អគ្គលេខាធិការ​ថ្មី​របស់​ អ.ស.ប​ទន្ទឹង​រង់​ចាំ​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​របស់​លោក ត្រាំ

  • Lisa Schlein

អគ្គលេខាធិការ​ថ្មី​របស់​ អ.ស.ប​ លោក​ Antonio Guterres និយាយ​ជាមួយ​នឹង​បុគ្គលិក​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។

អគ្គលេខាធិការ​ថ្មី​របស់​ អ.ស.ប​ លោក​ Antonio Guterres ​ថ្លែង​ថា​លោក​នឹង​ជ្រើស​យក​វិធីសាស្រ្ត​វិជ្ជមាន​ និង​ក្នុង​ន័យ​ស្ថាបនា​ធ្វើ​ការ​ជាមួយ​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​ ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នា​ពេល​បច្នុប្បន្ន។

លោក Antonio Guterres បាន​ចូល​កាន់​តំណែង​ជា​អគ្គលេខាធិការ​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ស្រប​ពេល​ដែល​ពិភពលោក​ទាំង​មូល​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​ ក្នុង​ចំណោម​បញ្ហា​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក។

លោក Guterres ​ដែល​ជា​អ្នក​ជំនាញ​ផ្នែក​នយោបាយ​ និង​ការ​ទូត​ បាន​ជម្រះ​រាល់​មតិ​យោបល់​ និង​សកម្មភាព​អវិជ្ជមាន​ទាំងឡាយ​ ដោយ​សន្យា​ថា​នឹង​ភ្ជាប់​ទំនាក់ទំនង​ក្នុង​ន័យ​ស្ថាបនា​ជាមួយ​រដ្ឋបាល​អាមេរិកាំង​ថ្មី​ និង​ស្វែង​រក​មធ្យោបាយ​ផេ្សងៗ​ដែល​ពួកគេ​អាច​សហការ​ក្នុង​លក្ខណៈ​វិជ្ជមាន​បាន។ លោក ​Guterres ​បាន​ថ្លែង​ថា៖

«ខ្ញុំ​នឹង​ទទួល​យក​នូវ​អ្វី​ដែល​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា ​មាន​ការងារ​សក្តានុពល​ជា​ច្រើន​នៅ​ក្នុង​អ.ស.ប។ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​គិត​ និង​ជា​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ ដើម្បី​កែទម្រង់​អ.ស.ប​ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ត្រូវ​ធ្វើ​ឲ្យ​បាន​ តាម​សក្តានុពល​ដែល​មាន​នេះ។ ជាក់​ស្តែង​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​អនុម័ត​លើ​ការងារ​ជា​ច្រើន​ ដែល​អគ្គលេខាធិការ​គ្មាន​សិទ្ធិ​អំណាច​ចូលរួម​សម្រេច»។

លោក Guterres ​និយាយ​សំដៅ​ទៅ​លើ​សំណើ​ឲ្យ​កាត់​បន្ថយ​ថវិកា​សម្រាប់​អ.ស.ប​ នា​ពេល​ថ្មីៗ​នេះ​ របស់​លោក​ Lindsey Graham និង​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Texas ​ប្រសិន​បើ​ក្រុម​ប្រឹក្សា​សន្តិសុខ​មិន​លុប​ចោល​សេចក្តី​សម្រេច​ ដែល​បាន​អនុម័ត​ឲ្យ​ថ្កោលទោស​ការ​តាំង​ទី​លំនៅ​ថ្មី​របស់​អ៊ីស្រាអែល​នៅ​តំបន់​ West Bank។ លោក Guterres ​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ ដើម្បី​បង្កើត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ និង​កិច្ចសហ​ប្រតិបត្តិការ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​កិច្ចពិភាក្សា​ទៅ​លើ​បញ្ហា​ទាំង​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព»។

លោក​អគ្គលេខាធិការ​ Guterres ​បើក​ចំហរ​អំពី​ភាព​ចាំបាច់​នៃ​ការងារ​កំណែ​ទម្រង់​អ.ស.ប។ លោក​និយាយ​ថា​ លោក​មាន​មោទនភាព​អំពី​ការងារ​ល្អៗ​ ពាក់ព័ន្ធ​នឹង​ការងារ​មនុស្សធម៌​ និង​សកម្មភាព​ទាំងឡាយ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ ដែល​អ.ស.ប​ បាន​ធ្វើ​ក្នុង​រយៈ​ពេល​រាប់​ទសវត្សរ៍​កន្លង​មក​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ទទួល​ស្គាល់​ពី​កំហុស​ និង​ការ​បរាជ័យ​របស់​អង្គការ​មួយ​នេះ​ ហើយ​លោក​សច្ចា​ថា​នឹង​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឲ្យ​ខាង​តែ​បាន។

លោក​ថ្លែង​បន្ត​ថា​ ការងារ​អាទិភាព​របស់​លោក​ គឺ​ត្រូវ​ធ្វើ​ឲ្យ​អ.ស.ប​ មាន​ប្រសិទ្ធ​ភាព​ជាង​មុន​ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ពិភពលោក​ ដែល​បាន​កើត​ឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ។ លោក​ថា​ លោក​នឹង​ធ្វើ​ឲ្យ​អ.ស.ប​ ក្លាយ​ជា​អង្គការ​មួយ​សម្រាប់​ទប់ស្កាត់​ជម្លោះ​នានា​មុន​នឹង​វា​អាច​ផ្ទុះ​ឡើង​បាន៕

ប្រែសម្រួល​ដោយ ​ស៊ូ ពេជ្រចិន្តា