ការ​សិក្សា​ថ្មី​ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជួប​ការ​លំបាក​បង់​សង​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ

រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-​ថៃ នៅ​​ក្រុង​ប៉ោយប៉ែត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

ការ​សិក្សា​ថ្មី​មួយ​ស្តី​ពី​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ដែល​ជំពាក់​កម្ចី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ក្នុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩ បង្ហាញ​ថា​ព័ត៌​មាន​នៃ​ការ​រៀប​ចំ​កម្ចី​ឡើង​វិញ មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ ហើយ​អ្នក​ដែល​រង​គ្រោះ​ពិត​ប្រាកដ​មិន​ទទួល​បាន​ការ​អនុ​គ្រោះ​រៀប​ចំ​ឥណ​ទាន​ឡើង​វិញ​ឡើយ។

ការ​សិក្សា​នេះ​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​បាត់​ដំបង សៀមរាប និង​កំពង់​ឆ្នាំង រយៈ​ពេល​៤​ខែ ចាប់​ពី​ខែ​កក្កដា ដល់​ខែ​តុលា ឆ្នាំ​២០២០ មុន​ពេល​ដែល​កម្ពុជា​ប្រឈម​ការ​ឆ្លង​ខ្លាំង​ក្លា ដែល​ចាប់​ផ្តើម​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ខ្មែរ​ម្នាក់ ដែល​កំពុង​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​បារាំង ហើយ​បាន​សម្ភាស​អ្នក​ជំពាក់​បំណុលមីក្រូ​ហិរញ្ញវត្ថុ ប្រមាណ​១២០​នាក់។

របាយការណ៍​នៃ​ការ​សិក្សា​ប្រមាណ​១០០​ទំព័រ ក្រោម​ចំណង​ជើង​ថា​៖ «មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​សម័យ​កូវីដ​១៩៖ កិច្ច​គាំពារ​អតិថិ​ជន និង​ដំណើរ​ការ​រៀប​ចំ​ឥណ​ទាន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា» ចុះ​ផ្សាយ​កាល​ពីខែ​មិថុនា ឆ្នាំ​២០២១ ដែល​វីអូអេ​ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​រៀបចំ​ជា​លក្ខណៈ​ឯករាជ្យ ដោយកញ្ញា រេះ ផាស៊ី និស្សិត​ថ្នាក់​បណ្ឌិត​នៅ​សាកលវិទ្យាល័យ ​Sorbonne Paris 1 ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ របាយការណ៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​គេហទំព័ររបស់​គម្រោង​«ពន្លក​ចំណេះ»របស់​មូលនិធិ​អាស៊ី​(Asia Foundation) ដែល​ជា​អ្នក​ឧបត្ថម្ភ​រួម​គ្នា​ជាមួយ​ទីភ្នាក់ងារ​អូស្រ្តាលី​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ (Aus Aid)។

អ្នក​ស្រាវជ្រាវ​បាន​សម្ភាស​អ្នក​ខ្ចី​កម្ចី​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​១១៩​នាក់ អ្នក​មិន​មែន​ជា​កូន​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​១៧​នាក់ និង​មនុស្ស​៣៤​នាក់ ដែល​ជា​បុគ្គលិក​របស់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុចំនួន​៥។

ការ​សិក្សា​បាន​រក​ឃើញ​ថា ​កូន​បំណុល​ចំនួន៣១​នាក់ មិន​បាន​ដឹង​ពី​គោល​ការណ៍​នយោបាយ​អនុញ្ញាត​ឲ្យ​រៀប​ចំ​ឥណ​ទាន​ឡើង​វិញ ដែល​ត្រូវ​បាន​ផ្តល់​ដោយ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទេ ក្រោយ​មាន​ការ​អំពាវនាវ​ពី​រដ្ឋាភិបាល ក្នុង​ពេល​ដែល​ពលរដ្ឋ​បាត់​បង់​ការងារ និង​ប្រាក់​ចំណូល​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩​។

គម្រប​របាយការណ៍​ដែលមាន​ចំណងជើង​ថា «មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​សម័យ​កូវីដ​១៩៖ កិច្ច​គាំពារ​អតិថិ​ជន និង​ដំណើរ​ការ​រៀប​ចំ​ឥណ​ទាន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា» ចុះ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១។

របាយការណ៍​បន្ថែម​ថា​ក្រៅ​ពី​នេះ សុទ្ធ​តែ​អ្នក​មាន​លទ្ធ​ភាព​បង់ ឬ​មិន​ហ៊ាន​ទាក់​ទង​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ «ដោយ​ខ្លាច​ប៉ះ​ពាល់​ដល់​ប្រវត្តិ​ឥណ​ទាន​របស់​ពួក​គេ​ ឬ​ខ្លាច​ខ្មាស​គេ»។

កញ្ញា រេះ ផាស៊ី អ្នក​ស្រាវជ្រាវ​ការ​សិក្សា​នេះ បាន​ប្រាប់​វីអូអេ​ថា ​កញ្ញា​ចង់​ឃើញ​មាន​ការ​ផ្តល់​ព័ត៌មាន​ពេញ​លេញ និង​កាន់​តែ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដល់​កូន​កម្ចី ពាក់ព័ន្ធ​នឹង​ជម្រើស​ផ្សេងៗ​នៅ​ពេល​ដែល​ពួក​គេមិន​អាច​សង​បំណុល​បាន។

កញ្ញា​ថ្លែង​ជា​ភាសា​អង់គ្លេស ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ក្នុង​ន័យ​ដើម​ថា៖ «នៅ​ពេល​ពួក​គាត់​ស្ថិត​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ស្នើ​សុំ​កម្ចី ពួក​គាត់​គួរ​តែ​ត្រូវ​ទទួល​បាន​ព័ត៌មាន​ទាន់​ពេល​វេលា​ នៅ​ពេល​ដែល​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​សង​បំណុល ដើម្បី​ឲ្យ​កូន​កម្ចី​ដឹង​ថា​ពួកគាត់​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​នៅ​ពេល​ដែល​ពួក​គេ​ជួប​ការ​លំបាក​ក្នុង​ការ​សងត្រឡប់​មក​វិញ»។

កញ្ញាជំរុញ​ឲ្យ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​គួរ​តែមាន​យន្ត​ការ​ការ​ពារ​ទុក​ជា​មុន​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​កូន​បំណុល​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​មិន​អាច​សង​កម្ចី​ត្រឡប់​មក​វិញ ហើយ​ត្រូវ​បង្ខំ​ចិត្ត​លក់​ទ្រព្យ​សម្បត្តិ ដូច​ជា​ដីធ្លី​របស់​ពួកគេ ហើយ​គួរ​មាន​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ ដើម្បី​ផ្តល់​ជាដំណោះ​ស្រាយ​ផ្សេងៗ​ចំពោះ​បុគ្គល​ដែល​មិន​មាន​លទ្ធភាព​បង់​សង។

របាយការណ៍​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ បាន​ឲ្យ​ដឹង​ថា​បញ្ហា​ជុំវិញ​ការ​មិន​មាន​លទ្ធភាព​សង​បំណុល​របស់​ពលរដ្ឋ​មួយ​ចំនួន គឺ​មាន​តាំង​ពី​មុន​ការ​កើត​មាន​ជំងឺ​កូវីដ​១៩​មក​ម្ល៉េះ ហើយ​ថា​អ្នក​វិភាគ​ផ្សេង​ៗ​ក៏​បាន​ព្រមាន​ពី​តម្រូវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ចំណូល​ទាប​លក់​ទ្រព្យ​សម្បត្តិរបស់​ខ្លួន ពោល​គឺ​ដី​របស់​ពួកគេ។

អ្នក​ស្រាវ​ជ្រាវ​ក៏​បានជំរុញ​ឲ្យ​ការ​ផ្តល់​សេវា​កម្ម​កម្ចី​ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ត្រូវមាន​ជាប់​ជាមួយ​«​ការ​ទទួល​ខុស​ត្រូវ» ពី​ព្រោះ​តែ​សេវា​មីក្រូ​ហិរញ្ញវត្ថុ​មាន​សក្តានុពល​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​។ របាយ​ការណ៍​បន្ថែម​ថា​ សេវា​មីក្រូ​ហិរញ្ញវត្ថុ​ក៏​អាច​ឲ្យ​កូន​បំណុល​មាន​ប្រាក់​ចំណូល​ទាប ​ជាប់​បំណុល​កាន់​តែច្រើន កាល​ណា​ចំនួន​បំណុល​កើន​ឡើង និង​អាច​បណ្តាល​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ផង​ដែរ។

របាយ​ការណ៍​បញ្ជាក់ក្នុង​សំណេរ​ដើម​ថា​៖ «អ្វី​ដែល​សំខាន់​បំផុត​នៅ​បច្ចុប្បន្ន​នេះ​គឺ​ថា​សិ្ថរភាព​នៃ​វិស័យ​នេះ​ត្រូវ​ធានា​ឲ្យ​បាន​ជា​ចម្បង​តាម​រយៈការ​ធានា​ថា​កូន​បំណុល​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​បាន​ទទួល​ផល​ពី​ឥណ​ទានដែល​បាន​ចែង​ក្នុង​កិច្ច​សន្យា ហើយ​ថា​ជន​ងាយ​រង​គ្រោះខាង​សង្គម​ និង​សេដ្ឋកិច្ច​ក្នុង​ចំណោម​កូន​បំណុល​ទាំង​នោះ នឹង​ទទួល​បាន​ការ​គាំពារ​សម​រម្យ»។

អ្នក​ស្រាវជ្រាវ​បាន​លើក​ទឹកចិត្ត​ឲ្យមាន​ការ​កែ​លម្អ​គោល​នយោបាយ​ ដែល​ជួយ​បុគ្គល​ជា​កូន​បំណុល​នៅ​ពេល​មាន​សេដ្ឋកិច្ច​ធ្លាក់​ចុះ ដូច​ជា​ការ​រៀបចំ​ឥណ​ទាន​ឡើង​វិញ គួរ​តែ​ផ្តល់​ជូន​ទៅគ្រប់​គ្រួសារ​ទាំង​អស់​ដែល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​បញ្ហា​កូវីដ​១៩ និង​ការ​ផ្តល់​ការ​គាំពារ​ដោយ​ស្វ័យ​ប្រវត្តិ​ចំពោះ​រាល់​សំណើ ដោយ​មិនគិត​ថា​តើ​មុខរបរ​របស់​ពួក​គាត់​បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់ ឬយ៉ាង​ណា​នោះ​ទេ​ជា​ដើម។

រូបឯកសារ៖ បុគ្គលិកធនាគារអេស៊ីលីដា រាប់ក្រដាសប្រាក់ដុល្លារ នៅក្នុងទីស្នាក់ការធនាគារអេស៊ីលីដា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

របាយ​ការណ៍​ស្រាវ​ជ្រាវ​ក៏​បាន​លើក​ឡើង​ករណី​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​ដែល​ជាប់​បំណុល​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ដែល​អ្នកស្រាវ​ជ្រាវ​មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ។ អ្នក​ជាប់​បំណុល​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​គ្រឿង​ទេស អាយុ​៤១​ឆ្នាំ ត្រូវ​បាន​ដក​ស្រង់​សម្តី​នៅ​ក្នុងរបាយការណ៍​ថា​៖​ «​តាម​ពិត ខ្ញុំ​ចង់​ប្រាប់​រាល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​អស់​ថា​ទោះ​បី​ជា​ខ្ញុំ​បាន​សង​ទាន់​ពេល​រាល់​ខែ​ក៏​ដោយ ខ្ញុំ​ពិត​ជា​កំពុង​ជួប​ការ​លំបាក​ខ្លាំង។ ប៉ុន្តែ​ខ្ញុំ​ខ្លាច​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​នោះ​លែង​ឲ្យ​ខ្ញុំ​ខ្ចី​ទៀត បើ​ខ្ញុំ​បង្ក​បញ្ហា»។

ចំណែក​ចុង​ភៅ​ម្នាក់​ដែល​ជំពាក់​បំណុល​ហើយ​ត្រូវ​បាន​ស្រង់​សម្តី​នៅ​ក្នុង​របាយ​ការណ៍ បាន​លើក​ឡើង​ថា៖ «ខ្ញុំ​ស្គាល់​អ្នក​ខ្លះ​ដែល​បាន​ស្នើ​សុំ​ពន្យារ​ពេល ប៉ុន្តែ​សំណើ​ពួក​គាត់​បាន​ត្រូវ​បដិសេធ។ ពេល​ខ្ញុំ​ឃើញ​ដូច្នេះ​ខ្ញុំ​មិន​មាន​ការ​ជឿជាក់​ក្នុង​ការ​ស្នើ​សុំ​ទៀត​ទេ។ ខ្ញុំ​ខ្លាច​ថា​នឹង​បាន​ចម្លើយ​ដូច​គ្នា។ នោះ​វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​គេ»។

លោក កាំង តុងងី ប្រធាន​ទំនាក់​ទំនង​និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​(Cambodia Microfinance Assocation ឬCMA) ដែល​មាន​សមា​ជិក​ជាង​១១០​ស្ថាប័ន បាន​ប្រាប់ ​VOA​ ថា​ មន្រី្ត​ឥណ​ទាន​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ តែង​តែ​ធ្វើ​ការ​ជាប់​ជាមួយ​ប្រជាពល​រដ្ឋ​ក្នុង​ការ​តាម​ដាន និងរៀប​ចំ​ឥណ​ទានឡើង​វិញ​ចំពោះ​អតិថិ​ជន​ដែល​បាន​រង​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​ដោយ​សារ​បញ្ហា​កូវីដ​១៩។

លោក​បន្ថែម​ថា​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ក៏​មាន​យន្ត​ការ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ អំពី​គោល​ការណ៍​អនុ​គ្រោះ ប្រសិន​បើ​ពួកគេ​មិន​មាន​លទ្ធភាព​បង់​សង។

លោក​បាន​ថ្លែង​ថា​៖ «ជា​ទូទៅ​មន្ត្រី​ឥណទាន​ដែល​គាត់​ធ្វើ​ការ​ផ្ទាល់​ជាមួយ​អតិថិជន​របស់​គាត់​នៅ​កម្រិត​មូលដ្ឋាន​ហ្នឹង គាត់​ដឹង​ពី​ស្ថាន​ភាព​របស់​អតិថិ​ជន​គាត់។ អញ្ចឹង​នៅពេល​អតិថិជន​របស់​គាត់​អាច​ប្រឈម​នឹង​ការ​បង់​យឺត​យ៉ាវ​ ឬ​ក៏​គាត់​មើល​ឃើញ​ថា​ អតិថិជន​អាច​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​កូវីដ​ហើយ អញ្ចឹង​មន្ត្រី​ឥណ​ទាន​នោះ ​គាត់​នឹង​ប្រាប់​ទៅ​អតិ​ថិជន ឬ​ក៏ស្នើ​ទៅ​អតិថិ​ជន​ឲ្យ​គាត់​ ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ការ​រៀប​ចំ​ឥណទាន​ឡើង​វិញ​តាម​រយៈ​មន្ត្រី​ផ្ទាល់​ក៏​បាន​ ឬ​ក៏​ទៅ​ការិយា​ល័យ​ណា​មួយ​របស់​គ្រឹះ​ស្ថាន​ក៏​បាន​ដែរ»​ ។

លោក កាំង តុងងី បាន​ឲ្យដឹង​ទៀត​ថា ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិន​អាច​រៀប​ចំ​ឥណទាន​ឲ្យ​អតិថិ​ជន​បាន​នោះ​ទេ ប្រសិន​បើ​មិន​មាន​ការ​ស្នើ​សុំ។ លោក​បាន​លើក​ទឹក​ចិត្ត​អតិថិជនស្នើ​សុំ​រៀប​ចំ​ឥណ​ទាន​ឡើង​វិញ តាម​រយៈ​ការ​ចរចា​ជាមួយ​មន្រ្តី​ឥណទាន។

រូបឯកសារ៖ ស្រ្តីម្នាក់កំពុងទិញអេតចាយ ក្នុងតំបន់ក្រហមសង្កាត់ស្ទឹងមានជ័យ១ អំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ស្រប​ពេល​ដូចគ្នា​នេះ​ដែរ លោក ​តុងងី បាន​បញ្ជាក់​បន្ថែម​ថា របាយការណ៍​ស្រាវជ្រាវ​ខាង​លើ​ ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​មាន​រលក​ទី​មួយ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ផ្តោត​ចម្បង​លើ​សហគមន៍​ពលរដ្ឋ​ងាយ​រងគ្រោះ​ពី​លទ្ធភាព​មិន​អាច​សង​បំណុល​បាន​ ដូច្នេះ​របាយការណ៍​នេះមិន​តំណាង​ជា​ស្ថិតិ​មក​លើ​វិស័យ​ទាំង​មូល​នោះ​ទេ។ លោក​បាន​បន្ត​ថា អំឡុងពេល​នោះ គោលនយោបាយ​រៀបចំ​កម្ចី​ឡើង​វិញ​ស្ថិត​នៅ​ដំណាក់កាល​ដំបូង​នៅ​ឡើយ ដូច្នេះ​ការ​អនុវត្ត​អាច​យឺត​ជាង​ការ​រំពឹង​ទុក។

គិត​ត្រឹម​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ សមាជិក​ទាំង​ ១១៥​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​រៀប​ចំ​ឥណទាន​ឡើង​វិញ​ដល់​អតិថិជន​ប្រមាណ​ជា​៣៦​ម៉ឺន​នាក់។ នេះ​បើ​យោង​តាមករបញ្ជាក់​របស់​លោក កាំង តុងងី។

ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​ធ្លាប់​បាន​លើក​ឡើង​ថា ​ស្ទើរ​តែ​គ្រប់​ករណីដែល​ពួក​គេ​ទទួល​បាន គឺ​ធនាគារ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កំពុង​តែ​ផ្អាក​ការ​បង់​ប្រាក់​ដើម ប៉ុន្តែនៅ​តែ​បន្ត​ប្រមូល​យ​កការ​បង់​ថ្លៃ​ការ​ប្រាក់ ព្រម​ទាំង​គណនា​ការ​ប្រាក់​លើ​ឥណ​ទាន​ទាំង​នេះ។

លោក ​មាស សុខសេន​សាន្ត ​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ ដោយបង្វែរ​សំណួរមកធនាគារជាតិ​នៃ​កម្ពុជា។

VOA ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយពី​អ្នកស្រី ជា សិរី អគ្គនាយិកា​បច្ចេក​ទេស​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តបឡើយ។

លោក គី សេរីវឌ្ឍន៍ ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ប្រាប់​វីអូអេថា​កន្លង​មក​ លោក​បាន​ឃើញ​រដ្ឋាភិបាល​ចេញជា​គោល​ការណ៍គាំពារ​អតិថិជន និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ដើម្បី​បញ្ចៀសការ​លំបាក ឬ​ហានិភ័យ​ណា​មួយ​កើត​ឡើង។ លោកជំរុញឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ និង​ផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជា​ពល​រដ្ឋ​ ពាក់ព័ន្ធ​នឹង​ការ​រៀប​ចំ​កម្ចីឡើង​វិញ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​អត់​ឲ្យ​បាន​ជ្រាប ហើយ​ឲ្យ​បាន​ដឹង​ទាំង​អស់គ្នា​ ហើយ​ភ្នាក់​ងារ​គ្រឹះ​ស្ថាន​ឯកជន ហើយ​និង​អ្នក​ប្រើ​ប្រាស់ ​ជា​អតិថិជន [និង]​ជា​គ្រួសារ​ហ្នឹង​ ត្រូវ​តែ​ជជែក​គ្នា​នៅ​ក្នុង​កម្រិត​មួយ​អាច​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​។ ហើយ​ប្រសិន​បើ​ការ​ជជែក​នេះ​នៅ​តែ​មិន​ទទួល​បាន​ផល​ ត្រូវ​ការ​តួនាទី​រដ្ឋា​ភិបាល​ ឬ​មន្ត្រី​នៃ​ធានាគារ​ជាតិ​ដែល​ជា​អ្នក​សម្រប​សម្រួល​ ឬ​ជា​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ជា​អ្នក​សម្រប​សម្រួល​ដើម្បី​ពិនិត្យ​មើល​ចំពោះ​លក្ខខណ្ឌ​ប្រជា​ពលរដ្ឋ​ពិត​ជា​រង​គ្រោះ​ដោយ​សារ​វិបត្តិ​ហ្នឹង​អត់។ គាត់​មិន​មាន​ថវិកា​មែន​ដែ​រឬ​អត់​ ដើម្បី​ឲ្យ​គាត់​ ​Reschedule [កំណត់​ពេល​វេលា​សង​កម្ចី]​ឡើង​វិញ»។

របាយការណ៍​របស់​ក្រុម​សិទ្ធិ​មនុស្ស​ស្តី​ពី​កម្ចី​មីក្រូហិរញ្ញវត្ថុ ចេញ​ផ្សាយកាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ​អ្នក​ខ្ចី​កម្ចី​ឥណ​ទាន​ខ្នាត​តូច​នៅ​កម្ពុជា មាន​ជាង​២​លាន ​៦​សែន​ នាក់។ ទំហំ​កម្ចី​ឥណទាន​ខ្នាត​តូច​ជា​មធ្យម​នៅ​កម្ពុជា​ គឺ​មាន​ចំនួន​៣.៨០៤​ដុល្លារ ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក៕