ប្រទេស​វៀតណាម​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋ​មន្រ្តី​ថ្មី

លោក Nguyen Xuan Phuc​ (រូប​កណ្តាល) ចូល​ស្បថ​បន្ទាប់​ពី​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​នាយក​រដ្ឋ​មន្រ្តី​ថ្មី នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។

ប្រទេស​វៀតណាម​បាន​បោះឆ្នោត​ជ្រើសនាយករដ្ឋមន្រ្តី​ថ្មី​ ហើយ​សភា​ដែល​កាន់​ត្រានៅ​ក្នុង​ប្រទេស​នេះ ​បាន​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្រេច​ជ្រើសរើស​លោក Nguyen Xuan Phuc ដែល​គេ​បាន​រំពឹង​ទុក​ជា​មុន​រួច​ទៅ​ហើយ ព្រោះ​លោក​គឺ​ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​គណបក្ស​កុម្មុយនិស្ត​បាន​ជ្រើសរើស​នៅ​ក្នុង​សមាជបក្ស​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ។ ​

លោក Nguyen Xuan Phuc បាន​មាន​ប្រសាសន៍​ថា «នៅ​ចំពោះ​មុខ​ទង់ជាតិ​របស់​មាតុភូមិ នៅ​ចំពោះ​មុខ​សភា នៅ​ចំពោះ​មុខ​ប្រជាជន​វៀតណាម​ ខ្ញុំ​សូម​ស្បថ​ថា នឹង​ស្មោះស្ម័គ្រ​ចំពោះ​ប្រទេស​ជាតិ ប្រជាជន និង​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ ខ្ញុំ​សន្យា​ថា នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុងការ​បំពេញ​ភារកិច្ច និង​បេសកកម្ម​ដែល​គណបក្ស​ រដ្ឋាភិបាល​ និង​ប្រជាជន​តម្រូវ​ឲ្យ​ធ្វើ»។
អតីត​ឧបនាយក​រដ្ឋ​មន្រ្តី​វ័យ​៦១​រូប​នេះ បន្ត​តំណែង​ពី​លោក Nguyen Tan Dung ដែល​បាន​ចុះ​ចេញ​ពី​តំណែង​បន្ទាប់​ពី​បាន​កាន់​អំណាច​អស់​រយៈពេល​១​ទសវត្សរ៍។

លោក Dung បាន​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​មួយ​ចំនួន​ដែល​បាន​ជួយ​ប្រទេស​វៀតណាម​ឲ្យ​ទាក់ទាញ​វិនិយោគ​បរទេស​ថ្មី ហើយ​លោក​ក៏​បាន​ចេញ​មុខ​និយាយ​ប្រឆាំង​នឹងការ​ពង្រីក​វិសាលភាព​របស់​ចិន​ដ៏គឃ្លើន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ទៀត​ផង។ ​

ក៏​ប៉ុន្តែ​លោក Dung ក៏​ចុះចេញ​ដោយ​បន្សល់​ទុក​នូវ​បំណុល​រដ្ឋ​ជាច្រើន​ អំពើ​ពុករលួយ​ដ៏​សុះសាយ និង​សហគ្រាស​របស់​រដ្ឋ​ដែល​ដំណើរការដោយ​មិន​មាន​ប្រសិទ្ធភាពផង​ដែរ។

លោក Nguyen Xuan Phuc គឺ​ជា​បុគ្គល​មាន​អំណាច​ម្នាក់​នៅ​ក្នុង​រដ្ឋាភិបាល​វៀតណាម​ដែល​មាន​មេដឹកនាំ​កំពូល៣​នាក់ ជាមួយ​នឹង​លោកអគ្គលេខាធិការ​គណបក្ស​ Nguyen Phu Trong ​និង​លោក​ប្រធានាធិបតី Tran Dai Quang។ លោក Trong ​ដណ្តើម​បាន​អាសនៈ​មួយ​នៅ​ក្នុង​គណៈកម្មការ​មជ្ឈឹម​បក្ស​ពី​លោក Nguyen Tan Dung នៅ​ក្នុង​ពេល​ធ្វើ​សមាជបក្ស​កាល​ពី​ខែ​មករា។ លោក Tran ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ចូល​កាន់​តំណែង​កាល​ពី​សប្តាហ៍​មុន៕