វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ជំនាន់ថ្មី​មាន​ប្រសិទ្ធិភាព​ខ្ពស់

  • Jessica Berman

(រូបភាព​ឯកសារ​) កុមារ​ទទួលការ​ចាក់វ៉ាក់សាំង​បង្ការជំងឺ​គ្រុនចាញ់​ក្នុងតំបន់​ Bagamoyo ប្រទេស​ តង់សានី ក្នុងខែសីហា​ ឆ្នាំ​២០០៧។

វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ដែលផលិតចេញពីប៉ារ៉ាស៊ីតមានហ្សែនដើម បាន​បង្ហាញឲ្យឃើញថា​អាច​បង្ការ​ជំងឺ​នេះបាន ​តាមរយៈ​ការ​ធ្វើតេស្ត​លើ​សត្វកណ្តុរ។ វ៉ាក់សាំង​បង្ការ​ដែល​នឹងត្រូវ​រៀបចំ​សម្រាប់​ការសាក​ល្បង​នៅចុង​ឆ្នាំនេះ​ មាន​សមត្ថភាព​កាត់​បន្ថយ​ជំងឺ​ និង​ការ​ចម្លងជំងឺ​ពីសត្វមូស​ដែល​មាន​ផ្ទុក​ជំងឺ​គ្រុនចាញ់។

យោង​តាម​ស្ថិតិ​ថ្មីបំផុត​របស់អង្គការ​សុខភាព​ពិភពលោក​ World Health Organization ​ប្រជាជន​ប្រមាណ​២១២លាន​នាក់ ​បាន​ឆ្លងជំងឺ​គ្រុនចាញ់​ជារៀងរាល់​ឆ្នាំ​ ហើយមានមនុស្សប្រមាណ ៤២៩.០០០នាក់​ ដែល​ភាគច្រើន​ជាកុមារ​រស់នៅក្នុង​អនុតំបន់​សាហារ៉ានៃអាហ្រ្វិកខាងត្បូង sub-Saharan បាន​ស្លាប់បាត់បង់​ជីវិត។ ជំងឺ​គ្រុនចាញ់​ ជាជំងឺ​ឆ្លងតាមរយៈ​សត្វមូស។

ប៉ារ៉ាស៊ីត​ដែល​បង្កឲ្យ​មានជំងឺ​គ្រុនចាញ់​ ឈ្មោះ​ P. falciparum គឺជា​គោលដៅ​មួយ​ដ៏សំខាន់​បំផុត​នៃវ៉ាក់សាំង​ជំនាន់ថ្មី​ ដែលមាន​សមត្ថភាព​បង្ការ​មេរោគ​ និងកាត់​បន្ថយការ​ចម្លងមេរោគបាន។

ក្រុមអ្នក​ស្រាវជ្រាវ​នៃមជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺឆ្លង​នៃសាកលវិទ្យាល័យ​ Washington ក្នុង​ទីក្រុង​ Seattle ស្ថិតនៅប៉ែក​ពាយ័ព្យ​នៃសហរដ្ឋអាមេរិក​ សហការ​ជាមួយ​មជ្ឈមណ្ឌល​មហារីក​ Fred Hutchison បាន​បង្កើត​វ៉ាក់សាំង​ដោយប្រើប្រាស់​ប៉ារ៉ាស៊ីត​ទាំងស្រុង ​ដើម្បី​ភ្ញោច​ភាពស៊ាំ​ការពារ​ឲ្យមានប្រតិកម្មឆ្លើយ​តបត្រឡប់មកវិញ។

​លោក​Stefan Kappeនាយក​នៃការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តមូលដ្ឋាន(translational research)នៃ​មជ្ឈមណ្ឌល​ខាងលើ បាននិយាយ​ថា​ ក្រុមអ្នកស្រាវជ្រាវ​បាន​ធ្វើឲ្យ​ជីវិតប៉ារ៉ាស៊ីតចុះខ្សោយ ​ដោយ​បង្រ្កាប​ហ្សែនដែល​ចម្លង​មេរោគចំនួនបី​ បន្ទាប់​ពីប៉ារ៉ាស៊ីត​នេះជ្រាប​ចូលក្នុង​ថ្លើម​មនុស្ស។ លោក​Kappe បានដាក់​ឈ្មោះ​ដំណាក់​កាលទី១​នៃជំងឺនេះ​ថា "ច្រកចូល​នៃការឆ្លង​ជំងឺ​គ្រុនចាញ់​”។

លោក​បាន​ពន្យល់ថា​៖ «ការ​បង្រ្កាបហ្សែនទាំងបីនេះ នឹង​ធានា​ថាប៉ារ៉ាស៊ីត​នឹងមិន​អាច​វិវត្តទៅកាន់​ដំណាក់កាលចម្លងបន្ទាប់ទៀតកើត​មានក្នុងឈាម​ ដែលបណ្តាល​ឲ្យមាន​ជំងឺផ្សេង​ៗទៀត​ និង​ជាមូលហេតុបណ្តាលឲ្យស្លាប់​ដោយសារ​ជំងឺគ្រុន​ចាញ់នោះទេ»។

ជាធម្មតា​ បន្ទាប់​ពីប៉ារ៉ាស៊ីត​ឆ្លងចូល​ក្នុងថ្លើមរបស់​មនុស្ស​ វានឹង​ឆ្លង​តាម​សារពាង្គកាយ ​និង​ឆ្លងចូល​កោសិកា​ឈាមក្រហម​ ដែល​បង្កឲ្យ​មាន​មេរោគ​រាប់ពាន់លាន​កើតឡើង​ដោយ​ប៉ារ៉ាស៊ីត។

ការសិក្សា​មួយចេញផ្សាយក្នុង​ព្រឹត្តិបត្រ​ Science Translational Medicine ថា​ក្រុមអ្នក​ស្រាវជ្រាវ​បានរៀបរាប់​ពីការ​កំណត់ហ្សែនទាំងបី​ ដែល​នៅជាប់ជាមួយបណ្តុំ​ហ្សែន​មេ​ដ៏ធំ​របស់ប៉ារ៉ាស៊ីត​ ដែលធ្វើ​ឲ្យ​ប៉ារ៉ាស៊ីត​ឈ្មោះ​ falciparum ជ្រាប​ចូលក្នុង​ចរន្តឈាម។

នៅពេល​យើងបង្រ្កាបហ្សែន​ទាំងនោះចេញរួចមក​ ប៉ារ៉ាស៊ីត​ដែលនៅ​សេសសល់​នឹងបង្ខាំង​ទុក​ក្នុងថ្លើម ហើយ​ប្រព័ន្ធ​ភាពស៊ាំ​ នឹងចាប់​ផ្តើម​ក​ផលិត​ចេញ​ជាអង់ទីគ័រ​ការពារ​បានយ៉ាង​ច្រើន​ និង​ឆាប់​រហ័ស។

លោក​បាន​បន្ថែមថា​៖ «ដូច្នេះ​ ប៉ារ៉ាស៊ីត​ឆ្លងចូលក្នុង​ថ្លើម​ ក្នុងលក្ខណៈ​ជាមេរោគ​ ប៉ុន្តែ​ វាមិនបង្ក​ជាបញ្ហា​អ្វីទេ​ វាមិន​បណ្តាល​ឲ្យខូចខាត​ផ្នែកណា​មួយនៃ​ថ្លើមឡើយ​ ប៉ុន្តែផ្ទុយទៅ​វិញ វា​ភ្ញោច​ប្រព័ន្ធ​ការពារ​រាងកាយឲ្យ​ដំណើរការ។ ដូច្នេះ​ ប៉ារ៉ាស៊ីត​នេះ នឹង​ឈប់​សំចត​នៅត្រឹមថ្លើម​ ដែល​យើង​ហៅវាថា​ "កន្លែងចូល​ និងគ្មាន​ពេលចេញ​”»។

ក្នុង​ដំណាក់កាលធ្វើតេស្តសាកល្បង​មួយ នៃការតាម​ដានពិសោធន៍​សុវត្ថិភាព​វ៉ាក់សាំង​ប៉ារ៉ាស៊ីត​ ដែលបង្រ្កាបរួច ត្រូវបាន​ចាក់ចូលក្នុង​ខ្លួនអ្នកស្ម័គ្រចិត្ត​ ដែលមាន​សុខភាពល្អ​ចំនួន១០នាក់​ បានបង្ហាញ​ថា​ប៉ារ៉ាស៊ីតដែល​ត្រូវបន្សាបនោះ ​បានភ្ញោច​ដាស់ឲ្យប្រព័ន្ធភាពស៊ាំ​តបតបានយ៉ាងខ្លាំង​ដោយ​មិនបង្កឲ្យ​អ្នកស្ម័គ្រ​ចិត្តទាំងនោះមាន​ជំងឺអ្វី​ឡើយ។

ក្រុម​អ្នកស្រាវជ្រាវ​បានចាក់វ៉ាក់សាំងដែល​ផលិតចេញពីប៉ារ៉ាស៊ីតមានហ្សែនដើមនេះ​ចូលក្នុង​សត្វកណ្តុរ​ និងដាក់ឲ្យពួកវាប៉ះពាល់នឹងពពួកប៉ារ៉ាស៊ីត​ដែលមិន​ត្រូវបាន​បន្សាប​ពូជដើម។

វ៉ាក់សាំង​ដែលផ្ទុក​ប៉ារ៉ាស៊ីត​គ្មានហ្សែន​ទាំងបី​ បាន​ការពារ​ជីវិតសត្វ​ពីជំងឺ​គ្រុនចាញ់​ទាំងស្រុង។ លោក​ Kappe បាន​និយាយថា​ វ៉ាក់សាំង​នេះមាន​សមត្ថភាព​បង្ការ​ការឆ្លង​ពីមនុស្ស​ទៅ​មនុស្សបាន។

លោក​បាន​ពន្យល់បន្ត​ថា៖​ «ប្រសិន​បើយើងបង្ខាំង​ប៉ារ៉ាស៊ីត​នៅក្នុង​ថ្លើម​ យើង​នឹងមិន​កើតជំងឺ​ ហើយ​យើង​ក៏មិន​ចម្លង​ប៉ារ៉ាស៊ីត​នេះ​ទៅកាន់​មនុស្សផ្សេងទៀត​ដែរ​ ពីព្រោះ​សត្វមូសត្រូវយក​ប៉ារ៉ាស៊ីត​ពីចរន្ត​ឈាម។ ប៉ុន្តែ ប្រសិន​បើប៉ារ៉ាស៊ីត​មិនអាចឆ្លង​ចូលក្នុង​ចរន្តឈាម​បាន វា​ក៏មិនអាច​ចម្លងមេរោគ​ទៅកាន់​មនុស្សម្នាក់​ផ្សេងទៀត​បាន​ដែរ»។

ក្រុម​អ្នកស្រាវជ្រាវ​ កំពុង​រៀបចំ​ការធ្វើតេស្តវ៉ាក់សាំង​សម្រាប់​មនុស្ស​នៅចុង​ឆ្នាំនេះ​ ដើម្បី​ពិនិត្យ​ថា​តើមនុស្ស​នឹងអាច​ការពារ​ប្រឆាំង​នឹងជំងឺ​គ្រុនចាញ់​ដែរ​ឬទេ​ នៅពេល​មាន​ផ្ទុក​ប៉ារ៉ាស៊ីត​នេះ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី