របាយការណ៍​ថ្មី ទទូច​ឲ្យ​អាជ្ញាធរ​ខ្មែរ ដោះលែង​និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​អ្នកកាសែត

កាសែត The Cambodia Daily សរសេរអត្ថបទ «កម្មវិធីផ្សាយរបស់វិទ្យុ RFA និង VOA ត្រូវបានបញ្ឈប់នៅតាមបណ្តាខេត្តទូទាំងប្រទេស» រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា ឲ្យ​ដោះលែង​និង​ទម្លាក់ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​អ្នក​កាសែត​ចំនួន​៥​នាក់ រួម​ទាំង​អ្នក​ថតភាពយន្តឯកសារ​ម្នាក់​ផង។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «‍សារព័ត៌មាន​ឯករាជ្យ​កំពុង​ស្ថិត​នៅក្នុង​ភាព​មហន្តរាយ» ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរី​ចំនួន​ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន និង​អ្នក​ថត​ភាពយន្ត​ឯកសារជនជាតិ​អូស្ត្រាលី​ម្នាក់​ទៀត គឺ​លោក James Ricketson ដែល​កំពុង​ជាប់ឃុំ​ក្រោម​បទចោទប្រកាន់​ក្នុង​សំណុំរឿង​ពីរ​ផ្សេង​គ្នា។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នកកាសែត The Cambodia Daily ពីរ​រូប​ទៀត​ផងដែរ​ គឺ​លោក អូន ភាព និង​លោក Zsombor Peter ដែល​មាន​សញ្ជាតិ​កាណាដា។

របាយការណ៍របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ដែល​សរសេរ​ជា​បី​ភាសា​គឺ​បារាំង អង់គ្លេស​និង​ខ្មែរ​ដែរ​នេះ បាន​ចាត់​ទុក​ការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​អតីត​អ្នក​សារព័ត៌មាន​និង​អ្នក​ថតភាពយន្តឯកសារទាំង​៥​រូប​នេះ ថា​មាន​លក្ខណៈ​អយុត្តិធម៌​និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​នោះ​ទេ។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ​យាង សុជាមេត្តា ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ជា​អាទ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដោយពួកគេ ត្រូវ​បាន​ចោទថា​បានបន្ត​លួចផ្តល់​ព័ត៌មាន​ដល់​វិទ្យុអាស៊ីសេរី ក្រោយ​ពី​វិទ្យុ​នេះ បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន នោះ​អ្នក​ទាំង​ពីរ អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​៧​ ដល់​១៥​ឆ្នាំ។ ​

រី​ឯ លោក​James Ricketson ដែល​ជា​អ្នក​ថតភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី ហើយ​ក៏​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន រង់ចាំ​ការ​កាត់​ទោស​ដែរ​នោះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចារកម្ម បន្ទាប់​ពី​លោក​បាន​បង្ហោះ​កូនយន្តហោះ​ដ្រូន​លើ​ហ្វូង​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧។ លោក​ក៏​ត្រូវ​ប្រឈមមុខ ជាប់​ពន្ធនាគារ​១០​ឆ្នាំ​ដែរ ប្រសិន​បើ​ត្រូវ​រក​ឃើញ​ថា​មាន​ទោស​មែន​នោះ។

ចំនែក​ឯ​លោក អូន ភាព និងលោក Zsombor Peter ដែល​ជា​អតីត​អ្នក​កាសែត​ឲ្យ​ស្ថាប័ន The Cambodia Daily ដែល​បាន​បង្ខំ​ចិត្ត​បិទទ្វារ លែង​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ឲ្យ​បង់​ពន្ធ​ជាង​៦​លាន​ដុល្លារ​នោះ ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស នៅ​ពេល​ដែល​អ្នកកាសែត​ទាំង​ពីរ​នាក់ ចុះទៅយក​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខេត្ត​រតនៈគិរី​កាល​ពី​ឆ្នាំមុន។ ប្រសិន​បើ​ត្រូវ​បាន​រកឃើញ​ថា​មាន​ទោស អ្នក​កាសែត​ទាំង​ពីរ​ ក៏​ត្រូវ​ប្រឈម​មុខ​ ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ។ បច្ចុប្បន្ន អតីត​អ្នក​កាសែត​ The Cambodia Daily ទាំង​ពីរ​នាក់ បាន​ភៀសខ្លួន​ ចេញទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​ខ្លាច​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដែរ៕