កាសែត The New York Times បានបញ្ជាក់ថា ខ្លួននឹងប្ដូរទីតាំងប្រតិបត្តិការព័ត៌មានតាមអនឡាញរបស់ខ្លួននៅទ្វីបអាស៊ី ពីទីក្រុងហុងកុង ទៅទីក្រុងសេអ៊ូល ដោយលើកឡើងពីការព្រួយបារម្ភទាក់ទិននឹងច្បាប់សន្តិសុខជាតិថ្មី ដែលរដ្ឋាភិបាលចិនបានដាក់លើទីក្រុងហុងកុងកាលពីពេលថ្មីៗនេះ។
នៅក្នុងការជូនដំណឹងដល់បុគ្គលិកកាលពីថ្ងៃអង្គារម្សិលមិញ ថ្នាក់ដឹកនាំដែលទទួលខុសត្រូវសម្រាប់ប្រតិបត្តិការអន្តរជាតិរបស់កាសែតនេះ បាននិយាយថា ច្បាប់ថ្មីនេះ «បានបង្កើតនូវភាពស្រពិចស្រពិលយ៉ាងច្រើនអំពីក្បួនច្បាប់ថ្មីសម្រាប់ប្រតិបត្តិការ និងវិជ្ជាជីវៈខាងសារព័ត៌មានរបស់យើង»។
កាសែត The New York Times នេះ បានបញ្ជាក់ថា ខ្លួននឹងប្ដូរទីតាំងប្រតិបត្តិការព័ត៌មានតាមអនឡាញរបស់ខ្លួន ដែលប្រហែលជាមួយភាគបីនៃបុគ្គលិកសម្រាប់ប្រតិបត្តិការនេះជាពលរដ្ឋហុងកុង ទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំក្រោយ។
កាសែតនេះបានបន្ថែមថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួននឹងស្ថិតនៅក្នុងទីក្រុងហុងកុងដដែលដើម្បីយកព័ត៌មាននៅក្នុងទីក្រុងនេះ និងនៅក្នុងតំបន់ ហើយក្រុមផលិតកម្មផ្នែកបោះពុម្ពផ្សាយសម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី ក៏នឹងស្ថិតនៅក្នុងទីក្រុងហុងកុងដដែលផងដែរ។
កាសែតនេះបានលើកឡើងថា ខ្លួនជ្រើសយកទីក្រុងសេអ៊ូលជាទីតាំងសម្រាប់ក្រុមព័ត៌មានតាមអនឡាញរបស់ខ្លួនដោយសារតែទីក្រុងនេះមាន «ភាពរាក់ទាក់ចំពោះអាជីវកម្មបរទេស សារព័ត៌មានឯករាជ្យ និងតួនាទីចម្បងនៅក្នុងរឿងរ៉ាវព័ត៌មានសំខាន់ៗនៅទ្វីបអាស៊ី»៕