ការសិក្សាថ្មី៖ វិស័យមីក្រូហិរញ្ញវត្ថុជួយជីវភាពពលរដ្ឋប្រសើរឡើង ខណៈអ្នកខ្ចីមួយចំនួនតូចលក់ដីដើម្បីសងបំណុល

រូបឯកសារ៖ កសិករ​ម្នាក់​ជិះ​កង់​​នៅ​លើ​ផ្លូវ​លំមួយ​ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ការ​សិក្សា​ថ្មី​មួយ​របស់​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​(CMA)​ ដែល​មាន​សមាជិក​ជា​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ បាន​រក​ឃើញ​ថា​ វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ​ប៉ុន្តែកូន​បំណុល​មួយ​ចំនួន​តូច​បាន​លក់​ដី​របស់​ពួកគេ ​ដើម្បី​សង​បំណុល​ដែលពួក​គេ​បាន​ខ្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​ឬ​ធនាគារ។​

ការ​សិក្សារបស់​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​បាន​ធ្វើ​ការ​ស្ទង់​មតិក្នុង​ចំណោម​អ្នក​ខ្ចីចំនួន​ ៣.២៦២​នាក់ ​ក្នុង​ ១០​ខេត្ត ​និង​ជាង ​៤៥០​ភូមិ​ ក្នុង​ប្រទេស​កម្ពុជា។​ ការ​សិក្សា​ ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះរក​ឃើញ​ថា ស្ត្រី​បាន​ធ្វើ​កម្ចី​ឥណទាន​ច្រើន​ជាង​បុរស។​

ក្នុង​ការ​ដាក់​បង្ហាញ​របាយ​ការណ៍​នៃ​ការ​សិក្សា​អំពី​ការ​វាយ​តម្លៃ​ពី​ផល​ជះ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ​លោក ​ថៃ សុភា ​អគ្គ​លេខាធិការ​រង​ធនាគារ​ជាតិ​កម្ពុជា​ លើក​ឡើង​ថា ការ​សិក្សា​បាន​បង្ហាញ​ពី​ភាព​ចាំបាច់​ និង​តម្រូវ​ការ​នៃ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា។ ​លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​មាន​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក​ក្នុង​ឆ្នាំ ​២០០៦ ​បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​អង្គការ​សហ​ប្រជាជាតិ ​ដោយ​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស ​និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ ​«មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​មួយ​នឹង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល។ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​សង្គម​ដោយ​ផ្អែក​លើ​ប្រាក់​ចំណូល​ពី​ប្រាក់​កម្ចី ​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស»។​

លោក ​សុខ វឿន ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​បាន​ថ្លែង​ថា ការ​សិក្សា​នេះវាយ​តម្លៃ​ពី​ផល​ជះ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា។​

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស ​និង​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ ​«ការ​រក​ឃើញ​នេះ​នឹង​បង្ហាញ​ពី​របៀប​ដែល​មីក្រូ​ហិរញ្ញ​វត្ថុ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ការ​កែ​លម្អ​ជីវិត​របស់​អតិថិជន ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។ ​ការ​រក​ឃើញ​និង​អនុសាសន៍​នឹង​កាន់​តែ​មាន​សារៈ​សំខាន់​សម្រាប់​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​ស្ថាប័ន​ទាំង​អស់ ​ព្រម​ទាំង​អ្នក​បង្កើត​គោល​នយោបាយ ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រៀប​ចំ ​និង​អនុវត្ត​កិច្ច​អន្តរាគមន៍​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និង​ឈាន​ទៅ​ជំហាន​បន្ទាប់​ក្នុង​ការ​ធានា​និរន្តរភាព​នៃ​ការ​ដាក់​បញ្ចូល​ហិរញ្ញ​វត្ថុ ​និង​ផល​ប៉ះ​ពាល់​ជា​វិជ្ជមាន​លើ​អតិថិជន»។​

ថ្លែង​នៅ​ក្នុង​ការ​បង្ហាញ​របាយ​ការណ៍​នៃ​ការ​សិក្សា​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ​កញ្ញា​ Ratika Kathuria ​ទីប្រឹក្សា​អភិវឌ្ឍន៍​អន្តរ​ជាតិ​នៃ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​អភិវឌ្ឍន៍​ឯករាជ្យ ​M-CRIL ​ដែល​ជា​អ្នក​សិក្សា​របាយ​ការណ៍​នេះ ​បាន​លើក​ឡើង​ថា ​កម្ចី​ជា​មធ្យម​ដែល​ប្រជាជន​កម្ពុជា​បាន​ខ្ចី​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​ឬ​ធនាគារ​មាន​ប្រមាណ ​៥.០០០​ដុល្លារ​អាមេរិក ​ដោយ​កញ្ញា​បាន​សិក្សា​និង​បែង​ចែក​កម្ចី​ឥណទាន​ពី​ក្រុម​គ្រួសារ​ក្រីក្រ​ដែល​មាន​បណ្ណ​សម្គាល់​ក្រីក្រ​ពី​អាជ្ញាធរ ​និង​គ្រួសារ​មិន​ក្រីក្រ។ ​កញ្ញា​បាន​រក​ឃើញ​ថា​ កម្ចី​របស់​ក្រុម​គ្រួសារ​ក្រីក្រ​តែង​តែ​មាន​ការ​បង្វិល​សង​ពី​មួយ​ទៅ​មួយ ​ខណៈ​ក្រុម​គ្រួសារ​មិន​ក្រីក្រ​បាន​យក​កម្ចី​ទៅ​កែ​ប្រែ​ការ​ធ្វើ​ជំនួញ​របស់​ពួក​គេ។​

កញ្ញា​ថ្លែង​ជា​ភាសា​អង់គ្លេស​ និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ ទំហំ​មធ្យម​នៃ​ប្រាក់​កម្ចី​គ្រួសារ​ក្រីក្រ​ប្រមាណ ​៣.២០០​ដុល្លារ ​ហើយ​សម្រាប់​គំរូ​សរុប ​គឺ​ប្រហែល​៥.០០០​ដុល្លារ​ ហើយ​គ្រួសារ​ក្រីក្រ​ពិបាក​សង​បំណុល ​បើ​ប្រៀប​ធៀប​នឹង​គ្រួសារ​ដែល​មិន​ក្រីក្រ។​

បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា ​ក្នុង​ចំណោម​អ្នក​ខ្ចីចំនួន ​៣.២៦២​នាក់ ​មាន​តែ​ប្រមាណ​ ៦០​នាក់ ​ឬ​ប្រមាណ​ ២%​ ទេ ​ដែល​បាន​លក់​ដី​ដើម្បី​សង​បំណុល។​

ក្នុង​ពេល​ដាក់​បង្ហាញ​ការ​សិក្សា​ លោក​ Sanjay Sinha ​សហ​ស្ថាបនិក ​និង​ជា​នាយក​គ្រប់​គ្រង​នៃ​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​អភិវឌ្ឍន៍​ឯករាជ្យ​ M-CRIL ​បាន​លើក​ឡើងថា​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទទួល​បាន​ផល​ពី​ការ​ធ្វើ​កម្ចី​ឥណទាន​នេះ ​ខណៈ​មួយ​ចំនួន​មាន​ភាព​តាន​តឹង​ក្នុង​ការ​ទូទាត់​សង​បំណុល​ឱ្យ​ទាត់​ពេល​វេលា ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​លក់​ដី ​ឬ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ដើម្បី​សង​បំណុល​ទាំង​នោះ។​

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស ​និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ ​«ដូច្នេះ​លទ្ធភាព​នៃ​ការ​លក់​ដី​ជា​យុទ្ធសាស្ត្រ​សម្រាប់​ភាព​តាន​តឹង​ក្នុង​ការ​ទូទាត់​សង​នា​ពេល​អនាគត​ក៏​ជា​សំណួរ​ដែល​យើង​បាន​សួរ​ថា​ តើ​មាន​ភាព​តាន​តឹង​ក្នុង​ការ​ទូទាត់​សង​នា​ពេល​អនាគត​ដែរ​ ឬ​ទេ?​ ហើយ​ប្រសិន​បើ​អ្នក​យក​ប្រាក់​កម្ចី​បន្ថែម ​តើ​អ្នក​នឹង​ធ្វើ​អ្វី? ​វា​ត្រូវ​បាន​អ្នក​ខ្ចីចំនួន​ ១២%​ ទទួល​ស្គាល់ថា ​ការ​លក់​ដី​គឺ​ជា​លទ្ធភាព​មួយ​ដែល​សង​បំណុល​បាន ​ហើយ ​២០%​ ក៏​បាន​ទទួល​ស្គាល់​ថា​ ពួក​គេ​អាច​បាត់​បង់​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ខ្ពស់​ផង​ដែរ»។​

កាល​ពី​ខែសីហា ​ឆ្នាំ ​២០២៣ ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ស្ដីពី​ហានិភ័យ​នៃ​បំណុល ​ដែល​ជា​ការ​សិក្សា​ស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់​ជំពាក់​កម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ។ ​របាយ​ការណ៍​នេះ​បង្ហាញ​ពី​ការ​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ចំនួន ៧១៧​ខ្នង​ផ្ទះ។ ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា​ ការ​រីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើន​លើស​លប់​បាន​នាំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ច្រើន ​រួម​មាន​ភាព​អត់​ឃ្លាន ​ពលកម្ម​កុមារ ​និង​ការ​លក់​ដី​ដោយ​បង្ខំ​ជាដើម​ ​នៅ​ខេត្ត​កំពង់ស្ពឺ។​

បើ​តាម​ការ​សិក្សា ​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ ​៦,១% ​បាន​លក់​ដី​ដើម្បី​សង​បំណុល។ ​របាយ​ការណ៍​បន្ត​ថា​ ពលកម្ម​កុមារ ​និង​កុមារ​បោះបង់​ការ​សិក្សា​ដោយសារ​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ​ឬ​ធនាគារ​ ​គឺ​កើត​ឡើង​ញឹក​ញាប់​ខ្លាំង។ ​ប្រមាណ​ជា ​៣%​ នៃ​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ​បាន​ឱ្យ​កូន​បោះ​បង់​ការ​សិក្សា ​ដោយ​សារ​តែ​ក​ម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ ​ឬ​ធនាគារ​ ​ដោយ​កុមារ​ជា​ច្រើន​ត្រូវ​ទៅ​ធ្វើ​ការ​ជួយ​រក​ប្រាក់​ដើម្បី​បង់​សង​កម្ចី​ទាំង​នោះ​វិញ៕