ប្រទេស​នូវែលសេឡង់​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ដែល​មាន​អាយុ៥ទៅ១១ឆ្នាំ​

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​នូវែលសេឡង់ អ្នកស្រី Jacinda Ardern (កណ្ដាល) ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​សិស្ស​​មក​ពីសាលា ​Te Wharekura O Manurewa មុន​នឹង​អ្នកស្រីចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩​ដូស​ទី​មួយ នៅ​ទីក្រុង Auckland ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ (AFP)

ប្រទេស​នូវែលសេឡង់​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ដែល​មាន​អាយុ​ពី​៥​ទៅ១១ឆ្នាំ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ដោយ​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​សម្រាប់​កុមារ​របស់​ក្រុមហ៊ុន​ឱសថ Pfizer។ វ៉ាក់សាំង​ប្រមាណ​ជាង​១សែន​២ម៉ឺនដូស​ ត្រូវ​បាន​គេ​ដឹកជញ្ជូន​ទៅ​កាន់មណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​៥០០​កន្លែង​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល។

វេជ្ជបណ្ឌិត Anthony Jordan នាយក​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវីដ១៩របស់​ក្រុង Auckland នៃ​ប្រទេស​នូវែលសេឡង់ បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «ការ​ចាក់​វ៉ាក់សាំងនៅ​ពេល​ឥឡូវ​នេះ ជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ដើម្បី​ជួយ​ការពារ​ដល់កុមារ មុន​ពេលពួកគេ​ត្រឡប់កាន់​ទៅ​សាលារៀន​វិញ។ ភស្តុតាង​នានាបង្ហាញ​ថា បើ​ទោះ​បី​ជា​កុមារ​ មាន​រោគសញ្ញា​បន្តិច​បន្តួច​ក្តី​ កុមារ​មួយ​ចំនួន​ក៏​នៅ​តែ​អាច​ឈឺ​ធ្ងន់​បាន ហើយ​អាច​ត្រូវ​ចូល​ព្យាបាលក្នុង​មន្ទីរពេទ្យ ប្រសិន​បើ​ពួកគេ​បាន​ឆ្លង​ជំងឺ​កូវីដ១៩​នោះ។ ការ​ចាក់​វ៉ាក់សាំង​ក៏​ជួយ​ការពារ​ពួកគេ​មិនឲ្យ​ចម្លង​មេរោគ​នោះទៅ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​ងាយ​ទទួល​រងគ្រោះ»។

ដោយ​ឡែក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​វិញ លោក​វេជ្ជបណ្ឌិត Vivek Murthy ប្រធានសុខភាព​សាធារណៈ​របស់​អាមេរិក​ បាន​ព្រមានö​កាល​ពី​ថ្ងៃ​អាទិត្យក្នុង​កម្មវិធី State of the Union របស់​ទូរទស្សន៍ CNN ថា៖ «វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នៅ​មិន​ទាន់​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ។ ពេល២ឬ៣សប្តាហ៍​ខាង​មុខ​នេះ​ អាច​ជារយៈពេល​ដែល​មាន​ភាព​តានតឹង​ខ្លាំង​ដោយ​សារ​វីរុស​អូមីក្រុង​នេះ»។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះក្តី លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មាន​ការថយ​ចុះ​នូវ​ករណី​ឆ្លង​នៅ​ទីកន្លែង​មួយ​ចំនួន​ដូចជា​នៅ​ក្នុង​រដ្ឋ New York និង​រដ្ឋ New Jersey ជា​ដើម។

ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឯណោះ​វិញ​ ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​បាន​កាត់​បន្ថយ​ពី​ចំនួន១០ថ្ងៃ​មក​នៅ​ត្រឹម៥ថ្ងៃ​វិញ។ វិធានការ​ថ្មី​នេះ​ ត្រូវ​បាន​ចូល​ជាធរមាន​កាលពី​ថ្ងៃ​ចន្ទម្សិលមិញ។

រដ្ឋមន្ត្រី​សុខាភិបាល​ចក្រភព​អង់គ្លេសលោក Sajid Javid បាន​និយាយ​ថា «នេះ​ជា​វីធីដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​និង​សមាមាត្រ​ក្នុង​ការផ្តល់​សេរីភាពនិង​កាត់បន្ថយ​សម្ពាធដល់​ការផ្តល់​សេវា​សាធារណៈ​ដ៏សំខាន់​សម្រាប់​រដូវ​រងា​នេះ។ វា​មាន​សារៈសំខាន់​ដែលត្រូវ​បញ្ឈប់​ការធ្វើ​ចត្តាឡីស័ក បន្ទាប់​ពីការធ្វើ​តេស្ត​ឃើញ​លទ្ធផល​អវិជ្ជមាន២ដង​រួច​មក​ដើម្បី​ធានា​ថា អ្នក​មិន​មានជំងឺឆ្លង​កូវីដ១៩នោះ​ទេ។

ដោយ​ឡែក​នាយិកា​ប្រតិបត្តិ​របស់​អង្គការ UNICEF លោកស្រី Henrietta Fore និយាយ​កាល ពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា វ៉ាក់សាំង​កូវីដ​ចំនួន​១លាន​១សែន​ដូស ត្រូវ​បានដឹក​ជញ្ជូន​ទៅ​ឲ្យ​ប្រទេស​រវ៉ាន់ដា​ដែលជា​ផ្នែក​មួយ​នៃ​ការផ្គត់ផ្គង់១ពាន់លាន​ដូស​តាម​រយៈ​កម្មវិធី COVAX របស់​អង្គការ​សហប្រជាជាតិ។ លោក​ស្រី​បន្តទៀត​ថា៖ «ដោយ​ចំនួន​មនុស្សដ៏​ច្រើន​ដែល​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សំាង​ដូស​លើក​ទី១នោះ យើង​ដឹង​ថា យើងនៅ​មាន​ការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​នោះ»។

សាកលវិទ្យាល័យ Johns Hopkins ក្នុង​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា អ្នក​ឆ្លង​ជំងឺកូវីដ១៩​សរុប​នៅ​ទូទាំង​ពិភព​លោក​រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន៣២៨លាន​១សែន​នាក់ ខណៈ​ដែល​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ មាន​ចំនួន​៥លាន​៥សែន​នាក់។ សាកលវិទ្យាល័យ​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា វ៉ាក់សាំង​ប្រមាណ៩ពាន់៧០០លាន​ដូស​ ត្រូវ​បានចាក់ឲ្យ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក៕