រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ជា​ថ្មី​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩

រូបឯកសារ៖ ពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ធ្វើតេស្ត​នៅក្នុង​រថយន្ត នៅក្នុង​អំឡុង​ពេល​មាន​ការផ្ទុះឡើង​នៃ​ជំងឺ កូវីដ​១៩ នៅ​ទីក្រុង Austin រដ្ឋ Texas សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០។ REUTERS/Sergio Flores

អ្នកស្រី Kate Gallego អភិបាល​ក្រុង Phoenix រដ្ឋ Arizona បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «សប្ដាហ៍​នេះ» របស់​ទូរទស្សន៍ ABC News ថា៖ «យើង​បាន​បើក​ដំណើរការ​អាជីវកម្ម​ក្នុង​ស្រុក​លឿន​ពេក» បន្ទាប់ពី​ត្រូវ​បាន​បិទ​កាល​ពី​ខែ​មីនា និង​មេសា​មក។

អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្ដា​រដ្ឋ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ អំពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី Donald Trump បាន​ច្រានចោល​រឿង​នេះ​ថា «ពិតជា​គ្មាន​គ្រោះថ្នាក់»។

អ្នកស្រី Kate Gallego អភិបាល​ក្រុង Phoenix រដ្ឋ Arizona បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «សប្ដាហ៍​នេះ» របស់​ទូរទស្សន៍ ABC News ថា៖ «យើង​បាន​បើក​ដំណើរការ​អាជីវកម្ម​ក្នុង​ស្រុក​លឿន​ពេក» បន្ទាប់ពី​ត្រូវ​បាន​បិទ​កាល​ពី​ខែ​មីនា និង​មេសា​មក។

ដោយ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ចំនួន ៥៩.០០០ នាក់ នៅ​ក្នុង​ទីក្រុង Phoenix ដែល​មាន​មនុស្ស​រស់នៅ​ចំនួន ១ លាន ៧ សែន​នាក់ អ្នកស្រី Gallego បាន​និយាយ​ថា៖ «យើង​កំពុង​ជួប​វិបត្តិ»។ អ្នកស្រី​បន្ថែម​ថា កន្លែង​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ «ហួស​ពី​សមត្ថភាព​របស់​ខ្លួន​អាច​ធ្វើ​បាន»។

សហរដ្ឋ​អាមេរិក​មាន​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ជាង ៥ ម៉ឺន​ករណី ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ភាគ​ច្រើន​នៅ​តាម​បណ្ដា​រដ្ឋ​ភាគ​ខាង​ត្បូង។

អាជ្ញាធរ​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​មាន​ករណី​ឆ្លង​ថ្មី​ខ្ពស់ បាន​ដាក់​កំហិត​រឹតត្បិត​សកម្មភាព​សង្គម​ឡើង​វិញ ដើម្បី​ព្យាយាម​បញ្ឈប់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ។

ទាក់ទិន​នឹង​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​នេះ លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​ពិធី​ជប់លៀង​នៅ​សេតវិមាន​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ថា ករណី​ឆ្លង​ថ្មី​ចំនួន «៩៩%» គឺ «ពិតជា​គ្មាន​គ្រោះថ្នាក់» នោះ​ទេ។

លោក Trump នៅ​បន្ត​ប្រមើល​មើល​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ប៉ុន្តែ ស្នងការ​ទីភ្នាក់ងារ​ម្ហូប​អាហារ និង​ឱសថ លោក Stephen Hahn បាន​ប្រាប់​ទូរទស្សន៍ ABC ថា៖ «ខ្ញុំ​មិន​អាច​ប្រមើល​មើល​បាន​ទេ ថា​វ៉ាក់សាំង​នឹង​មាន​ពេល​ណា​នោះ»៕