ចលនាដែលបានចាប់ផ្តើមឡើងដោយយុវតីជនជាតិស៊ុយអ៊ែតឈ្មោះ GretaThurnberg នេះ ឥឡូវនេះមានការចូលរួមពីសិស្សសាលារាប់លាននាក់នៅទូទាំងពិភពលោកដែលកំពុងទាមទារឲ្យចាត់វិធានការជាបន្ទាន់ទប់ទល់នឹងការឡើងកម្តៅផែនដី។
នាង Faithwins Iwuh សកម្មជនបរិស្ថានអាយុ១៦ឆ្នាំ ដែលពេលខ្លះត្រូវបានគេប្រដូច ទៅយុវតី Greta Thunberg សម្រាប់ប្រទេសនីហេ្សរីយ៉ា ចង់ឲ្យប្រទេសនីហ្សេរីយ៉ា
ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងជាសាកលទៅនឹងការប្រែប្រួលអាកាសធាតុ។
ដើម្បីអាចសម្រេចតាមបំណង នាង Iwuh បានចាប់ផ្តើមដាំដើមឈើនៅជុំវិញសាលារៀនរបស់នាង និងជុំវិញសហគមន៍ដែលនាងរស់នៅ និងបានចាប់ផ្តើមកែច្នៃថង់ប្លាស្ទិកធ្វើជាថង់សម្រាប់គ្របក្បាលពេលងូតទឹក។
នាង Iwuh មានក្តីកង្វល់អំពីបរិស្ថានជាច្រើនឆ្នាំមកហើយ។ នាង Iwuh បាននិយាយថា៖ «ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រឡះចិត្តទាល់តែសោះ រាល់ពេលដែលខ្ញុំឃើញនរណាម្នាក់បោះចោលសំរាមតាមបង្អួចឬក៏ឃើញមនុស្សដាក់សំរាមខុសរបៀប។ ខ្ញុំមានអារម្មណ៍ដូចជាពួកគេកំពុងធ្វើបាបខ្ញុំអ៊ីចឹង ដោយសារតែវាជាអនាគតរបស់ខ្ញុំ។ បើសិនជាខ្ញុំមិនចាត់វិធានការអ្វីនៅពេលនេះទេ នោះប្រហែលជាអ្នកជំនាន់ក្រោយនឹងប្រឈមនឹងបញ្ហាអាកាសធាតុកាន់តែធ្ងន់ធ្ងរជាងនេះ»។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះសិស្សសាលានីហ្សេរីយ៉ារាប់រយនាក់បានចូលរួមនៅក្នុងកូដកម្មអន្តរជាតិដ៏មានប្រជាប្រិយភាពមួយឈ្មោះថា Fridays For Future ឬថ្ងៃសុក្រសម្រាប់អនាគត ដែលធ្វើឡើងដោយពួកសិស្សសាលា។
មានការប៉ាន់ស្មានថាសិស្សសាលាប្រហែល៤លាននាក់បានចូលរួមក្នុងចលនានេះ ដែលវាបានចាប់ផ្តើមដំបូងកាលពីខែសីហាឆ្នាំ២០១៨ដោយនាង Thunberg។
កាលពីពេលថ្មីៗនេះ សិស្សសាលា៣០០នាក់មកពីសាលារៀនចំនួន១០នៅប្រទេសនីហ្សេរីយ៉ា បានដើរចេញពីថ្នាក់រៀនរបស់ពួកគេ។ អ្នកស្រី Fanny Nyalander អនុប្រធានបេសកកម្មការទូតស៊ុយអ៊ែតប្រចាំប្រទេសនីហេ្សរីយ៉ាបានថ្លែងថា៖
«ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់ដែលឃើញក្មេងៗជំនាន់ក្រោយមានការទទួលខុសត្រូវនិងទាមទារឲ្យមានវិធានការម៉ឺងម៉ាត់ដោះស្រាយចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ពីព្រោះថាវាគឺជាអនាគតរបស់ពួកគេ និងអនាគតភពផែនដីរបស់ពួកគេ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ដូច្នេះវាជារឿងអស្ចារ្យ និងជាការជំរុញទឹកចិត្តមួយក្នុងការណ៍ដែលឃើញថាយុវវ័យក្មេងៗនៅប្រទេសនីហ្សេរីយ៉ាកំពុងក្រោកឈរ និងទាមទាររកដំណោះស្រាយចំពោះបញ្ហានេះ»។
សិស្សសាលានីហេ្សរីយ៉ានានា ដូចជានាង Iwuh កំពុងស្ថិតនៅជួរមុខនៃកូដកម្មរបស់សាសារៀន។ ប៉ុន្តែនាង Iwuh បារម្ភថាការយល់ដឹងរបស់មនុស្សទូទៅអំពីការគំរាមកំហែងដល់បរិស្ថាននៅមានកម្រិតទាប។ នាង Iwuh បាននិយាយថា៖ «មិនមែនមនុស្សច្រើនទេដឹងអំពីបញ្ហានេះ។ មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលដឹងអំពីបញ្ហានេះ។ សំណាងល្អខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប៉ុន្មាននាក់ទៀតដែលដឹងអំពីបញ្ហានេះ ហើយខ្ញុំកំពុងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំដើម្បីបញ្ចុះបញ្ចូលឲ្យមនុស្សនៅទូទាំងពិភពលោកយល់ថា វាជាការចាំបាច់ក្នុងការសង្គ្រោះភពផែនដី។
នីហ្សេរីយ៉ាគឺជាប្រទេសនាំចូលម៉ាស៊ីនភ្លើងដែលប្រើប្រេងឥន្ធនៈធំជាងគេបំផុតនៅទ្វីបអាហ្វ្រិកដែលធ្វើឲ្យប្រទេសនេះកា្លយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបំភាយឧស័្មនផ្ទះកញ្ចក់ខ្លាំងជាងគេបំផុត។ ក្រុមអ្នកជំនាញផ្នែកបរិស្ថានដូចជាលោក David Michael ជាដើម បានថ្លែងថាការប្រែប្រួលអាកាសធាតុបានប៉ះពាល់ធ្ងន់ធ្ងរនៅប្រទេសនីហេ្សរីយ៉ា។
លោក David Michael បានថ្លែងថា៖ «ទ្វីបអាហ្វ្រិករួមចំណែកតិចតួចប៉ុណ្ណោះក្នុងការធ្វើឲ្យមានការប្រែប្រួលអាកាសធាតុគឺតិចជាង៣ភាគរយទៅទៀត ប៉ុន្តែជាអកុសល យើងគឺជាទ្វីបដែលងាយរងគ្រោះបំផុត ហើយជាពិសេសគឺប្រទេសនីហ្សេរីយ៉ាតែម្តងដែលទទួលរងផលប៉ះពាល់នៅគ្រប់ទីកន្លែងពាសពេញប្រទេស ដូចជាតំបន់រាំងស្ងួតហួតហែងនៅភាគខាងជើង កម្ពស់ទឹកសមុទ្រកើនឡើងនៅភាគខាងត្បូង និងវិបត្តិរវាងកសិករ និងអ្នកឃ្វាលគោនៅភាគកណ្តាល»។
នៅឯសន្និសីទមួយកាលពីខែធ្នូឆ្នាំមុន នីហេ្សរីយ៉ាស្ថិតក្នុងចំណោមប្រទេសនិងដែនដីចំនួន១៩៥ ដែលបានយល់ព្រមចាត់វិធានការទប់ស្កាត់ការឡើងកម្តៅផែនដីឲ្យនៅត្រឹម១,៥អង្សាសេ។ នៅក្នុងពិភពនយោបាយជាក់ស្តែង ការសន្យានេះទំនងជានឹងអាចសម្រេចបានប្រសិនបើមានសិស្សសាលាកាន់តែច្រើនដូចជានាង Iwuhទាមទារឲ្យមានវិធានការជាបន្ទាន់ដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវគោលបំណងនេះ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា