អ្នកស្រី Haley ចាញ់ការបោះឆ្នោតបឋមបែបនិមិត្តរូបនៅរដ្ឋ Nevada

បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនិងជាអតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ​អ្នកស្រី Nikki Haley ថ្លែងនៅក្នុងកម្មវិធី​យុទ្ធនាការ​មួយ​នៅទីក្រុង Spartanburg នៃរដ្ឋ South Carolina សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកស្រី Nikki Haley បាន​ចាញ់​ការ​បោះឆ្នោត​បឋម​បែប​និមិត្តរូប​នៃ​ការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋ Nevada កាលពី​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​មិន​បាន​ជ្រើសរើស​យក​បេក្ខជន​ណា​ទាំង​អស់​ដែល​មាន​ឈ្មោះ​នៅ​លើ​សន្លឹក​ឆ្នោត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​ជា​បេក្ខជន​នាំមុខ​ខាង​បក្ស​សាធារណរដ្ឋ​មិន​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នេះ​ទេ ដែល​ការ​បោះឆ្នោត​នេះ​គ្រាន់តែ​ធ្វើ​ឡើង​បែប​និមិត្តរូប​ដោយ​មិន​មាន​ការ​ផ្ដល់​គណៈប្រតិភូ​ណា​ដល់​បេក្ខជន​ដែល​ឈ្នះ​នោះឡើយ។

ប៉ុន្តែ លោក Trump បាន​ផ្ដោត​លើ​ការ​បោះឆ្នោត​បឋម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ដែល​រៀបចំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ផ្ទាល់​នៅ​ក្នុង​រដ្ឋ Nevada នេះ ហើយ​ការ​បោះឆ្នោត​នេះ​នឹង​ជួយ​លោក​ឱ្យ​ខិត​កាន់តែ​ជិត​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

ករណី​នេះ​បាន​ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​កាលពី​ថ្ងៃ​អង្គារ​គ្មាន​ន័យ​អ្វី​ទាំងអស់។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ លទ្ធផល​នេះ​គឺ​ស្មើ​នឹង​ការ​អាម៉ាស់​មុខ​សម្រាប់​អ្នកស្រី Haley ដែល​បាន​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្លួន​បាន​ក្លាយជា​បេក្ខជន​មួយ​រូប​ដែល​អាច​ប្រកួត​ប្រជែង​នឹង​លោក Trump បាន​ដោយ​ពិត​ប្រាកដ។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Nevada នោះ​ដោយ​ងាយស្រួល​បំផុត៕