ការទប់ស្កាត់ឥទ្ធិពលចិននៅមូលដ្ឋានសមុទ្ររាម និងតំបន់អភិវឌ្ឍន៍តារាសាគរ ក៏ដូចជាការបង្ក្រាបនយោបាយយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា ត្រូវបានលើកជាលក្ខខណ្ឌក្នុងសំណើកញ្ចប់ជំនួយខ្ទង់៨៥លានដុល្លារអាមេរិកដែលសហរដ្ឋអាមេរិកបម្រុងទុកសម្រាប់កម្ពុជានៅឆ្នាំក្រោយ។
សមាជិកសភាទាំងពីរបក្សនៅសភាទាំងពីររបស់អាមេរិកបានអនុម័តកញ្ចប់ថវិកាជាប្រវត្តិសាស្ត្រសរុប២,៣ទ្រីលានដុល្លារ កាលពីល្ងាចថ្ងៃច័ន្ទនៅសហរដ្ឋអាមេរិក ត្រូវជាព្រឹកថ្ងៃអង្គារនៅកម្ពុជា។ នេះបើយោងតាមឯកសារដែលVOAទទួលបាននៅថ្ងៃអង្គារនេះ។
កញ្ចប់សំណើថវិកានេះនឹងត្រូវបញ្ជូនទៅឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាច្បាប់ថវិកាផ្លូវការ។
ថវិកានេះរួមបញ្ចូលកញ្ចប់សារពើពន្ធ១,៤ទ្រីលានដុល្លារ និងកញ្ចប់ជំនួយសង្គ្រោះសម្រាប់សេដ្ឋកិច្ចខ្លួនឯង ដែលរងវិបត្តិជំងឺកូវីដ១៩ចំនួន៩០០ប៊ីលានដុល្លារ។
នៅក្នុងចំណែករបស់ក្រសួងការបរទេសអាមេរិក សំណើច្បាប់ថវិកានេះ ក៏បានចាត់ចែងឱ្យមានការលៃលកកញ្ចប់ថវិកាប្រមាណ៨៥លានដុល្លារ សម្រាប់ជាជំនួយក្នុងឆ្នាំ២០២១ដល់ប្រទេសកម្ពុជា តែមានលក្ខខណ្ឌមួយចំនួន។
ឯកសារសំណើច្បាប់ថវិកាដែលមានកម្រាស់ជាង៥ពាន់ទំព័រនោះ ចែងថាគណៈកម្មាធិការទទួលបន្ទុកទូទាត់ថវិកានៃសភាទាំងពីររបស់អាមេរិកត្រូវទទួលការបញ្ជាក់ និងរាយការណ៍ពីរដ្ឋមន្ត្រីការបរទេសថាកម្ពុជាបានចាត់នូវ«ជំហានវិធានការដ៏មានប្រសិទ្ធភាព»លើកិច្ចការមួយចំនួនដូចជា៖
«ពង្រឹងសន្ដិសុខនិងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសលើជម្លោះអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង និងការចូលរួមអនុវត្តទណ្ឌកម្មអន្តរជាតិលើកូរ៉េខាងជើង។ ប្រកាសអធិបតេយ្យភាពរបស់ខ្លួនតទល់នឹងការជ្រៀតជ្រែករបស់សាធារណរដ្ឋប្រជាមានិតចិន ដោយរួមបញ្ចូលទាំងផ្ដល់នូវការរក្សាដែលអាចផ្ទៀងផ្ទាត់បាននូវអព្យាក្រឹតភាពនៃមូលដ្ឋានសមុទ្ររាម និងមូលដ្ឋានយោធាដទៃទៀតក្នុងប្រទេសកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធទ្វេបំណងនៅគម្រោងអភិវឌ្ឍន៍តារាសាគរ»។
គណៈកម្មាធិការទទួលបន្ទុកទូទាត់ថវិកានៃសភាទាំងពីរសហរដ្ឋអាមេរិក ក៏ដាក់លក្ខខណ្ឌផ្សេងទៀតឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកផ្ដល់នូវការរាយការណ៍ផ្សេងទៀត ដើម្បីអាចផ្ទេរកញ្ចប់ជំនួយទាំង៨៥លានដុល្លារនោះបាន លុះត្រាតែរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវការ៖
«បញ្ឈប់រាល់អំពើហិង្សា និងការបៀតបៀនយាយីលើសង្គមស៊ីវិល និងក្រុមជំទាស់ផ្នែកនយោបាយនៅកម្ពុជា និងទម្លាក់ចោលនូវបទចោទព្រហ្មទណ្ឌដែលមានចរិតនយោបាយប្រឆាំងនឹងក្រុមជនដែលហ៊ានរិះគន់រដ្ឋាភិបាល។ គោរពសិទ្ធិ សេរីភាព និងករណីកិច្ច ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៣»។
ខ្លឹមសារសំណើថវិកាខាងលើផ្ដល់ជាករណីលើកលែងដោយគ្មានលក្ខខណ្ឌក្នុងជំនួយមកកាន់កម្ពុជាលើកិច្ចការប្រជាធិបតេយ្យ សុខភាព អប់រំ និងគម្រោងនានា«ដែលពង្រឹងអធិបតេយ្យភាពកម្ពុជា និងផ្ដល់ព័ត៌មានអប់រំពលរដ្ឋកម្ពុជាពីសកម្មភាពពង្រីកឥទ្ធិពលរបស់ចិន»។
សំណើថវិកាដដែលក៏បានបន្ថែមថាថវិកានឹងផ្ដល់ជូនសម្រាប់ការសិក្សាស្រាវជ្រាវ និងអប់រំអំពីខ្មែរក្រហម និងក៏ដូចជា«កម្មវិធីជាខេមរភាសា ដើម្បីអង្កេត គូសបង្ហាញ និងផ្សព្វផ្សាយជាសាធារណៈនូវកិច្ចព្យាយាមរបស់សាធារណរដ្ឋប្រជាមានិតចិនដែលចង់ពង្រីកឥទ្ធិពលខ្លួននៅកម្ពុជា»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងតបនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលកម្ពុជាសម្ដែងអំណរគុណចំពោះការគិតគូរត្រៀមផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក តែលោកថា៖
«ទោះបីជាជំនួយនោះយ៉ាងម៉េចក៏ដោយ កម្ពុជានៅតែរក្សាសិទ្ធិ ក្នុងន័យប្រជាជាតិអធិបតេយ្យមួយ ដើម្បីថែរក្សាផលប្រយោជន៍របស់កម្ពុជា បាទ»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបន្តថា៖
«យើងយល់ថាកម្ពុជានិងសហរដ្ឋអាមេរិកមានចំណងមេត្រីភាព កិច្ចសហប្រតិបត្តិការ គឺគ្មានភាគីណាមួយស្ថិតនៅក្រោមបង្គាប់បញ្ជារបស់ភាគីណាមួយទេ។ យើងគោរពគ្នាទៅវិញទៅមក»។
ស្ថានទូតអាមេរិកនៅភ្នំពេញ បានប្រាប់VOAថា លក្ខខណ្ឌនៃជំនួយឆ្នាំសារពើពន្ធថ្មីនេះ នឹងមិនប៉ះពាល់ដល់ការសន្យាកញ្ចប់ជំនួយ១១លានដុល្លាររបស់អាមេរិក សម្រាប់កម្ពុជាអំឡុងវិបត្តិកូវីដ១៩នេះទេ ព្រោះប្រាក់ទាំងនោះបានបញ្ជូនរួចរាល់ដល់រដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកាឆ្នាំចាស់។
ថ្មីៗនេះសំណុំរឿងចិននៅកម្ពុជា ជាចំណុចផ្ដោតរបស់អាមេរិក ជាក់ស្ដែងការអនុវត្តទណ្ឌកម្ម Global Magnitsky ថ្មីៗនេះ ទៅលើក្រុមហ៊ុន UDG (Union Development Group) ដែលជាអ្នកវិនិយោគតំបន់តារាសាគរក្នុងខេត្តកោះកុង និងនាយឧត្ដមសេនីយ៍ គន់ គីម ដែលបច្ចុប្បន្នជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងត្រូវបានអាមេរិកចោទថាមានពាក់ព័ន្ធនឹងការអនុវត្តអភិវឌ្ឍន៍ដែលប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនោះ។
នៅពេលត្រូវបានសួរក្នុងបទសម្ភាសន៍VOAពីសប្ដាហ៍មុន អំពីគម្រោងបង្ហាញភស្ដុតាងគាំទ្រអំណះអំណាងសង្ស័យពីវត្តមានយោធាចិននៅកម្ពុជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy យោងរបាយការណ៍ព័ត៌មាន«គួរឱ្យទុកចិត្តបំផុត»នានាកន្លងមក។
តែម្ដងហើយម្ដងទៀត និងជាពិសេសតាមរយៈការថ្លែងចុងក្រោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក កាលពីខែវិច្ឆិកា កម្ពុជាបានប្រកែកថាខ្លួន«នឹងមិន»ទទួលវត្តមានយោធាបរទេសលើទឹកដីខ្លួនឡើយ។
ចិនជាម្ចាស់ជំនួយ និងជាប្រភពនៃការបណ្ដាក់ទុនធំបំផុតនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្ពុជានិងចិនក៏បានហៅគ្នាថាជា«ជាមិត្តដែកថែប»ផងដែរក្នុងទំនាក់ទំនងទ្វេភាគី៕