នូវែលសេឡង់ និង​កូរ៉េខាងត្បូង ដាក់​កំហិត​តឹងរ៉ឹង​ដើម្បី​ទប់ទល់​នឹង​វីរុស​កូរ៉ូណា

បុគ្គលិក​វេជ្ជសាស្ត្រ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Christchurch ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ប្រទេស​នូវែលសេឡង់​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ដែល​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ និង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ពាក់​ម៉ាស​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ ខណៈ​ការ​ដាក់​កំហិត​តឹងរ៉ឹង​ដែល​មាន​គោលបំណង​បញ្ឈប់​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទីក្រុង Auckland ត្រូវ​បាន​ពន្យារ​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ​ខាង​មុខ។

ទីក្រុង Auckland ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ កំពុង​ដោះស្រាយ​បញ្ហា​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់ពី​ប្រទេស​នេះ​មិន​មាន​ករណី​ឆ្លង​វីរុស​នេះ​ជាង ១ រយ​ថ្ងៃ​មក​ហើយ​ចាប់តាំង​ពី​បាន​ប្រកាស​ថា​មិន​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​មក។ នៅ​ថ្ងៃ​ចន្ទ​នេះ មន្រ្តី​សុខាភិបាល​បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​ថ្មី​ចំនួន ៨ ករណី ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ​នៅ​ក្នុង​ទីក្រុង Auckland។

លោកស្រី Jacinda Arden នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​នូវែលសេឡង់ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «យើង​ដឹង​ថា ម៉ាស​អាច​ការពារ​អ្នក និង​មនុស្ស​ នៅ​ជុំវិញ​អ្នក​បាន»។

លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា លោកស្រី​យល់​អំពី​ការរកាំ​ចិត្ត​របស់​ប្រជាពល រដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ដែល​មិន​មាន​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​រាយការណ៍ ប៉ុន្តែ​ការ​រឹតត្បិត​ខ្លះ​នៅ​មាន​ជា​ធរមាន​នៅឡើយ។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ដោយ​មនុស្ស​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​បាន ពួកគេ​តម្រូវ​ឱ្យ​អនុវត្ត​ការ​រក្សា​គម្លាត និង​កម្រិត​ការ​ជួបជុំ​គ្នា​ទ្រង់ ទ្រាយ​ធំ។

នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង រដ្ឋាភិបាល​ដែល​ព្យាយាម​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​តំបន់​រដ្ឋធានី​សេអ៊ូល បាន​ចេញ​បទបញ្ជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស​ទាំង​នៅ​ខាង​ក្នុង​និង​ខាងក្រៅ​អាគារ។

ការ​រឹតត្បិត​ថ្មី​ដែល​ហាមឃាត់​មនុស្ស​ចូលរួម​ពិធី​ដោយផ្ទាល់​ក្នុង​វិហារ​គ្រិស្ត​សាសនា និង​ការ​បិទ​ក្លឹប​រាត្រី និង​ហាង​កាហ្វេ បាន​ចូល​ជា​ធរមាន​នៅ​ទូទាំង​ប្រទេស​កូរ៉េខាងត្បូង។

មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ចំនួន ២៦៦ ករណី​នៅថ្ងៃ​ចន្ទ​នេះ ដោយ​ក្នុង​នោះ ២០២ ករណី​គឺ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។ គេ​ក៏​ឃើញ​មាន​ករណី​ឆ្លង​វីរុស​នេះ​នៅ​ក្នុង​ទីក្រុង​សំខាន់​នានា​ផង​ដែរ ដូចជា​ទីក្រុង Busan ទីក្រុង Daejeon និង​ទីក្រុង Sejong ជាដើម៕