សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែលមានអង្គការក្រៅរដ្ឋាភិបាលចំនួន២០ជាសមាជិក នៅថ្ងៃច័ន្ទនេះ បានស្នើសេចក្តីព្រាងច្បាប់មួយស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ សេចក្តីព្រាងច្បាប់នេះគឺសម្រាប់ដាក់ជូនគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខណៈដែលក្រុមការងារនៃគណបក្សទាំងពីរត្រូវប្រជុំពិភាក្សាគ្នាស្តីពីការបង្កើតសមាសភាពគ.ជ.ប.ថ្មីនៅច័ន្ទនេះ។
សេចក្តីព្រាងច្បាប់ ដែលស្នើដោយអង្គការក្រៅរដ្ឋាភិបាលនេះ មាន៧ជំពូក និង៤២មាត្រា ដែលមានគោលដៅធានានូវឯករាជ្យភាព និងសិទិ្ធអំណាចគ្រប់គ្រាន់របស់ស្ថាប័នរៀបចំការបោះឆ្នោតជាតិនេះ។ សំណើនេះត្រូវបានដាក់ឲ្យជជែកវែកញែកក្នុងកិច្ចប្រជុំតុមូលនៅថ្ងៃច័ន្ទនេះ ដោយមានការចូលរួមពីគណបក្សមួយចំនួន លើកលែងតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
សេចក្តីព្រាងច្បាប់ដដែលនេះបានស្នើឲ្យគ.ជ.ប.មានសិទ្ធិពេញលេញក្នុងការ«ចេញបទបញ្ជាហាមឃាត់ និងលុបចោលការសម្រេច ឬសកម្មភាពរបស់រាជរដ្ឋាភិបាល និងមន្ត្រីនយោបាយផ្សេងទៀត ដែលប៉ះពាល់ជាអវិជ្ជមានទៅដល់ការបោះឆ្នោតដោយសេរី យុត្តិធម៌ និងស្មើភាព ក្នុងអំឡុងពេលបោះឆ្នោត» និងមានថវិកាស្វយ័តរបស់ខ្លួនដែលអនុម័តដោយរដ្ឋសភា។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅថា ខុមហ្វ្រែល បានឲ្យដឹងថា សំណើច្បាប់នេះអាចនឹងជួយពង្រឹងសមត្ថភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមួយកម្រិត ប្រសើរជាងពេលបច្ចុប្បន្នដែលទទួលរងការរិះគន់នោះ។
«ខ្ញុំគិតថា គណបក្សទាំងពីរពិចារណាសំណើរបស់យើង ពីព្រោះយើងធ្វើនេះដើម្បីឲ្យបុព្វហេតុឲ្យការងារបោះឆ្នោតរបស់គ.ជ.ប.កាន់តែល្អប្រសើរជាងបច្ចុប្បន្ននៅថ្ងៃមុខ។ វាអាចមិនដល់ស្តង់ដារអតិបរមាសេរី និងយុត្តិធម៌ទេ ប៉ុន្តែយ៉ាងហោចណាស់ក៏កម្រិតបានអប្បបរមាមួយដែលអាចកែលម្អបានខ្លះ»។
សេចក្តីព្រាងច្បាប់ដែលតាក់តែងដោយសម្ព័ន្ធដើម្បីកំណែទម្រង់ការបោះឆ្នោតបានចែងយ៉ាងលម្អិតអំពីការផ្តន្ទាទោសដល់បុគ្គលិករៀបចំការបោះឆ្នោតដែលមានចេតនាមិនព្រមបញ្ចូលឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ឬក្នុងសៀវភៅបោះឆ្នោត មានចេតនាចុះឈ្មោះជូនប្រជាពលរដ្ឋដែលមិនទាន់គ្រប់អាយុ ឬមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ចុះឈ្មោះឲ្យបុគ្គលដែលត្រូវដកហូតសិទ្ធិបោះឆ្នោត ឬមន្ត្រីរៀបចំការបោះឆ្នោតណាដែលរារាំងពលរដ្ឋមិនឲ្យចុះឈ្មោះបោះឆ្នោត នឹងត្រូវទទួលរងការផ្តន្ទាទោស។
បញ្ហាខាងលើធ្លាប់ទទួលរងការរិះគន់ពីគណបក្សជំទាស់ និងការលើកឡើងពីភាពមិនប្រក្រតីមួយចំនួនរបស់សង្គមស៊ីវិល។
មន្ត្រី ឬបុគ្គលិករៀបចំការបោះឆ្នោត ដែលមានកំហុស អាចនឹងត្រូវពិន័យជាប្រាក់ពី៥ទៅ៥០លានរៀល ឬស្មើនឹងប្រមាណពី១២៥០ដល់១២៥០០ដុល្លារអាមេរិក។ អ្នកដែលមានកំហុសនឹងប្រឈមនឹងការលុបឈ្មោះចេញពីការងាររៀបចំការបោះឆ្នោត ប៉ុន្តែមិនមានទោសដាក់ពន្ធនាគារទេ។
សេចក្តីស្នើនេះក៏បានចែងពីការបន្ថយអំណាចរបស់អគ្គលេខាធិការគ.ជ.ប.នៅក្នុងការសម្រេចនានា ជាពិសេសរាល់ការសម្រេច ហើយការរៀបចំនិតិវិធីចាំបាច់ដោយអគ្គលេខាធិការគ.ជ.ប.ត្រូវឯកភាពដោយមានការសម្រេចដោយសមាជិកនិងថ្នាក់ដឹកនាំគ.ជ.ប.ទាំងមូល។
លោកកែវ ភិរម្យ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តក្រចេះបញ្ជាក់ថា ក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងជជែកបន្ថែមទៀតអំពីការរៀបចំកែទម្រង់គ.ជ.ប. ហើយសេចក្តីព្រាងច្បាប់របស់សង្គមស៊ីវិលមានចំណុចល្អដែលអាចស្នើសុំឲ្យបញ្ចូលក្នុងការចរចា។ តែទោះជាយ៉ាងណា លោកបញ្ជាក់ថា គោលការនៃការពិភាក្សាទ្វេភាគីត្រូវឈរលើគោលការបីជាមូលដ្ឋាន។
«យើងយកគោលការណ៍ធំបី។ ទី១ច្បាប់រដ្ឋធម្មនុញ្ញ ទី២យើងយកច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រដែលមានស្រាប់ និងទី៣យើងយកតាមកិច្ចព្រមព្រៀងថ្ងៃ២២ខែកក្កដាធ្វើជាគោល។ ការធ្វើច្បាប់ថ្មី បើកាលណាយើងឆ្ងាយពីចំណុចទាំងបីនេះ យើងត្រូវតែឆ្លងការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល»។
លោកឈាង វុន តំណាងរាស្ដ្រនិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាថ្លែងថា លោកមិនមានព័ត៌មានណាមួយជុំវិញការចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរឆ្ពោះទៅធ្វើសេចក្តីព្រាងច្បាប់សម្រាប់បង្កើត និងដាក់ឲ្យដំណើរការគណៈកម្មាធិការជាតិថ្មីនោះទេ។
វីអូអេបានព្យាយាមទាក់ទងលោកប៊ិន ឈិន ប្រធានក្រុមបច្ចេកទេសចរចារបស់គណបក្សកាន់អំណាច ដើម្បីសុំសេចក្តីអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ។
លោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ីនប៉ិច បានប្រសាសន៍ក្នុងកិច្ចប្រជុំតុមូលជាមួយក្រុមអង្គការសង្គមស៊ីវិលថា សមាសភាពគ.ជ.ប.ដែលមានសមាសភាពភាគច្រើនពីគណបក្សទាំងពីរមិនប្រាកដថាធានាបាននូវឯករាជ្យភាពនៃស្ថាប័នដ៏សំខាន់នេះទេ។
«មិនឯករាជ្យទេ បើឲ្យបក្សជ្រើសរើសហើយ គេមិនដែលរើសយកមនុស្សក្រៅពីបក្សទុកចិត្តទេ។ អញ្ចឹងត្រង់ចំណុចនេះ ខ្ញុំសូមទាមទារថា ពេលអនុវត្តការងារ ស្ថាប័ននេះត្រូវឯករាជ្យ ហើយសមាសភាពទៅអញ្ចឹងចុះ តែត្រូវដាក់ក្នុងទោសបញ្ញត្តិឲ្យធ្ងន់ធ្ងរដែរ ព្រោះថា ច្បាប់បោះឆ្នោតយើងកាលពីលើកមុនមិនមានអ្នកណាខ្លាចទេ»។
ទោះជាយ៉ាងនេះក្តី លោកបណ្ឌិតកែម ឡីយល់ឃើញថា ដើម្បីឲ្យស្ថាប័នរៀបចំការបោះឆ្នោតនៅកម្ពុជាគឺគ.ជ.ប.មានឯករាជ្យភាព និងមានប្រសិទ្ធិភាពក្នុងការអនុវត្តការងាររបស់ខ្លួន គួរតែបញ្ចូលជំពូកចំនួនបីបន្ថែមទៀត នោះគឺជំពូកដែលចែងពីការប្រកាសលទ្ធផលបឋម និងផ្លូវការ ជំពូកស្តីពីការបង្កើតក្រុមការងារការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត និងជំពូកមួយទៀតដែលចែងអំពីយន្តការសម្របសម្រួលនយោបាយ ប្រសិនបើមានបញ្ហាក្រោយពីការបោះឆ្នោត៕