ដោយហៅការប្រែប្រួលអាកាសធាតុថាជា «ការគំរាមកំហែងជាសាកលដ៏ធំបំផុតនៅពេលបច្ចុប្បន្ននេះ» អ្នកស្រី Celeste Saulo ដែលទើបត្រូវបានជ្រើសរើសជាអគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់យ៉ាងច្បាស់ថាវិបត្តិនេះបានកើតឡើងដោយសារ «សកម្មភាពរបស់មនុស្សនិងឧស្សាហកម្ម»។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ១៦ ខែមករានៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស អ្នកស្រី Saulo បានថ្លែងថា ការប្ដេជ្ញារួមគ្នាជាសាកលមួយគឺជាការចាំបាច់ដែលត្រូវធ្វើដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនេះ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំគិតថាយើងនឹងប្រឈមនឹងឧបសគ្គនេះជាមួយគ្នា ជាគ្រួសារសាកលមួយដែលចងភ្ជាប់ដោយការទទួលខុសត្រូវរួមគ្នា ចក្ខុវិស័យសម្រាប់អនាគតកូនចៅយើង និងគោលបំណងរួម»។
នៅពេលឡើងកាន់តំណែងជាអគ្គលេខាធិការជាស្ត្រីដំបូងនៃអង្គការ WMO កាលពីថ្ងៃទី ១ ខែមករា អ្នកស្រី Saulo បានយកឈ្នះលើ «បណ្តាញពួកបុរស» ដែលបានគ្រប់គ្រងទីភ្នាក់ងារធាតុអាកាសរបស់អង្គការសហប្រជាជាតិនេះអស់ជាង ៧ ទសវត្សរ៍កន្លងមក។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមានឱកាសទម្លាយរបាំងវិបត្តិជាច្រើន។ យើងកំពុងស្ថិតក្នុងដំណាក់កាលថ្មី»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំគិតថា អ្វីដែលស្ត្រីនាំមកជូនអង្គការនានា ជាពិសេសអង្គការ WMO គឺភាពចម្រុះ។ យើងមានវិធីគិតផ្សេងៗអំពីបញ្ហានិងការរកដំណោះស្រាយ។ ខ្ញុំមិននិយាយថាវាជាការប្រសើរជាងមុននោះទេ ប៉ុន្តែវាប្លែកពីមុន»។
អ្នកស្រីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃគ្រួសារ ដោយនិយាយថា៖ «សម្រាប់ខ្ញុំ វាដូចជាកត្តាគ្រឹះដែលជំរុញខ្ញុំទៅមុខ ពីព្រោះខ្ញុំគិតអំពីមនុស្សជំនាន់ក្រោយគ្រប់ពេលទាំងអស់»។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនអាចធ្វើអ្វីដោយមិនគិតអំពីផលប៉ះពាល់ដល់មនុស្សជំនាន់ក្រោយបានទេ។ ខ្ញុំចាំបាច់ត្រូវមានអារម្មណ៍កក់ក្ដៅជាមួយអ្វីដែលខ្ញុំបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។ ខ្ញុំមានកូនប្រុសម្នាក់ កូនស្រីម្នាក់ និងចៅប្រុសម្នាក់ដែលទើបនឹងកើត។ ដូច្នេះ ខ្ញុំពិតជារំភើបដោយសាររឿងនេះ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានការទទួលខុសត្រូវដ៏ធំមួយដោយសារមនុស្សជំនាន់ថ្មីទាំងនេះ»។
អ្នកស្រី Saulo ដែលមកពីប្រទេសអាហ្សង់ទីន បានក្លាយជាជាតិសាសន៍អាមេរិកឡាទីនទីមួយដែលកាន់តំណែងជាអគ្គលេខាធិការអង្គការ WMO។ បន្ទាប់ពីបានប្រកបអាជីពខាងការសិក្សាអប់រំពោរពេញដោយកិត្តិយសមក អ្នកស្រីបានក្លាយជាប្រធានទីភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេសអ្នកស្រី ហើយក្រោយមកបានកាន់តំណែងជាន់ខ្ពស់ផ្សេងៗជាមួយអង្គការ WMO។ នៅចុងក្រោយ អ្នកស្រីត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាអគ្គលេខាធិការអង្គការនេះ។
នៅពេលនេះ ក្នុងឋានៈជាប្រធានអង្គការ WMO អ្នកស្រី Saulo បានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដីនៅពេលដែលពិភពលោកខិតចូលជិតដល់កម្រិតកំណត់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីការប្រែប្រួលអាកាសធាតុ។
របាយការណ៍មួយរបស់អង្គការ WMO ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា «ឆ្នាំ ២០២៣ គឺជាឆ្នាំដែលមានសីតុណ្ហភាពក្តៅជាងគេបំផុតក្នុងកំណត់ត្រា»។ របាយការណ៍នេះបានបញ្ជាក់ថា សីតុណ្ហភាពជាធម្យមប្រចាំឆ្នាំនៅលើពិភពលោកកើនដល់ជិត ១,៥ អង្សាសេលើសពីកម្រិតសម័យមុនឧស្សាហកម្ម។
របាយការណ៍នេះបានកត់សម្គាល់ថា កិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុនេះអំពាវនាវឱ្យមានការទប់កំណើនសីតុណ្ហភាពនៅលើពិភពលោកនៅត្រឹមក្រោម ២ អង្សាសេលើសពីកម្រិតមុនសម័យឧស្សាហកម្មនៅក្នុងសតវត្សរ៍នេះ។
អ្នកស្រី Saulo បាននិយាយថា៖ «ការប្រែប្រួលអាកាសធាតុគឺជាឧបសគ្គដ៏ធំបំផុតដែលមនុស្សជាតិប្រឈម។ វាមានផលប៉ះពាល់លើយើងទាំងអស់គ្នា ជាពិសេសក្រុមជនងាយរងគ្រោះបំផុត។យើងមិនអាចរង់ចាំយូរបានទៀតទេ។ យើងបានចាត់វិធានការរួចហើយ តែយើងត្រូវធ្វើបន្ថែមទៀតនិងធ្វើវាឱ្យបានលឿន»។
អ្នកស្រីបានកត់សម្គាល់ថា៖ «ដោយសារខ្ញុំមកពីប្រទេសកំពុងអភិវឌ្ឍន៍ ខ្ញុំពិតជាយល់អំពីភាពចាំបាច់ក្នុងការធ្វើសកម្មភាពបន្ថែមទៀតដើម្បីផ្តល់អាទិភាពដល់សេចក្តីត្រូវការរបស់ក្រុមជនងាយរងគ្រោះបំផុត»។
អ្នកស្រីបានព្រមានថា វិបត្តិអាកាសធាតុបានធ្វើឱ្យវិបត្តិវិសមភាពកាន់តែអាក្រក់ជាងមុន និងធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងដោះស្រាយភាពក្រីក្រ ភាពស្រេកឃ្លាន បញ្ហាសុខភាពមិនល្អ បញ្ហាផ្លាស់ទីដោយបង្ខំ និងបញ្ហារេចរឹលបរិស្ថាន។
ដោយទទួលស្គាល់ថាការសម្របតាមនេះត្រូវតែធ្វើឡើងស្របគ្នាជាមួយនឹងការកាត់បន្ថយហានិភ័យ អ្នកស្រី Saulo បានពោលថា កម្មវិធីឃ្លាំមើលឧស្ម័នស្រូបកម្ដៅលើពិភពលោករបស់អង្គការ WMO អាចផ្តល់នូវទិដ្ឋភាពទូទៅដ៏ត្រឹមត្រូវនិងទូលំទូលាយដល់តំបន់និងប្រទេសនានានៅទូទាំងពិភពលោកអំពីការបញ្ចេញឧស្ម័នស្រូបកម្ដៅ។
អ្នកស្រីបានហៅអង្គការ WMO ថាជាអង្គការមួយដែលជំរុញឡើងដោយប្រទេសជាសមាជិក។ ដោយសារតែហេតុនេះហើយ អ្នកស្រីបាននិយាយថាវាជាការសំខាន់ដែលអង្គការ WMO ត្រូវយល់និងអនុវត្តតាមតម្រូវការជាអាទិភាពរបស់ប្រទេសនិងដែនដីជាសមាជិកទាំង ១៩៣ របស់ខ្លួន។
អ្នកស្រីបានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ការអនុវត្តមានសារៈសំខាន់ចំពោះអ្វីទាំងអស់ដែលយើងធ្វើ។ ប្រសិនបើយើងបរាជ័យក្នុងការអនុវត្ត យើងក៏នឹងធ្វើឱ្យពិភពលោកបរាជ័យផងដែរ»។
ប្រធានអង្គការ WMO រូបនេះបានបន្ថែមថា៖ «សម្រាប់ខ្ញុំ ការបង្ហាញលទ្ធផលជាក់លាក់នៃអ្វីដែលយើងធ្វើគឺជាចំណុចស្នូលនៃអាណត្តិរបស់ខ្ញុំ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ