លោក Muhammadu Buhari ប្រធានាធិបតីប្រទេសនីហ្សរីយ៉ាបានដឹកនាំគណៈប្រតិភូទៅប្រទេសហ្គំប៊ី (Gambia) កាលពីថ្ងៃសុក្រដើម្បីផ្តល់សិទ្ធិជ្រកកោនដល់លោក Yahya Jammeh ប្រធានាធិបតីហ្គំប៊ី ប្រសិនបើលោក Jammeh សុខចិត្តចុះចេញពីតំណែងដើម្បីអនុញ្ញាតឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី ក្រោយការបោះឆ្នោតកាលពីខែមុន។
លោក Jammeh ដែលដឹកនាំប្រទេសហ្គំប៊ី នៅអាហ្វ្រិកនេះរយៈពេល២២ឆ្នាំ ត្រូវគេប្រកាសថា ចាញ់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១ធ្នូ។ រដ្ឋាភិបាលរបស់លោកត្រូវគេចោទពីបទរំលោភសិទ្ធិមនុស្សជាច្រើនពេលលោកកាន់តំណែង។ ការរំលោភសិទ្ធិមនុស្សទាំងនោះ រួមមានការចាប់ខ្លួនមនុស្សតាមអំពើចិត្ត ការធ្វើទារុណកម្ម និងបាត់ខ្លួន។
របាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសស.រ.អា.សរសេរថា មន្ត្រីរបស់លោកប្រើវិធីដដែលៗជាច្រើនក្នុងការបំភិតបំភ័យប្រជាជនដើម្បីរក្សាអំណាចរបស់លោក។ លោក Adama Barrow បេក្ខជនគណបក្សប្រឆាំងដែលត្រូវបានប្រកាសថាឈ្នះឆ្នោត បាននិយាយថា លោកនឹងបន្តផែនការរៀបចំពិធីសម្ពោធឡើងកាន់តំណែងនៅថ្ងៃទី១៩ខែមករានេះ។
មុនដំបូង លោក Jammeh បានទទួលស្គាល់លទ្ធផលឆ្នោត ប៉ុន្តែប្រហែលមួយសប្តាហ៍ក្រោយមក គណបក្សរបស់លោកបានរៀបចំពាក្យបណ្តឹងប្រឆាំងគណៈកម្មការបោះឆ្នោត ដោយលើកឡើងថា មានភាពមិនប្រក្រតី៕