នាយករដមន្ត្រី Jacinda Ardern ថ្លែងកាលពីថ្ងៃអង្គារថា «យុទ្ធសាស្ត្រវិធានការតឹងតែងនិងភ្លាមៗ»ទប់ទល់នឹងជំងឺរាតត្បាតនេះបានលទ្ធផលល្អ»។
ពេលមានការរាតត្បាតកូវីដ១៩ដំបូង នូវែលសេឡង់បានដាក់កំហិតរឹតត្បិតសង្គមអស់ជាង៦សប្តាហ៍ ហើយនៅពេលនេះប្រទេសនេះមិនមានករណីកូវីដ១៩ថ្មីជាប់ៗគ្នា១១ថ្ងៃមកហើយ។
គណៈរដ្ឋមន្ត្រីនូវែលសេឡង់នឹងសម្រេចនៅថ្ងៃច័ន្ទថា តើនឹងអាចឈានដល់ដំណាក់កាលបន្ទាប់នៃការបន្ធូរបន្ថយវិធានការរឹតត្បិតបន្ថែមទៀតឬទេ ប៉ុន្តែដំណាក់កាលបន្ទាប់នេះនៅតែរក្សាការបិទព្រំដែនដដែល។ យ៉ាងនេះក្តីក៏ដំណាក់កាលថ្មីនេះនឹងធ្វើឲ្យនូវែលសេឡង់ស្ថិតក្នុងចំណោមប្រទេសដែលអាចឈានទៅរកប្រក្រតីភាពវិញមុនគេ។
អាជ្ញាធរបារាំងកាលពីថ្ងៃអង្គារក៏បានអនុញ្ញាតឲ្យភោជនីយដ្ឋាន បារ និងហាងកាហ្វេក្នុងក្រុងប៉ារីសបើកដោយរៀបកៅអីនៅក្រៅហាងបាន ហើយប្រទេសជាច្រើនពិចារណាបើកទទួលអ្នកទេសចរឡើងវិញនៅពេលគេអាចធានាមធ្យោបាយរក្សាសុវត្ថិភាពនិងសុខភាពពេលធ្វើដំណើរតាមយន្តហោះបាន។
ប៉ុន្តែអង្គការសុខភាពពិភពលោកនិយាយកាលពីថ្ងៃច័ន្ទថា ទ្វីបអាមេរិកខាងត្បូងបានក្លាយជាកន្លែងផ្ទុះឆ្លងកូវីដ១៩ច្រើនជាងគេថ្មីបំផុត។ គិតមកត្រឹមថ្ងៃអង្គការ នៅជុំវិញពិភពលោកមានមនុស្សជាង៦លាន៣សែននាក់បានឆ្លងវីរុសកូរ៉ូណា ហើយមានជាង៣៧០.០០០នាក់បានស្លាប់ពីជំងឺកូវីដ១៩៕