លោក ស្គុត បើសប៊ី (Scott Busby) ឧបការីរងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានទទូចស្នើឲ្យរដ្ឋាភិបាលកម្ពុជាគិតពិចារណាឡើងវិញឲ្យបានហ្មត់ចត់លើដំណើរការធ្វើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយលោកយល់ថា ច្បាប់នេះមិនមានការចាំបាច់ក្នុងការបង្កើតនោះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មុនបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលបញ្ចប់នៅថ្ងៃអង្គារនេះ លោក ស្គុត បើសប៊ី (Scott Busby) បានឲ្យដឹងថា វាជាការសំខាន់ណាស់ដែលរដ្ឋាភិបាលកម្ពុជាបញ្ចេញសេចក្តីព្រាងច្បាប់ចុងក្រោយជាសាធារណៈ ដើម្បីដាក់ឲ្យមានការពិភាក្សា និងផ្តល់យោបល់ពីភាគីដែលពាក់ព័ន្ធ ដែលកំពុងតែបារម្ភអំពីផលវិបាកនៃច្បាប់ថ្មីនេះ។ ហើយវាជាការល្អសម្រាប់កម្ពុជាដែរ ដើម្បីបញ្ចប់ក្តីបារម្ភទាំងនោះ។
«យើងមានការចាប់អាម្មណ៍ចង់ឃើញដូចអង្គការសង្គមស៊ីវិលដែរ។ អញ្ចឹងសំណូមពរបឋមរបស់យើងចំពោះរដ្ឋាភិបាលកម្ពុជាគឺថា ប្រសិនបើរដ្ឋាភិបាលយល់ថា មានភាពចាំបាច់ក្នុងការបន្តជំរុញច្បាប់នេះ ក៏ប៉ុន្តែ យើងមិនយល់ថា វាមានភាពចាំបាច់នោះទេ។ តែបើរដ្ឋាភិបាលគិតថា វាសំខាន់នោះ នោះរដ្ឋាភិបាលកម្ពុជាគួរតែចែករំលែកអត្ថបទនៃច្បាប់មួយនេះជាសាធារណៈឲ្យបានឆាប់តាមដែលអាចធ្វើបាន»។
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះចាប់តាំងពីឆ្នាំ២០១០ ហើយបានដាក់ឲ្យមានកិច្ចពិភាក្សាពីរលើកនាឆ្នាំ២០១១។ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានជំរុញឱ្យយកសេចក្តីព្រាងច្បាប់នេះមកធ្វើបន្ត ហើយដោយចង់ឱ្យមានការអនុម័តច្បាប់នេះ ឲ្យបានមុនដំណាច់ខែឧសភាកន្លងទៅជាកំហិត។ ជំហរចុងក្រោយរបស់លោកបានបង្កឲ្យមានក្តីបារម្ភជាច្រើន ដោយគេយល់ថា ច្បាប់នេះអាចជាការរឹតត្បិតលើសេរីភាព និងដំណើរការបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត សេចក្តីព្រាងចុងក្រោយនៃច្បាប់នេះមិនត្រូវបានដាក់ឲ្យឃើញជាសាធារណៈនៅឡើយទេ។
លោក ស្គុត បើសប៊ី (Scott Busby) បានធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសកម្ពុជា ដោយលោកបានជួបផ្ទាល់ជាមួយអង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា និងមន្ត្រីរដ្ឋាភិបាលកម្ពុជាសំខាន់ៗ រួមទាំងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ។
លោក ស្គុត បើសប៊ី (Scott Busby) បានឲ្យដឹងថា នៅជំនួបរវាងលោក និងលោករដ្ឋមន្ត្រី ហោ ណាំហុង កាលពីព្រឹកថ្ងៃអង្គារនេះ លោកបានលើកពីក្តីបារម្ភរបស់អង្គការសង្គមស៊ីវិលលើច្បាប់នេះ ក៏ប៉ុន្តែលោក ហោ ណាំហុង ថ្លែងការពារច្បាប់នេះ ដោយលើកឡើងថា ច្បាប់នេះនឹងជួយឲ្យកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលកាន់តែប្រសើរថែមទៀត។
លោក បើសប៊ី បានបន្ថែមថា៖ «យើងគាំទ្រកិច្ចសហប្រតិបត្តិការបែបនេះ តែខ្ញុំបាននិយាយទៅកាន់គាត់ថា យើងមិនជឿថា ចាំបាច់ត្រូវមានច្បាប់ NGO មួយថ្មីសម្រាប់សម្រេចបំណងនេះទេ។ ខ្ញុំសង្ឃឹមដោយស្មោះថា បើគេសម្រេចថា ច្បាប់នេះគួរតែដើរទៅមុខ វានឹងលើកទឹកចិត្ត ហើយសម្រួលដល់ NGO ក្នុងការងារដ៏មានសារៈសំខាន់ដែលអង្គការទាំងនេះធ្វើ ដោយបន្តគោលនយោបាយប្រកបដោយភាពឆ្លាតវៃរបស់ប្រទេសកម្ពុជា ដែលបានអនុញ្ញាតឲ្យសង្គមស៊ីវិលមានការដុះដាល ហើយរួមចំណែកដល់ការអភិវឌ្ឍប្រទេស»។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះក៏បានបន្ថែមថា៖ «កម្ពុជាគួរតែរក្សាអ្វីដែលខ្លួនមាន ជាពិសេសការសម្បូរបែបរបស់ NGO ដែលជួយរួមចំណែកជាមួយកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសក៏ក្រីក្រនេះ ដែលកន្លងមកអង្គការទាំងនេះបានជួយលើការអភិវឌ្ឍជាច្រើន រួមមានផ្នែកសុខាភិបាល ការអប់រំ និងសិទ្ធិមនុស្សជាដើម»។
ដោយឡែកបន្ទាប់ពីកិច្ចប្រជុំនាទីស្តីការក្រសួងការបរទេស លោក ហោ ណាំហុងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់នេះបានដាក់ឲ្យពិភាក្សាពីរលើករួចមកហើយនាឆ្នាំ២០១១ ដែលបានប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធ និងស្ថានទូតបរទេសនានាផងដែរ។ លោកបន្ថែមថា សង្គមស៊ីវិលមិនគួរបារម្ភនោះទេ ដោយពួកគេអាចមានឱកាសពិភាក្សាលើច្បាប់មួយនេះ នៅពេលដែលច្បាប់នេះទៅដល់សភានោះ។
«សូមកុំឲ្យ NGO យើងអស់សង្ឃឹម ក្រោយពីរដ្ឋាភិបាលកម្ពុជាអនុម័តច្បាប់នេះ។ ច្បាប់នេះនឹងទៅដល់រដ្ឋសភា ហើយរដ្ឋសភាអាចនឹងធ្វើការពិគ្រោះជាមួយអង្គការសង្គមស៊ីវិល NGO នេះម្តងទៀត មុនការអនុម័ត»។
ជាមួយគ្នានោះដែរ នៅក្នុងពិធីសម្ពោធន៍ដាក់ឲ្យបា្រស់ផ្លូវមួយខ្សែក្នុងខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ច្បាប់ថ្មីនេះដែលកំពុងធ្វើការកែលម្អ និងព្រាងនៅក្រសួងមហាផ្ទៃ គឺដើម្បីធានាការពារពួកគាត់ ហើយវាធ្វើស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។
«យើងអត់ចង់សម្លាប់មាន់យកពងទេ។ យើងចង់ចិញ្ចឹមមាន់យកពង យកសាច់ បានន័យថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជាច្បាប់ដែលទ្រទ្រង់ឲ្យសកម្មភាពទាំងឡាយរបស់អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមប្រព្រឹត្តទៅដោយមានច្បាប់ធានា និងការពារ»។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ លោក ស្គុត បើសប៊ី (Scott Busby) ឧបការីរងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានលើកពីការព្រួយបារម្ភទាក់ទិននឹងច្បាប់ការងារ និងសេចក្តីព្រាងច្បាប់ស្តីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិតផងដែរ៕