដ្ឋានក្នុង​ខេត្ត​កំពត​បាន​ឱ្យ​ដឹង​ថា​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្រោយ​មាន​ករណី​សង្ស័យ​ថា​ជា​ការ​ពុល​ស្រា​ស ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​៩​នាក់​ស្លាប់​គិត​ចាប់​តាំង​ពី​សប្តាហ៍​មុន​មក​ដល់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ។​

​មនុស្ស​ប្រមាណ​ជិត​៤០​នាក់ ទៀត​ត្រូវ​បាន​នាំ​យក​មក​ព្យាបាល​ក្រោយ​ការ​ទទួល​ទាន​ស្រា​ស​នេះ​នៅ​ក្នុង​ពិធី​បុណ្យ​សព​និង​តាម​ផ្ទះ​របស់​ពលរដ្ឋ​រៀង​ខ្លួន​ក្នុង​ឃុំ​កំពង់ត្រាច​ខាងកើតក្នុង​ស្រុក​កំពង់ត្រាច​ដែល​មាន​ពិធី​រៀបចំ​បុណ្យ​សព​នោះ។​ពិធីបុណ្យ​សព​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ចូលរួម​ច្រើន​ក្រោម​ហេតុ​ផល​នៃការ​ទប់​ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្នងការ​នគរបាល​ខេត្ត​កំពត។​

លោក​ឧត្តមសេនីយ៍​ទោ​ម៉ៅ​ ច័ន្ទមធុរិទ្ធ​ស្នងការ​នគរបាល​ខេត្ត​កំពត​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ស្នើ​សុំ​ជំនួយ​ពី​ព្រះរាជអាជ្ញា​ខេត្ត​ដើម្បី​នាំ​ខ្លួន​មនុស្ស​ពីរ​នាក់​ដែល​សង្ស័យ​ថាជា​អ្នកបិត​ស្រា​ស​នោះ។

ជន​សង្ស័យ​ទាំង​ពីរ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ខណៈ​អាជ្ញាធរ​ខេត្ត​រង់​ចាំ​លទ្ធ​ផល​ពី​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​រាជធានី​ភ្នំពេញដែល​កំពុង​ពិនិត្យ​សារធាតុ​ដែល​ប្រើ​ប្រាស់​សម្រាប់​ផលិត​ស្រា​ស។​

លោក​ស្នងការ​នគរបាល​ខេត្ត​កំពត​បញ្ជាក់​ថា៖ «បាទ​យើង​យក​មក នៅ​ដាក់​គាត់​នៅ​កន្លែង​ស្នងការដ្ឋាន​យើង​នេះ​បណ្តោះ​អាសន្ន​សិន​ពីព្រោះ​យើង​រង់​ចាំ​លទ្ធផល​ពិនិត្យ​ពី​ភ្នំពេញ​មក​វិញ​សិន»។​

​បើ​តាម​លោក​ស្នងការ​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​ក្រោយ​ការ​ហូប​ស្រា​ស ក្នុង​ឃុំ​កំពង់ត្រាច​ខាង​កើត​នោះ មាន​អាការៈ​ធូរស្រាល​វិញ​ហើយ​និង​មិន​មាន​ករណី​ស្លាប់​ថ្មី​បន្ថែម​ទៀត​ទេ។​

លោក​បញ្ជាក់​ថា៖ «យើង​បាន​ចុះ​ទៅ​មើល​គាត់​នៅ​មន្ទីរពេទ្យ​គឺ​ស្ថានភាព​គឺ​គាត់​បាន​ធូរស្រាល​អស់​ហើយ»។​

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​លោក​អូន​ ខន​ អភិបាល​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ ប៉ុន្តែ​លោក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ផ្នែក​ខេមរភាសា​កាល​ពី​ថ្ងៃ​ចន្ទ​ថា​មនុស្ស​ប្រមាណ​៩នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ គិត​ចាប់​តាំង​ពី ថ្ងៃ​ទី​២១​រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ឧសភា។ អ្នក​ស្លាប់​ទាំង​អស់​នោះ​មិន​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩​នោះ​ទេ។​

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពត​លោក​ យន់ ផល្លី​ថ្លែង​ថា​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​មួយ​គួរ​ធ្វើ​ឡើង​ដើម្បី​ឈាន​ទៅ​កំណត់​ប្រភព​នៃ​អ្នក​ចែកចាយ​សារធាតុ​សម្រាប់​ផលិត​ស្រា​ស​នោះ។

លោក​យន់ ផល្លី​ថ្លែង​ថា៖ «ក្នុង​ករណី​នេះ​គួរ​តែធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​ព្រោះ​ថា​តើ​ គាត់​អ្នក​ដែល​ផលិត​ពីរនាក់​នេះ​ជាបង​ថ្លៃ​ប្អូន​ថ្លៃ​នេះ​ថា តើ​គាត់​ទិញ​គេហៅ​ថា​វត្ថុធាតុ​ដើម​នោះ​ ចេញ​ពីប្រភពណា? យើង​ត្រូវ​ឲ្យ​រក​ពី​ប្រភព និង​វត្ថុធាតុ​ដើមក្នុង​ការ​ផលិត​របស់​គាត់​ទាំង​អស់​ហ្នឹង​តើ​យក​ចេញ​ពីណា? អីចឹង​សមត្ថកិច្ច​លោក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត​ទៀត​ទៅ​ក្នុង​ករណី​នេះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រីក​រាល​ដាល​ទៅ​បណ្តា​ស្រុក​ឬ​ក៏​ខេត្ត​ផ្សេងៗ​បន្ត​ទៀត​បាទ»។​

លោក​ជឿ​ថា​អាជ្ញាធរ​មូលដ្ឋាន​ទំនង​ជា​មាន​ការ​ឆក​ល្វែង​ក្នុងការ​តាម​ដាន​ឬ​ពិនិត្យ​បច្ចេកទេស​នៃ​ការ​បិទ​ស្រា​ស​របស់​អាជីវករ​យក​មក​ផ្គត់ផ្គង់​ឲ្យ​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «នេះ​គឺ​ជា​គេ​ហៅ​ថា​ជំនាញ​ ជំនាញពាក់​ព័ន្ធ។ ជំនាញ​ពាក់ព័ន្ធ​ឆក​ល្វែង​បាន​ន័យ​ថា​ឆក​ល្វែង​ក្នុង​ការ​ត្រួត​ពិនិត្យទៅ​ដល់​អ្នក​ដែល​ផលិត​ហ្នឹង​ដោយសារ​តែ​យើង​មាន​ការ​ឆក​ល្វែង​ហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​នោះ»។

កាល​ពី​ដើម​ខែ​ឧសភា​មាន​ករណី​ពុលស្រា​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​បាន​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​១៣​នាក់​បាន​ស្លាប់​ដោយ​សារ​ស្រា​ស​នោះ​ដែល​ត្រូវ​រក​ឃើញ​ក្រោយ​មក​ថា​មាន​ជាតិ​មេតាណុល​ខ្ពស់។​

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ មាន​ករណី​ពុល​ស្រា​ស្លាប់​យ៉ាង​តិច​៨​នាក់​ក្នុង​ស្រុក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ។​

ចាប់​ពី​ឆ្នាំ​២០១៥​ដល់​២០១៧ មាន​ករណី​ពុល​ស្រា​ស ប្រមាណ​៣៩០​ករណី ដែល​បណ្ដាល​ឲ្យ​មនុស្ស​៥០​នាក់​ស្លាប់ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​មណ្ឌលគិរី ត្បូងឃ្មុំ ​ក្រចេះ និង​កំពង់ឆ្នាំង។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល៕