សង្គម​ស៊ីវិលខ្វល់អំពី​​កំណើន​នៃអំពើ​ហិង្សា​ក្រោយការ​បោះឆ្នោត

លោក​សុខ សំអឿន នាយក​ប្រតិ​បត្តិ​​គម្រោង​អ្នក​ច្បាប់​​ការពារ​សិ​ទ្ធិ​កម្ពុជា និង​​​លោក​​នី ​ចរិយា​ មន្ត្រី​សិទ្ធិ​​មនុស្ស​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក​ ជា​វាគ្មឹន​​កម្មវិធី​​ហេឡូ​វីអូអេ​​ថ្ងៃ​​៨​ខែ​​សីហា​ ២០១៣។

Your browser doesn’t support HTML5

អំពើ​គំរាម​កំហែង​ក្រោយការ​បោះឆ្នោត​ជាតិ

វ៉ាស៊ីនតោន - ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា​ នឹង​មាន​កំណើន​នៃ​អំពើ​ហិង្សា​ក្រោយការ​បោះឆ្នោត​ ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាត់បង់​អាសនៈ​ច្រើន​ក្នុង​រដ្ឋសភា។​ នេះជា​ការ​អះអាង​របស់​ក្រុម​វាគ្មិន​ក្នុង កម្ម​វិធី​ហេឡូវីអូអេ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍។​

ទំរង់នៃ​អំពើ​ហិង្សា​រាប់​ទាំង​អំពើ​ឃាដកម្ម​ ការលួច​ដុតផ្ទះ​ ការ​សម្លុត​ពី​អាជ្ញាធរ​ មូលដ្ឋាន​តាម​ភូមិ ​ឃុំ ​នានា​ក្នុង​ប្រទេស។​ អំពើ​គំរាម​កំហែង​ខ្លះ​ត្រូវគេ​ចោទ​ប្រកាន់​ថា​ ប្រពឹត្ត​ដោយ​មេភូមិ​ និង​សកម្មជន​គណបក្ស​កាន់​អំណាច។​

ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ លោក​នីចរិយា​ ប្រធាន​ក្រុមអ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ សិទ្ធិ​មនុស្ស​អាដហុក​ បាន​អះអាង​ថា​ ការ​បោះឆ្នោត​អាណតិ​ទី៥​នេះ​ជារឿង​ចម្លែក​ដែល​អំពើ​ហិង្សា​មាន​ការ​កើន​ឡើង​ខុស​ពី​ការ​បោះឆ្នោត​មុនៗ​ដែល​ធ្លាប់​ថយ​ចុះ​ក្រោយ​ការ​បោះឆ្នោត។​ លោក​ថ្លែង​ថា​ អាជ្ញាធរ​មូលដ្ឋាន​ដែល​គួរ​តែ​ការពារ​ប្រជា​ពលរដ្ឋ​ តែបែរ​ជា​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​វិញ​ នេះ​ជាការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​ដល់​ប្រជា​ពលរដ្ឋ។​

លោក​សុខ សំអឿន​ នាយក​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ ដែល​ជា​វាគ្មិន​មួយ​រូប​ទៀត​បាន​អះអាង​ថា ​ការ​គំរាមកំហែង​នេះ​កើត​ឡើង​ដោយ​សារ​មេភូមិ​និង​ឃុំ​ជា​មន្ត្រី​គណបក្ស​ ដែល​ត្រូវ​ការពារ​តួនាទី​គណបក្ស ​និង​បំពេញ​តួនាទី​តាម​គណបក្ស​ ហើយ​មួយ​ទៀត​ដោយសារ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​សំឡេងច្រើន​នៅ​អាណត្តិ​នេះ។​ លោក​សុខ សំអឿន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​បង្រ្កាប​កុំ​ឲ្យ​មាន​អំពើហិង្សា​ និង​ការ​គម្រាម​កំហែង​កើត​ឡើង​ ហើយ​បានអំពាវនាវ​ឲ្យ​គណបក្ស​នយោបាយមានការ​គិតគូរ​ទៅ​ថ្ងៃ​អនាគត​ទាក់ទងនឹង​ឯករាជ្យ​ភាព​របស់​មន្ត្រី​មូលដ្ឋាន​ កង​កម្លាំង​ប្រដាប់​អាវុធ​នោះ។​

សូមស្តាប់​ការ​បកស្រាយ​បន្ថែម​របស់​វាគ្មិន​ទាំង​ពីរ​គឺលោក​សុខ សំអឿន​ និង​លោក​នី ចរិយា​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ទី៨ខែ​សីហា​ ឆ្នាំ​២០១៣​ អំពី​«អំពើ​គំរាម​កំហែង​អ្នក​បោះឆ្នោត​ ក្រោយការ​បោះឆ្នោត​ជាតិ»៕