នាយក​រដ្ឋមន្ត្រី​ថ្មី​ថៃ​បំពេញ​ទស្សន​កិច្ច​ជា​លើក​ដំបូង​នៅ​កម្ពុជា​ដើម្បី​រឹត​ចំណង​ការ​ទូត​

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ពិភាក្សាគ្នាក្នុងជំនួបមួយ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។ (Handout / Agence Kampuchea Press (AKP) / AFP)

នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ សេដ្ឋា ថាវីស៊ីន ​(Srettha THAVISIN)​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​មក​បំពេញ​ទស្សន​កិច្ច​មួយ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ ដោយ​រំពឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ។​

កម្ពុជា​គឺ​ជា​ប្រទេស​ទី​ ១ ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​ ក្រោយ​លោក​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ កាល​ពី​ខែ​សីហា។​

បើ​តាម​ការ​បង្ហោះ​សារ​នៅលើ​ទំព័រ​ Twitter ​របស់​ក្រសួង​ការ​បរទេស​ថៃ​ នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ​ហ៊ុន ម៉ាណែត​ ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ សេដ្ឋកិច្ច​ សន្តិសុខ​ និង​ទំនាក់​ទំនង​ប្រជាជន​ លើក​កម្ពស់​ការ​វិនិយោគ​ ពាណិជ្ជកម្ម​ ទេសចរណ៍​ ជាពិសេស​នោះ​ការ​បង្ក្រាប​បទ​ល្មើស​តាម​អនឡាញ​ ឬ​ហៅ​ថា​ Scam ​និង​បន្ត​ការ​បោស​សម្អាត​មីន​នៅ​តាម​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ។​

យោង​តាម​ការ​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ហ៊ុន ម៉ាណែត​ ប្រមុខ​ដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សា​ផ្តោត​ជា​សំខាន់​ទៅ​លើ​វិស័យ​គន្លឹះ​ ដោយ​រាប់​ចាប់​ពី​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍ ​ការ​អប់រំ​ ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ​កិច្ច​ការទូត​ ទំនាក់​ទំនង​ធុរកិច្ច​ ទំនាក់​ទំនង​ប្រជាជន​និង​ប្រជាជន​ ការ​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​ តាម​ផ្លូវ​អាកាស​ ផ្លូវ​រថភ្លើង ​និង​ ផ្លូវ​ថ្នល់​ សេដ្ឋកិច្ច​ឌីជីថល​ និង​សេដ្ឋកិច្ច​បៃតង​ កិច្ចការ​ពាក់​ព័ន្ធ​នឹង​អន្តោ​ប្រវេសន៍​ រហូត​ដល់​វិស័យ​សន្តិសុខ​ឆ្លង​ដែន​និង ​សន្តិសុខ​អនឡាញ។

លោក​ ហ៊ុន ម៉ាណែត ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ជាមួយ​គ្នា​នេះ​ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ បន្ត​ពិភាក្សា ​និង​សហការ​គ្នា​ ដើម្បី​ឱ្យ​កិច្ចសហ​ប្រតិបត្តិ​ការ​កម្ពុជា-ថៃ ​ទទួល​បាន​ផ្លែ​ផ្កា​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ទាំង​សង​ខាង។​ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​មាន​ជំនឿ​ដ៏​មុត​មាំ​ថា​ កិច្ចសហ​ប្រតិបត្តិ​ការ​កម្ពុជា-ថៃ​នឹង​កាន់​តែ​រីក​ចម្រើន ​និង​រឹងមាំ​ថែម​ទៀត»។​

ក្រៅ​ពី​នេះ​ លោក​ សេដ្ឋា ថាវីស៊ីន ​ក៏​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ «មជ្ឈមណ្ឌល​សំចត​ និង​ស្តារ​នីតិសម្បទា​សម្រាប់​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ​និង​ក្រុម​ងាយ​រង​គ្រោះ​ដ​ទៃ​ទៀត»​ ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​ផង​ដែរ៕