ច្បាប់​អង្គការ​រំខាន​កិច្ចប្រឹងប្រែង​រដ្ឋាភិបាល​អំពី​«ការទទួល​ខុស​ត្រូវ​ដើម្បី​បង្ការ»

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។ (នៅ វណ្ណារិន/VOA)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​​ការ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​បទដ្ឋាន​នេះ ​​​យល់ថា​ ច្បាប់​នេះ​នឹង​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​​តស៊ូ​មតិ​ដោយ​អហិង្សា​ ហើយ​ងាក​ទៅ​រកហិង្សា។​

កិច្ច​ខិតខំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​បរាជ័យ​នៅ​ក្នុង​ការ​អនុវត្ត​បទដ្ឋាន​ថ្មី​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​«ការ​ទទួល​ខុសត្រូវ​ដើម្បី​បង្ការ»​ ដែល​មានការ​យល់​ព្រម​ពីប្រមុខ​រដ្ឋនានា​កាល​ពី​១០​ឆ្នាំមុន​ដោយសារ​តែ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាលដ៏​ចម្រូង​ចម្រាស។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​មាន​តួនាទី​សំខាន់​ក្នុងការ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​បទដ្ឋាន​នេះ ​យល់ថា​ ច្បាប់​នេះ​នឹង​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការតស៊ូ​មតិ​ដោយ​អហិង្សា​ ហើយ​ងាក​ទៅ​រកហិង្សា។​ ​ ការ​ងាកទៅ​រក​អំពើ​ហិង្សា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពី​បទដ្ឋាន​នៃ​«ការទទួល​ខុសត្រូវ​ដើម្បី​បង្ការ»​នេះ​តែ​ម្តង។​

សកម្មជន​សិទ្ធិ​មនុស្ស​ និង​មេ​ដឹកនាំ​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​សម្តែងក្តី​បារម្ភ​អំពី​ការ​អនុវត្ត​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​នឹង​មិន​អាច​រួម​ចំណែក​ដល់​ការ​ដោះ​ស្រាយ​វិបត្តិ​សង្គម​ដែល​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ននេះទេ​ ហើយ​ច្បាប់​ដដែល​នេះ​ក៏​នឹង​អាច​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ពិបាក​ធានា​បាន​នូវ​បទដ្ឋាន​ថ្មីមួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​«ការ​ទទួល​ខុស​ត្រូវ​ដើម្បី​បង្ការ» ​ដែល​មាន​គោល​បំណង​ទប់ស្កាត់​ការ​បង្ក​អំពើ​ឃោរឃៅ​ដោយ​មនុស្ស​ជាតិ​ខ្លួន​ឯង។​

«ការ​ទទួល​ខុស​ត្រូវ​ដើម្បី​បង្ការ»​ដែល​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ​ហៅ​ជា​ភាសា​អង់​គ្លេស​ថា​ Responsibility to Protect ​គឺ​ជា​បទដ្ឋាន​ថ្មី​មួយ​ដើម្បី​រារាំង​ និង​ទប់​ស្កាត់អំពើ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​ការបោស​សម្អាត​ជនជាតិ​ភាគតិច​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​ ការ​ទទួល​ខុសត្រូវ​ដើម្បី​បង្ការ​នេះ​មិន​មែន​ជា​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ការ​បេ្តជ្ញា​ចិត្ត​ផ្នែក​នយោបាយដើម្បី​បង្ហាញ​ផ្លូវ​ដល់​រដ្ឋ​ និង​ការ​រៀប​ចំ​ថ្នាក់​តំបន់​ និង​អនុ​តំបន់​នានា​នៅក្នុង​ការ​បង្ការ​ប្រជាជនឲ្យ​គេច​ផុត​ពី​ឧក្រិដ្ឋ​កម្ម​ និង​អំពើ​ហិង្សា​ទាំង​នេះ។ ​នេះ​បើ​យោង​ទៅ​តាម​ឯកសារ​របស់​អង្គការ​សម្ព័ន្ធ​ភាព​អន្តរជាតិ​សម្រាប់ការ​ទទួល​ខុសត្រូវដើម្បី​បង្ការ​ (International Coalition for the Responsibility to Protect) ​ដែល​ធ្វើ​ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

អ្នកស្រីរស់ សុភាព ​នាយិកា​អង្គការ​យេនឌ័រ​ និង​ការ​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ ការធ្វើ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​មិន​ស្រប​ទៅ​តាម​គោល​ការណ៍​នៃ​«ការ​ទទួល​ខុសត្រូវ​ដើម្បី​បង្ការ»​នោះ​ទេ ​ក្នុងការ​ទប់​ស្កាត់​អំពើហិង្សា​ដែល​អាច​ផ្តើម​ចេញ​ពីទ្រង់​ទ្រាយ​តូច​ ហើយ​រីក​ធំ​ឡើង​ទៅ​ជា​អំពើ​ហិង្សា​ដ៏​គ្រោះ​ថ្នាក់​ដល់​ស្ថិរភាព​សង្គម។​

«ខ្ញុំគិត​ថា​ វា​ហាក់​ដូច​ជា​មិនសូវ​ឆ្លើយ​តប​ទៅ​នឹងគោលការណ៍​ហ្នឹងទេ​ ព្រោះ​ដូច​ថា​ រដ្ឋាភិបាល​គិត​ម្ខាង​ ឯ​សង្គម​ស៊ីវិល​សំណូម​ពរ​ទៅ​ រដ្ឋាភិបាល​លោក​តែង​តែ​មាន​ការ​ឆ្លើយ​តប​ទៅ​តាម​អ្វី​ដែល​លោក​អាច​ឆ្លើយ​តប​បាន​ ដែល​ធ្វើ​ឲ្យ​យើង​ហ្នឹង​មិន​ទាន់​ មិនទាន់​ពេញ​ចិត្ត។​ អញ្ចឹងដំណើរ​ការ​អ្វី​ដែល​លោក​ចង់​ធ្វើ​គឺ​នៅ​តែ​បាន​អញ្ចឹង​ ហើយ​អញ្ចឹងដែល​ធ្វើ​ឲ្យ​យើង​គិត​ថា​ មិន​មាន​ មិន​អាច​ទប់​ស្កាត់​ទៅ​លើ​អំពើ​ហិង្សា​ហ្នឹង​បាន។​ ហើយ​អញ្ចឹង បើ​សិន​ជា​ទប់​អត់​បាន​ ខ្ញុំ​គិតថា​ ប្រជា​ពលដ្ឋ​យើង​មើល​ ហើយ​ខាង​ភាគី​ប្រជា​ពលរដ្ឋ​គឺ​មិន​មាន​ស្អី​ទេ។ ​ហើយ​អញ្ចឹងទៅ​ខាង​រដ្ឋាភិបាល​លោក​មាន​កម្លាំង​ប្រដាប់​អាវុធ​ ហើយ​តែង​តែ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក្រាប។​ ត្រង់​ហ្នឹង​ហើយ​ដែល​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ»។​

អង្គការ​សង្គមស៊ីវិលបាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​កើត​មាន​អំពើ​ហិង្សា​ជា​រឿយៗ​ ជាពិសេស​ទាក់​ទង​នឹង​បញ្ហា​ដី​ធ្លី​ ការ​តវ៉ា​របស់​កម្មករ​ និង​ការ​បញ្ចេញ​មតិ​តាម​រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​គេ​ឃើញ​ថា​ មាន​ការ​វាយ​ដំ​ បង្ក្រាប​យ៉ាង​ខ្លាំង​ និង​ចាប់​ដាក់​គុក។​ ​ ហើយ​ក្រោយ​ពេល​ដែល​ច្បាប់​អង្គការ​ សមាគមត្រូវ​បាន​អនុម័ត​ដោយ​សភា​មក​ ​គេ​សង្កេត​ឃើញ​ថា​ មាន​ការ​រិត​ត្បិត​ការ​បញ្ចេញ​មតិ​ តែបាតុកម្ម​គាំទ្រ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ត្រូវ​គេ​ឃើញ​ថា​ ធ្វើ​ឡើង​ដោយងាយ​ស្រួល។​ ​ នៅ​ក្នុង​សប្តាហ៍​នេះ​ដែរ​ តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ពីររូប​ត្រូវ​បាន​វាយ​ដំ​ ទាត់​ធាក់​ដោយ​ក្រុមបាតុករ​ដែល​គេ​ជឿ​ថា​ ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច។​ ការ​វាយ​ទាត់​ធាក់​នេះ​កើត​មាន​ខណៈក្រុម​បាតុករនេះធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យលោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ចេញ​ពី​តំណែងអនុ​ប្រធាន​រដ្ឋសភា។​

អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ ដែល​កើត​ចេញ​ពី​ទំនាស់នៅ​ក្នុង​សហគមន៍។​ នេះ​បើយោង​ទៅ​តាម​ឯកសារ​អប់រំ​នៃ​គោល​ការណ៍​«ការ​ទទួល​ខុសត្រូវ​ដើម្បី​បង្ការ»។​

ឯកសារ​នោះ​សរសេរ​ថា​ «សមាជិក​នៃ​សង្គម​ស៊ីវិល​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើការ​យ៉ាង​ល្អ​ទៅ​តាម​ចំណេះ​ដឹង​របស់​ពួក​គេ​ និង​ស្ថាន​ភាព​នៅ​កៀកជិត​នឹងសហគមន៍​ដែល​រង​គ្រោះ​ដោយ​វិបត្តិ​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ភាគី ​ដែល​កំពុង​មាន​ទំនាស់​ ឲ្យ​ធ្វើ​ការ​ចរចា​ និង​រក​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិ​ទាំង​នោះ​ដោយ​អហិង្សា​ ក៏ដូច​ជា​គាំទ្រ​ និង​ចូលរួម​ ហើយ​និង​ដឹកនាំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា​ដើម្បី​សម្រប​សម្រួល​ ឬ​ដោះ​ស្រាយ​ជម្លោះ​ទាំង​ឡាយ​ណា​ដែលអា​ច​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ»។​

យ៉ាងណា​ក៏ដោយ​ អង្គ​នីតិ​បញ្ញតិ​ ឬស្ថាប័ន​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា​បាន​អនុម័ត​ច្បាប់​ស្តីពី​សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់​ ដែល​ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ពេញ​ចិត្ត​នោះ​ទេ។​ ពួក​គេ​និយាយ​ថា ច្បាប់​នេះ​នឹង​រឹតបន្តឹង​លើ​សកម្ម​ភាព​របស់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ ពី​ព្រោះ​ច្បាប់​នេះ​មិន​បាន​ពន្យល់​ច្បាស់​អំពី​ចំណុច​ជាច្រើន​ដែល​អាច​ទប់​ស្កាត់​សកម្មភាព​របស់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ។​

មាត្រា​៨​នៃ​ច្បាប់​នេះបាន​ចែង​ថា៖ ក្រសួង​មហាផ្ទៃ​អាច​បដិសេធ​ការ​ស្នើសុំ​ចុះ​បញ្ជី​សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុកណា​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​គោល​បំណង​ និង​ទិស​ដៅ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ ស្ថិរភាព​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ឬ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ ឯកភាព​ជាតិ​ វប្បធម៌​ ប្រពៃណី​ ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម​ជាតិ​កម្ពុជា។​ សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដែល​ក្រសួង​មហា​ផ្ទៃ​ស​ម្រេច​បដិសេធ​ការ​ស្នើ​សុំ​ចុះ​បញ្ជី​ មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ»។​

លោក​អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា ​ច្បាប់នេះ​អាចរារាំង​មិន​ឲ្យប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ធ្វើ​ការ​តស៊ូ​មតិ​តាម​ការ​ចងក្រង​ជា​ក្រុម​តូចៗ​ អាច​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​បាន​ទេ​ នៅពេល​ច្បាប់​នេះ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ច្រើន​ឡើងៗ​នោះ។​

«ជា​ធម្មតា​ កាលណា​យើង​បិទ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង​ទំាង​អស់​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើអី​ បាន​ន័យ​ថា​ ដូច​យើង​យក​ទឹក​ក្តៅ​ យក​អី​ទៅ​បិទ​រន្ធ​កណ្តុរ​អញ្ចឹងណា៎។​ ​ អញ្ចឹងដល់ពេលយើង​បិទ​ជិត​អស់​ អត់​មាន​ធ្វើ​អី​សម្រាប់​ឲ្យ​ដក​ដង្ហើម​ ​ពេល​ហ្នឹង​គឺ​ជា​ធម្មតា​សត្វ​ទាំង​អស់​ វាត្រូវ​បុក​ចេញ​ហើយ។​ ​ អញ្ចឹង​ ពេល​ហ្នឹង​ហើយ​ដែល​វា​អាច​មាន​បញ្ហា​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ ដោយ​សារ​តែ​ការ​រិត​ត្បិតសិទ្ធិ​សេរីភាព​ខ្លាំង​ទៅៗ ​ហើយ​មាន​ការ​តស៊ូ ​និង​តវ៉ាច្រើន​ឡើងៗ។​ ហើយ​ពេល​ហ្នឹង ​កាល​ណា​កើត​ចេញ​ច្រើនធ្វើ​អី​មិន​កើត​ ​ គេប្រើ​កម្លាំង​បង្រ្កាប។​ អាហ្នឹង​អំពើ​ហិង្សា​នឹង​អាច​កើត​ឡើង។​ វា​អាច​នឹង​មាន។ យើង​មាន​មេរៀន​បន្តៗ​ហើយ​ ដូច​ជា​នៅ​ឆ្នាំ​២០១៤​មាន​ការ​បង្រ្កាប​ទៅ​លើ​កម្មករ​បណ្តាល​ឲ្យ​ស្លាប់​ និង​រង​របួស​ជា​ហូរ​ហែ​ អាហ្នុងគឺបើសិន​ជាយើង​រឹត​ត្បិត​កាន់​តែ​ខ្លាំង​ទៅៗ​ អំពើ​ហិង្សា​ ហើយ​និង​ការ​ប៉ះ​ពាល់​ដល់អាយុ​ជី​វិត​ ក៏​ដូចជារូបរាង​កាយ​ ​នឹង​កើត​មាន​ជាបន្ត​បន្ទាប់»។​

ថ្វីដ្បិត​តែច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​លក្ខណៈ​រឹតត្បិត​ដែល​អាច​បង្ក​ទៅ​ជា​អំពើ​ហិង្សា​ក្តី​ មន្ត្រី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​តែង​តែ​និយាយ​សរសើរ​ថា​ ច្បាប់​នេះ​មាន​ភាព​ល្អ​ប្រសើរ​ និង​ធូរ​រលុង​ជាង​ច្បាប់​នៅ​ក្នុង​ប្រទេស​ដទៃ​ ជាពិសេស​គឺ​ក្នុង​ប្រទេសឧស្សាហ​កម្ម​ជឿន​លឿន។​ រី​ឯ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ តែងតែ​បាន​លើក​ឡើង​ពីយុទ្ធសាស្ត្រ​ឈ្នះៗ​របស់​លោក​ ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជានាចុង​ឆ្នាំ​១៩៩៨។​ រដ្ឋាភិបាល​របស់​លោក​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ខ្មែរ​ក្រហម​ដ៏​ប្រល័យ។​

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ហ៊ុន សែន​ដែល​បាន​ផ្តល់​ជូន​ដល់​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ស្តីពី​«ការ​ទទួល​ខុសត្រូវ​ដើម្បី​បង្ការ»​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា​ ​ប្រទេស​កម្ពុជាកំពុង​តែ​រួម​ចំណែក​ធំមួយ​ក្នុង​ការ​ការ​ពារ​ប្រជា​ពលរដ្ឋ​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ការ​លុប​បំបាត់​ជន​ជាតិ​ភាគតិច​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ក្នុង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។​ ក្នុងនោះ កម្ពុជា​ពិត​ជា​មាន​មោទន​ភាព​ក្នុង​ការ​រួម​ចំណែក​លើ​ប្រតិបត្តិការ​រក្សា​សន្តិភាព​ និង​មនុស្ស​ធម៌​របស់​អង្គការ​សហ​ប្រជាជាតិ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ជន​ជាតិ​កម្ពុជា​ប្រមាណ​១០០០នាក់​កំពុង​តែ​បំពេញ​បេសក​កម្ម​ រួម​ចំណែក​ក្នុង​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​ និង​មនុស្ស​ធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ជុំវិញ​ពិភព​លោក។​

លោក​ហ៊ុន សែន​ ជា​អតីតកម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់ បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​នោះ​ថា៖

«ខ្ញុំ​ជឿ​ជាក់​ថា​ ប្រទេស​កម្ពុជា​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​លើក​កម្ពស់​«ការ​ទទួល​ខុសត្រូវ​ដើម្បី​បង្ការ»​ និង​ការ​ទប់​ស្កាត់​អំពើ​ឃោរ​ឃៅ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ តាម​រយៈ​បទពិសោធន៍​ពិសេស​របស់​ខ្លួន​ និង​អ្វីៗដែល​យើង​សម្រេច​បាន​នាពេល​កន្លង​មក​ ក្នុងការ​ដោះ​ស្រាយ​អំពើ​ឃោរ​ឃៅ​ក្រោម​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម»។​

របប​ខ្មែរ​ក្រហម​បាន​ឆក់​យក​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១,៧​លាននាក់។​ របបនោះ​មិន​តម្រូវ​ឲ្យ​មាន​សមាគម​ ឬអង្គការ​សង្គម​ស៊ីវិល​នោះ​ទេ​ ហើយ​ប្រជា​ពលរដ្ឋខ្មែរ​ក្នុង​សម័យនោះ​ត្រូវ​តែ​ស្តាប់​តាម​អង្គការ​ចាត់តាំង​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ឆ្លង​កាត់​សម័យនោះ​ស្គាល់​ថា​«អង្គការ»។​ សិទ្ធិ​ពលរដ្ឋ​ខ្មែរ​គ្រប់​យ៉ាង​ត្រូវ​បាន​កម្ទេច​ ពីព្រោះ​រាល់​កិច្ចការ​ត្រូវ​កំណត់​ឡើង​ដោយ «អង្គការ»​នៃក្រុម​កុម្មុយនីស្ត​ខោ​អាវ​ខ្មៅនេះ។​

នៅ​ក្នុង​សង្គម​ខ្មែរ​នាសម័យ​សង្គម​ប្រជា​ធិបតេយ្យនេះ​ គេ​សង្កេត​ឃើញ​ថា​ ​វប្បធម៌​និទណ្ឌ​ភាពនៅ​តែ​បន្ត​កើត​មាន​ ​ខណៈដែល​ប្រទេស​ដ៏ក្រី​ក្រ​នេះ​ កំពុង​ប្រឈម​ជាមួយ​នឹង​សកម្មភាព​ហិង្សា​ និង​ការ​បាញ់សម្លាប់​ដោយអាជ្ញា​ធរ​មាន​សមត្ថកិច្ច ហើយ​ជន​សង្ស័យ​ភាគច្រើន​មិន​ទាន់​ត្រូវ​បាន​នាំមក​កាត់​ទោស​នោះ​ឡើយ។​ ពួក​មេដឹកនាំខ្មែរ​ក្រហម​ ​របប​បាន​ហៅ​របប​ខ្លួន​ឯង​ថា​ ​«កម្ពុជា​ប្រជា​ធិបតេយ្យ»។​

ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្សបាន​សង្កត់​ធ្ងន់​ថា​ កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​អាច​បញ្ចៀស​សង្គ្រាម​ក្នុង​ស្រុក​ដែល​ធ្លាប់​កើត​មាន​ ហើយ​មិន​អាច​មាន​ការសម្លាប់​រង្គាល​ដូច​សម័យ​ខ្មែរ​ក្រហម​នោះ​ទេ​ ប្រសិន​បើ​មាន​ការ​គោរព​ច្បាប់​ត្រឹម​ត្រូ​វ​ដោយមេដឹកនាំ​ប្រទេស​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ។​ ​ ច្បាប់​ដែល​ធ្វើ​ឡើង​មិន​អាច​មាន​ភាព​តឹងរឹង​នោះដែរ។​ ​ សម័យ​ខ្មែរ​ក្រហម​កើត​មាន​ដោយសារ​កំហឹង​វណ្ណៈ​ អ្នក​ក្រ​ស្អប់​អ្នក​មាន។​ ពេលក្រុម​នេះ​កាន់​កាប់​ប្រទេស​កម្ពុជា​រយៈ​ពេល​បី​ឆ្នាំ​ ពីឆ្នាំ​១៩៧៥​ដល់​១៩៧៩​ កម្ពុជា​មិន​បាន​គ្រប់​គ្រង​ដោយ​ច្បាប់​ទេ​ តែ​ដោយ​ការ​ចាប់​កំហុស​គ្នា​ទៅ​វិញ​ទៅមក​ ឈាន​ដល់​ការ​កាប់​សម្លាប់​គ្នា​ឯង​យ៉ាង​ព្រៃ​ផ្សៃ។​

លោក​អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាននិយាយ​ថា ​រដ្ឋាភិបាលកម្ពុជា​គួរ​ពិចារណា​លើ​ការ​អនុវត្ត​ច្បាប់​ដែល​មិន​មាន​លក្ខណៈ​តឹងរឹង​ខ្លាំង ​ហើយ​អាច​នាំឲ្យ​មានការ​ផ្ទុះ​កំហឹង​សាធារណៈ​ដែល​ជា​ដើមចម​នាំ​ឲ្យប្រទេស​កម្ពុជា​ទៅ​ជួបវិបត្តិ​សង្គម​ធ្ងន់​ធ្ងរ​ ដូច​ជា​សង្គ្រាម​ក្នុង​ស្រុក ​និង​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​របប​ខ្មែរក្រហម។

«យើង​គួរ​តែ​មាន​ការ​អនុវត្ត​ច្បាប់ ការ​គោរព​សិទ្ធិ​មនុស្ស​ ទៅតាម​រដ្ឋ​ធម្មនុញ្ញ​ទៅ​តាម​បទ​ដ្ឋាន​អន្តរ​ជាតិនានា​ ជាពិសេស​ កម្ពុជា​យើង​ ដែល​ជា​រដ្ឋ​ភាគី​នៃ​អង្គការ​សហ​ប្រជាជាតិ ​ហើយដែលបាន​ផ្តល់​សច្ចាប័ន​ និង​ផ្តល់​ហត្ថលេខា​ជាច្រើន​ទៅ​លើអនុសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ជាច្រើន​នោះ​ យើង​គួរ​តែ​នំា​គ្នា​គោរព​ ហើយ​បើមានការបើក​ទូលាយ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ នោះ​នឹងមិន​មានបញ្ហា​ទាំង​អស់​ហ្នឹង​កើត​មាន​នៅ​ពេល​ខាង​មុខទេ»។​

ដោយ​ហេតុ​តែ​មើល​ឃើញ​នូវគ្រោះ​ថ្នាក់​ដែលអំពី​ហិង្សា​នាំ​ទៅ​ជា​គំនុំ​គុំ​កួន​កាប់​សម្លាប់​នេះ​ ​ទើប​ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​ជាច្រើន ​ដែល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ​ បាន​បោះ​ឆ្នោត​ជា​ឯកច្ឆ័ន្ទ​ទទួល​យក​គោល​ការណ៍​«ការ​ទទួល​ខុស​ត្រូវ​ដើម្បី​បង្ការ»​នេះនៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៥៕