ពល​រដ្ឋ​ត្រូវ​បាន​រំឭក​ឱ្យ​បន្ត​ការ​ពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩​ ពេល​ជួប​ជុំ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

រូបឯកសារ៖ ស្រ្តី​ម្នាក់​កំពុង​ប្រគេន​ទេយ្យទាន​ដល់​ព្រះ​សង្ឃ​​នៅក្នុង​វត្ត​និរោធ​រង្សី រាជធានី​ភ្នំពេញ ក្នុង​អំឡុង​​ពេល​​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃទី​២ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)​​

ខណៈ​ប្រជា​ពលរដ្ឋ​កំពុង​ត្រៀម​ខ្លួន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​ចូល​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​១៤​ខែ​មេសា​នេះ ​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​និង​ត្រូវ​ប្រកាន់​ខ្ជាប់​វិធាន​ការ​សុខាភិបាល​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ទ្រង់​ទ្រាយ​ធំ ​ក្រោយ​ពិធី​ចូល​ឆ្នាំ​ខ្មែរ។

រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ប្រទេស​ចាប់​តាំង​ចុង​ឆ្នាំ​២០២១​ ហើយ​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​ក្រោយ​ខកខាន​រយៈ​ពេល​២​ឆ្នាំ​ជាប់​គ្នា​ ដោយ​សារ​ការ​រីក​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ ​កាល​ពី​ពេល​នោះ។​

លោក​ យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ ​និង​សន្តិភាព ​ថ្លែង​ថា​ការ​បើក​ឱ្យ​ពលរដ្ឋ​អាច​ជួប​ជុំ​ និង​ដើរ​លេង​ពេល​ចូល​ឆ្នាំ​ខ្មែរ ​ជា​រឿង​ល្អ ​មួយ ប៉ុន្តែ​លោក​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​ច្រើន​ ពាក់​ព័ន្ធ​ការ​ជួប​ជុំ​នា​ពេល​ចូល​ឆ្នាំ​នេះ ​ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ និង​អនុវត្ត​វិធាន​ការ​សុខាភិបាល​បាន​ខ្ជាប់​ខ្ជួន។ លោក​បន្ត​ថា​ ការ​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​ចូលរួម​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ នេះ​អាច​ជា​ការ​សាក​ល្បង​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​ដើម្បី​ឈាន​ទៅ​បើក​ប្រទេស​ពេញ​លេញ។​

ទោះជា​យ៉ាង​ណា ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​យន្តការ​តាម​ដាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ និង​អាច​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា។​

លោក​ប្រាប់​វីអូអេ​ថា៖​ «បង​ប្អូន​ប្រជា​ពល​រដ្ឋ​របស់​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ។ ​បើ​យើង​ប្រុង​ប្រយ័ត្ន​បាន​ល្អ យើង​អត់​ឆ្លង​ អាហ្នឹង​វា​កាន់​តែ​ប្រសើរ។ ​ អ៊ីចឹង​ជា​រួម ​គឺ​យើង​គួរ​តែ​កុំ​ឱ្យ​មាន​ជំងឺ​នោះ​ឆ្លង​ដល់​យើង​ជា​ជាង​ឆ្លង​ ហើយ​យើង​ព្យាបាល​ នេះ​ជា​រឿង​មួយ​សំខាន់។ ​ ហើយ​ជាមួយ​គ្នា​នោះ ​ ​អាជ្ញាធរ​ទន្ទឹម​នឹង​ការ​បើក​នេះ​ក៏​គួរ​តែ​មាន​ការ​ដាក់​នូវ​ការ​ធ្វើ​អង្កេត​ ដើម្បី​តាម​ដាន​មើល​ថា​ តើ​មាន​ករណី​ឆ្លង​ទេ​ក្នុង​មួយ​ថ្ងៃ​ ពីរ​ថ្ងៃ​ បី​ថ្ងៃ​ ដើម្បី​មើល​និន្នាការ​នៃ​ការ​ឆ្លង។​បើ​សិន​មាន​ការ​ឆ្លង​ ​អា​ហ្នឹង​យើង​អាច​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា»។​

លោក ​យង់ គិមអេង ​បាន​កត់​សម្គាល់​ថា​ ប្រសិន​បើ​កម្ពុជា​មាន​ការ​ឆ្លង​រីក​រាល​ដាល​ធំសាជា​ថ្មី​ នោះ​ ​នោះ​កម្ពុជា​នឹង​លែង​ជា​ប្រទេស​ទី​២ ​ហើយ​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ ​ងើប​ចេញ​ពី​ជំងឺ​កូវីដ១៩។ លោក​ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ជួប​ជុំ​ផឹក​ស៊ី​ច្រើន​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩​នេះ​ផង​ដែរ។​

ខេត្ត​ជា​ច្រើន​ដូច​ជា​ខេត្ត​ព្រះ​សីហនុ ​សៀមរាប​បាត់​ដំបង ​និង​ខេត្ត​មួយ​ចំនួន​ទៀត​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ​ជាតិ​នៅ​តាម​រមណីយដ្ឋាន​ និង​វត្ត​អារាម​ជាដើម។ អាជ្ញាធរ​ខេត្ត​ទាំង​នោះ​ក៏​បាន​ចេញសេចក្តី​ណែ​នាំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ឱ្យ​អប់រំ​ផ្សព្វ​ផ្សាយ​ និង​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​អនុវត្ត​វិធាន​សុខាភិបាល​ និង​ការពារ​ខ្លួន​ ស្រប​តាម​របត់​នៃ​ការ​រស់​នៅ​ធម្មតា​ តាម​បែប​គន្លង​ប្រក្រតី​ថ្មី​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​ ដោយ​ប្រកាន់​យក​ការ​អនុវត្ត​វិធី​ការពារ​ខ្លួន។​

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌ ​លោក ​អ៊ូច វុទ្ធី ​បាន​សង្កេត​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​បាន​រៀន​រស់​ជាមួយ​កូវីដ១៩​នេះ​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​នឿយ​ណាយ ​និង​ចង់​មាន​ការ​ជួបជុំ​បង​ប្អូន ​ក្នុង​ពេល​ចូលឆ្នាំ​នេះ។ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ចេះ​ការ​ពារ​ខ្លួន​ឱ្យ​បាន​ខ្ពស់ ​និង​ត្រូវ​រក​គ្រូ​ពេទ្យ​ព្យាបាលបន្ទាន់​ ប្រសិន​បើ​មាន​អាការៈ​សង្ស័យ​ឆ្លង​ជំងឺ​កូវីដ១៩។ លោក​ថ្លែង​ថា៖ ​«វា​នៅ​តែ​ឆ្លង​ហ្នឹង​ បើ​សិន​ជា​កូវីដ​វា​អត់​ទាន់​ទៅ​ណា ហើយ​អូមីក្រុង​ទៀត។ អ៊ីចឹង​វា​លឿន​ណាស់ ។​ វា​នៅ​ឆ្លង។​យើង​គួរ​ណា​បាន​សិទ្ធិ​ ដើរ​ហើរ​ពេល​ចូល​ឆ្នាំ​ហ្នឹង​ គួរ​ណា​បង​ប្អូន​ចេះ​ប្រុង​ប្រយ័ត្ន​ទៅ ចេះ​ការពារ។​ពេល​ណា​មាន​អាការៈ​មិន​ល្អ មិន​ស្រួល​ យើង​អាច​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ​ ដើម្បី​ព្យាបាល​ខ្លួន»។​

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណ​ធម៌​រូប​នេះ​បន្ត​ថា​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំ​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ក៏​ជា​ការ​ល្អ​ ដែល​អាច​សាក​ល្បង​បន្ថែម​ទៀត​លើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ដែល​កម្ពុជា​បាន​ចាក់​ដល់​ប្រជា​ពលរដ្ឋ​ជាង​៩០% ​និង​ជា​ការ​សាក​ល្បង​បើក​ប្រទេស​ឱ្យ​បាន​ពេញ​លេញ​ឡើង​វិញ។​

អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ លោក ​ឃាង ភារម្យ​ ប្រាប់​វីអូអេ​ថា​ប្រជា​ពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ព្រះ​សីហនុ​នេះ ​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​វិធាន​ការ​សុខា​ភិបាល។​

ចំណែក​ លោក ​លី សំរិទ្ធ​ អភិបាល​រង​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប ​ថ្លែង​ប្រាប់​វីអូអេ​ថា​ ប្រជា​ពលរដ្ឋ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​អនុវត្ត​វិធានការ​៣​កុំ​ និង​៣​ការពារ ​ដើម្បី​កុំ​ឱ្យ​មាន​ចលនា​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ១៩​សា​ជា​ថ្មី។​

លោក​ថ្លែង​ថា៖ ​«បង​ប្អូនមក​ពី​ទី​ជិត​ឆ្ងាយ​ក្នុង​ប្រទេស ​មក​លេង​សៀមរាប​ ច្រើន​ណាស់ ​ អ៊ីចឹង​ទេ​ កុំ​ឱ្យ​វា​មាន​បញ្ហា​ដោយ​សារ​ការ​ឆ្លង​បង្កើត​ឱ្យ​ទៅ​ជា​ចលនា​នៃ​ការ​ឆ្លង​រីក​រាលដាល​ម្តង​ទៀត​ពី​កូវីដ​១៩។ទោះ​បីជា​យើង​មាន​វ៉ាក់សាំង​ បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា​ ច្រើន​លើក​ហើយ​ក៏​ដោយ​ត្រូវ​តែប្រុង​ប្រយ័ត្ន»។ ​

ស្រប​ពេល​មាន​ការ​បើក​ឱ្យ​ជួប​ជុំ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នេះ​ក្រសួង​សុខាភិបាល​ កាល​ពី​ថ្ងៃ​ទី​១២​ខែ​មេសា​ បាន​សម្រេច​ដាក់​ខេត្ត​ចំនួន​៤ ​សាក​ល្បង​លើក​លែង​កាតព្វ​កិច្ច​ពាក់​ម៉ាស់​ ដែល​រួម​មាន​ខេត្ត​រតនគិរី ​ ស្ទឹងត្រែង​មណ្ឌលគិរី ​និង​ខេត្ត​ព្រះវិហារ។​ប៉ុន្តែ​កាតព្វ​កិច្ច​ពាក់​ម៉ាស់​ក្នុង​ខេត្ត​នេះ​ត្រូវ​តែ​បន្ត​អនុវត្ត​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ ​និង​អ្នក​ដែល​មាន​ការ​ពាក់​ព័ន្ធ​អ្នក​មាន​កូវីដ​១៩ ​និង​ការ​ចេញ​ក្រៅ​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ផ្សេង។​

ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ អំពី​ការ​ការពារ​សុខភាព​ និង​ការពារ​ការ​ចម្លង​វីរុស​កូវីដ១៩​ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ផង​ដែរ។ សេចក្តី​ណែនាំ​ក្រសួង​សុខាភិបាល​ ចុះ​ថ្ងៃទី​១ ខែ​មេសា ​ឱ្យ​ដឹង​ថា​ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដោយ​ទទូច​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​សូម​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយ​អនុវត្ត​នូវ​វិធាន​ការ​ ៣​កុំ​៣​ការ​ពារ ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​និង​គ្រប់ៗ​គ្នា។ ​ ក្រសួង​ក៏​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ណា​ដែល​មាន​អាការៈ​សង្ស័យ​មាន​ជំងឺ​កូវីដ១៩​ ត្រូវ​ធ្វើ​តេស្ត​រហ័ស​ ដើម្បី​ចៀស​វាង​ការ​ចម្លង​ដល់​អ្នក​ដទៃ ​និង​ការ​បង្ក​ឱ្យ​មាន​ការ​ចម្លង​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍។​

ក្រសួង​សុខាភិបាល​ក៏​បាន​ដាក់​ចេញ​វិធាន​ការ​មួយ​ចំនួន​ទៀត​ ដូច​ជា​ការ​រក្សា​អនាម័យ​ និង​គម្លាត​សុវត្ថិភាព​នៅ​តាម​វត្ត​អារាម​ ការ​ជ្រើស​រើស​យក​ការ​ធ្វើ​ដំណើរ​ដាច់​ដោយ​ឡែក​ជា​លក្ខណៈ​គ្រួសារ​តូចៗ​ ដែល​មិន​មាន​ការ​ជួប​ជុំ​ច្រើន​ និង​ត្រូវ​ចៀស​វាង​ប្រើ​ប្រាស់​មធ្យោបាយ​សាធារណៈ​ដែល​មាន​ផ្ទុក​មនុស្ស​ច្រើន។​

គួរ​បញ្ជាក់​ថា​តួ​លេខ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់។ ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ករណី​ឆ្លង​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មេសា​ មាន​ចំនួន​១៨​នាក់ ​ដែល​ជា​លទ្ធ​ផល​បញ្ជាក់​ដោយ​ម៉ាស៊ីន​PCR៕