អង្គការកុមារនិងសមភាពយេនឌ័រ កំពុងធ្វើការរួមគ្នាដើម្បីស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដែលនាំឲ្យមានការបាត់បង់ជីវិត និងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ។
គិតចាប់តាំងពីឆ្នាំ ២០១៤មក យ៉ាងហោចណាស់មានអំពើហិង្សាជាង៤០០ករណីកើតឡើងដែលនាំឲ្យស្ត្រីចំនួនជាង ៤០ នាក់បានបាត់បង់ជីវិតនៅក្នុង ១៣ ខេត្តក្រុងដែលឃ្លាំមើលដោយអង្គការសិទ្ធិមនុស្សលីកាដូ។
ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ច្បាប់ស្តីអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះដែលមាន ៨ ជំពូកនិង ៣៧ មាត្រាត្រូវបានព្រាងនៅពាក់កណ្តាលទសវត្សរ៍ ៩០ និងត្រូវបានអនុម័តនៅក្នុងឆ្នាំ ២០០៥ បន្ទាប់ពីប្រទេសកម្ពុជាបានផ្តល់សច្ចាប័នជាសមាជិកនៃអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទនៅក្នុងឆ្នាំ១៩៩២។
ទោះជាយ៉ាងណាអង្គការសង្គមស៊ីវិល ដែលធ្វើការដើម្បីសមភាពយេនឌ័រនិងកុមារបាននិយាយថា ច្បាប់នេះមានចំណុចខ្វះខាតជាច្រើន ដែលទាមទារឲ្យមានការធ្វើវិសោធនកម្មដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារឲ្យមានប្រសិទ្ធភាព។
នៅដើមឆ្នាំ ២០១៣ ដោយមានការគាំទ្រពីអង្គការ International Women's Rights Action Watch-Asia Pacific គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទដែលហៅកាត់ថា NGO-ស៊ីដរ និងបណ្តាញ យេនឌ័រ និងអភិវឌ្ឍន៍ ដែលហៅកាត់ថា GADNet បានចាប់ផ្តើមគម្រោង ដែលអនុលោមទៅតាម CDAW ដោយឲ្យអង្គការចំនួន ៣០ ដែលជាសមាជិក ពិនិត្យច្បាប់នេះឡើងវិញ។
ក្រោយមកការសិក្សាពីការកែប្រែច្បាប់នេះចាប់ផ្តើមឡើងនៅឆ្នាំ ២០១៦ បន្ទាប់ពីមានការសិក្សាស្រាវជ្រាវទៅលើច្បាប់នេះនៅក្នុងឆ្នាំ ២០១៤ ដោយបណ្តាញយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា ក្រោមការសហការពីសាកលវិទ្យាល័យ Royal Holloway University of London នៅក្នុងទីក្រុងឡុងដ៍។
សព្វថ្ងៃ NGO-ស៊ីដរ GADNet និងអង្គការ Save the Children កំពុងសិក្សាទៅលើច្បាប់ស្តីអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងកំពុងទទួលយោបល់ពីអង្គការដទៃទៀតជាច្រើន ដើម្បីស្នើសុំរដ្ឋាភិបាលឲ្យធ្វើវិសោធនកម្មមាត្រានានា ដែលជាការបង្អាក់ការអនុវត្តច្បាប់នេះ ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។
ការសិក្សាផ្តោតទៅលើខ្លឹមសារច្បាប់ និងការអនុវត្តច្បាប់ស្តីអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះនៅកម្ពុជា។
អ្នកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រនិងអភិវឌ្ឍន៍ និងជា អគ្គលេខាធិការនៃបណ្តាញយេនឌ័រនិងអភិវឌ្ឍន៍ ដែលផ្តួចផ្តើមការសិក្សាលើច្បាប់នេះបានប្រាប់ VOA កាលពីថ្ងៃពុធសប្តាហ៍មុននៅការិយាល័យរបស់លោកស្រីថា៖
«យើងស្រាវជ្រាវហ្នឹងមើលទៅលើច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ និងការអនុវត្តដែលពាក់ព័ន្ធនឹងច្បាប់ថា តើមានស្អីដែលធ្វើឲ្យវារលូនឬក៏វាមានការប្រឈមអីទៅលើរឿងដែលគេហៅថា វប្បធម៌ដោយសារមួយច្បាប់មួយវប្បធម៌ ដែលអនុវត្តរាប់រយឆ្នាំរបស់ប្រជាពលរដ្ឋមកហើយហ្នឹង»។
អ្នកស្រីបន្តថា មាត្រាស្ទើរតែទាំងអស់នៃច្បាប់នេះមានភាពមិនច្បាស់លាស់។ ច្បាប់នេះមិនបានកែប្រែអ្នកដែលប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារនោះទេ ហើយច្បាប់នេះជាការដាក់បន្ទុកកាន់តែខ្លាំងទៅលើជនរងគ្រោះនិងសមាជិកគ្រួសារ។
«ច្បាប់នឹងអត់អាចអនុវត្តបានទេដោយសារថា យើងឃើញមានការជជែកពីអ្នកដែលទទួលរងគ្រោះជាស្ត្រី អ្នកច្បាប់ ហើយនិងបុរសដែលធ្វើការនៅក្នុងសហគមន៍។ គាត់បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលធ្វើឲ្យច្បាប់នេះមិនអាចអនុវត្តបានរលូន»។
កាលពីថ្ងៃព្រហស្បតិ៍អង្គការជាង៦០បានជួបជុំគ្នានៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាបន្ថែមពីចំណុចផ្សេងៗនៅក្នុងច្បាប់នេះ ដែលគួរត្រូវបានកែសម្រួល ដើម្បីឲ្យស្របនឹងស្ថានភាពសង្គមនាពេលបច្ចុប្បន្ន។
យោងតាមឯកសារគោលគំនិត ដែលចេញជារួមដោយអង្គការដែលសិក្សាទៅលើច្បាប់នេះបានឲ្យដឹងថា អាជ្ញាធរកម្រអនុវត្តច្បាប់នេះទាំងស្រុង បើទោះបីជាច្បាប់នេះត្រូវបានអនុម័តឲ្យប្រើប្រាស់អស់រយៈពេល១២ឆ្នាំមកហើយក៏ដោយនោះ។ មនុស្សជាច្រើន ដែលរួមទាំងនគរបាល និងអាជ្ញាធរក្នុងស្រុកផងនោះមិនយល់ពីច្បាប់នេះច្បាស់លាស់នោះទេ។
ភាគច្រើនអាជ្ញាធរអនុវត្តច្បាប់នេះនៅពេលដែលអំពើហិង្សាក្នុងគ្រួសារមានសភាពធ្ងន់ធ្ងរដូចជា មានការបង្កឲ្យមានរបួស និងការបាត់បង់ជីវិតដោយសារច្បាប់នេះមិនមានការណែនាំច្បាស់លាស់ដល់អាជ្ញាធរទាំងនោះដើម្បីអនុវត្ត។
អ្នកស្រី ពុង ឈីវកេក ប្រធានគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា NGO-ស៊ីដរ (NGO-CEDAW) មានប្រសាសន៍ប្រាប់ VOA នៅពេលជួបជុំនោះថា ច្បាប់នេះមិនមានការចង្អុលបង្ហាញច្បាស់លាស់។
«ខ្ញុំថានៅខ្វះខាតដោយសារយើងឃើញថាមានបុរស និងស្ត្រីខ្លះអត់បានរៀបអាពាហ៍ពិពាហ៍ទេ ហើយនៅផ្ទះដាច់ពីគ្នាទៀត។អញ្ចឹងយើងចង់ឲ្យច្បាប់ហ្នឹងគ្រប់គ្រងទាំងអ្នកទាំងអស់គ្នាហ្នឹង»។
អ្នកស្រីបន្ថែមថា ច្បាប់ដែលមានអាយុជាង១០ឆ្នាំមកហើយនោះ ត្រូវតែធ្វើវិសោធនកម្មដើម្បីឲ្យស្របតាមស្ថានភាពបច្ចុប្បន្នពិតជាក់ស្តែង និងស្របតាមច្បាប់អន្តរជាតិ និងដើម្បីឲ្យច្បាប់នេះមានវិសាលភាពធំជាងមុន។
«យើងមានករណីខ្លះទៅធ្វើបាបម្តាយក្មេកទៅធ្វើបាបមាមីង ហើយជួនកាលស្ត្រីដែលស្រលាញ់ភេទដូចគ្នាក៏ត្រូវដាក់ក្នុងច្បាប់ហ្នឹង។ បើមិនដាក់យើងខ្លាចថា អ្នកដែលអនុវត្តច្បាប់នឹងលោកវិភាគថា អត់មាននៅក្នុងច្បាប់អញ្ចឹងមិនយកមកអនុវត្តទេ។ អញ្ចឹងបើដាក់ក្នុងច្បាប់ទៅខ្ញុំយល់ថា អានេះជាការប្រសើរជាង»។
អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងឆ្លើយតបជា វិជ្ជមានចំពោះការស្នើសុំនេះ។
«ហើយយើងសង្ឃឹមថា រដ្ឋាភិបាលនឹងយកសំណូមពររបស់យើងចាប់អារម្មណ៍សំណូមពររបស់យើង ហើយបញ្ជូនទៅរដ្ឋសភាដើម្បីរដ្ឋសភាលោកមេត្តាអនុម័តសេចក្តីសំណូមពររបស់យើងហ្នឹង»។
មន្ត្រីក្រសួងកិច្ចការនារីមួយរូប ដែលសុំមិនបង្ហាញឈ្មោះដោយលើកឡើងថា ខ្លួនមិនមែនជាអ្នកផ្តល់អត្ថាធិប្បាយដល់អ្នកសារព័ត៌មាននោះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងដឹងអំពីភាពខ្វះខាតនៃច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងសំណើរបស់សង្គមស៊ីវិលហើយថា ក្រសួងនឹងធ្វើការទៅលើរឿងនេះជាមួយអង្គការសង្គមស៊ីវិលនៅពេលដែលពួកគេបញ្ចប់កិច្ចការស្នើសុំរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយមន្ត្រីរូបនេះបាននិយាយថា រដ្ឋាភិបាលនឹងមិនធ្វើការកែប្រែមាត្រាទាំងអស់នោះទេ។
យោងទៅតាមស្ថិតិដែលផ្តល់ដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលឃ្លាំមើលអំពើហិង្សាក្នុងគ្រួសារលើស្ត្រីក្នុងចំណោម ១៣ខេត្តក្រុងដែលមានការិយាល័យលីកាដូតាំងនៅបានឲ្យដឹងថា នៅឆ្នាំ ២០១៤ អង្គការនេះបានទទួលពាក្យបណ្តឹងករណីអំពីហិង្សាក្នុងគ្រួសារចំនួន ១៦៣ ករណីដែលក្នុងនោះមានស្ត្រី ៨ នាក់បានស្លាប់។ នៅក្នុងឆ្នាំ ២០១៥ ករណីអំពើហិង្សាដែលអង្គការនេះទទួលបានមានចំនួនធ្លាក់ចុះមកត្រឹម ១៣៧ ករណី តែចំនួនស្ត្រីដែលបាត់បង់ជីវិតមានការកើនឡើងរហូតដល់ ២១ នាក់។ នៅក្នុងឆ្នាំ ២០១៦ អំពើហិង្សាក្នុងគ្រួសារ ដែលអង្គការនេះទទួលបានមាន ១២៥ ករណីក្នុងនោះមានស្ត្រី ១១ នាក់បានបាត់បង់ជីវិត។ ហើយនៅ៣ខែដើមឆ្នាំ ២០១៧ នេះអង្គការនេះទទួលបានពាក្យបណ្តឹងចំនួន ២៣ ករណីដែលក្នុងនោះមានស្ត្រី ៤នាក់បានបាត់បង់ជីវិត។
ភាគច្រើនស្ត្រីដែលបាត់បង់ជីវិតនោះធ្លាប់រងអំពើក្នុងគ្រួសារជាច្រើនលើកច្រើនសាររួចមកហើយ៕