ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនភេសជ្ជៈជប៉ុនឈ្មោះ Kirin ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ប្រជាជនកម្ពុជាសរុបទាំងអស់បានចំណាយប្រាក់ប្រមាណ២,៣ពាន់ (ពីរពាន់បីរយ)លានដុល្លារទៅលើការពិសាស្រាបៀរ ដោយម្នាក់ៗបានពិសាស្រាបៀរប្រមាណ៧២លីត្រ និងចំណាយប្រាក់ប្រមាណ១៣៦ដុល្លារក្នុងមួយឆ្នាំ។ របាយការណ៍នេះបានសិក្សាក្នុងចន្លោះឆ្នាំ២០២០-២០២១។
ការសិក្សារកឃើញថា ទ្វីបអាស៊ីជាទ្វីបដែលសម្បូរអ្នកទទួលទានស្រាច្រើនជាងគេ គឺរហូតដល់៣៣,៩% ខណៈទ្វីបអឺរ៉ុបមានចំនួន២៥,៨%។
របាយការណ៍នោះបានបញ្ជាក់ទៀតថា ប្រជាជនកម្ពុជាម្នាក់ទទួលទានស្រាប្រមាណ៧២លីត្រក្នុងមួយឆ្នាំ ដែលបានកើនជាង២៧% ក្នុងមួយឆ្នាំ។
បើតាមការសិក្សា ប្រសិនបើប្រជាជនកម្ពុជាម្នាក់ទទួលទានស្រាបៀរដែលមានចំណុះ៣៣០មីលីលីត្រក្នុងមួយកំប៉ុង ហើយតម្លៃស្រាបៀរក្នុងមួយកំប៉ុង២៥០០រៀល នោះម្នាក់ៗត្រូវចំណាយយ៉ាងហោចណាស់១៣៦ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ការរកឃើញនៅក្នុងការសិក្សាមួយនេះបង្ហាញថា កម្ពុជាកំពុងធ្លាក់ចូលជ្រៅទៅក្នុងការប្រើប្រាស់គ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងសុវត្ថិភាពធ្វើដំណើរតាមដងផ្លូវ។ លោកបន្តថា ការសិក្សានេះក៏ជាសញ្ញាក្នុងការដាស់តឿនដល់រដ្ឋាភិបាលកម្ពុជាឱ្យពន្លឿននូវការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដោយសារតែការចំណាយរបស់ប្រជាពលរដ្ឋទៅលើគ្រឿងស្រវឹងមានចំនួនច្រើនហួសប្រមាណ។
លោកលើកឡើងទៀតថា មិនអាចមានការហាមឃាត់មិនឱ្យប្រើប្រាស់គ្រឿងស្រវឹងនោះទេ ប៉ុន្តែអាចកាត់បន្ថយចំនួននៃការប្រើប្រាស់គ្រឿងស្រវឹងទាំងនេះនៅតាមកន្លែងសាធារណៈមួយចំនួន និងរឹតបន្តឹងច្បាប់ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម។ បើតាមលោក យង់ គិមអេង ការដំឡើងពន្ធលើគ្រឿងស្រវឹងនឹងអាចនាំឱ្យសេដ្ឋកិច្ចជាតិមានការកើនឡើងផងដែរ។
លោកថ្លែងថា៖ «ការដំឡើងពន្ធហ្នឹងវាជួយកាត់បន្ថយហានិភ័យផង ហើយជួយបង្កើនចំណូលថវិកាជាតិដល់រដ្ឋាភិបាលផង។ អ៊ីចឹងជាទូទៅគឺនៅលើពិភពលោកនេះ គេឃើញថា ការដំឡើងពន្ធគឺជាមធ្យោបាយឈ្នះឈ្នះ ឈ្នះទាំងសុខភាព ឈ្នះទាំងឈ្នះចំណូលសេដ្ឋកិច្ចជាតិ»។
លោក យង់ គិមអេង ក៏បានសង្កត់ធ្ងន់ដែរថា ការប្រើប្រាស់គ្រឿងស្រវឹងមានផលប៉ះពាល់ និងបង្កជាជំងឺជាច្រើនទៅដល់អ្នកប្រើប្រាស់ ហើយគ្រឿងស្រវឹងក៏ជាដើមហេតុនៃបញ្ហាអំពើហិង្សានៅក្នុងគ្រួសារផងដែរ។
លោកថ្លែងថា៖ «បើយើងមិនចូលរួមទប់ស្កាត់ទេ បញ្ហានេះវានឹងធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋជាទូទៅ ជាពិសេសស្រ្តី និងកុមាររួមទាំងអ្នកធ្វើដំណើរតាមដងផ្លូវផងដែរ»។
ការប្រើប្រាស់គ្រឿងស្រវឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមកម្ពុជា និងបណ្តាលឲ្យមានជំងឺធំៗជាង៦០ប្រភេទ ក្នុងនោះរួមមានជំងឺសរសៃឈាមបេះដូង ក្រិនថ្លើម មហារីក និងជំងឺកាមរោគ រួមទាំងមេរោគអេដស៍/ជំងឺអេដស៍ និងការស្លាប់ និងរបួសដោយអចេតនាជាច្រើនករណី ជាពិសេសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមរបាយការណ៍មួយរបស់មូលនិធិអាស៊ីស្តីពី«ឧស្សាហកម្មគ្រឿងស្រវឹងកម្ពុជា» ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៦។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងបានជាប់គាំងជិត១០ឆ្នាំមកហើយ។ សេចក្តីព្រាងច្បាប់នេះមិនអនុញ្ញាតឱ្យយុវជនអាយុក្រោម២១ឆ្នាំប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយច្បាប់នេះនឹងដាក់បន្ទុកពន្ធខ្ពស់ទៅលើគ្រឿងស្រវឹង និងរឹតបន្តឹងលើការបើកលក់គ្រឿងស្រវឹងពេលយប់ជាដើម។
ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀតក៏បានបង្ហាញថា បុរស៧នាក់ក្នុងចំណោម១០នាក់ ដែលស្មើប្រមាណ៧០% សេពគ្រឿងស្រវឹង។ នេះបើតាមរបាយការណ៍ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
ការស្ទង់មតិបង្ហាញថា ក្នុងមួយខែ បុរស១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។ ចំណែកបុរស ៦០% សេពគ្រឿងស្រវឹងពី១ ថ្ងៃទៅ ៥ ថ្ងៃ។ បុរស១៨% ពិសាគ្រឿងស្រវឹង ៦ ថ្ងៃទៅ១០ ថ្ងៃ និង បុរស១២% ពិសាគ្រឿងស្រវឹងពី១១ ថ្ងៃទៅ២៤ថ្ងៃ៕