គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​នឹង​បង្ហាញ​សំណើ​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩

ទង់ជាតិ​សហរដ្ឋអាមេរិក​បក់រវិចៗ​នៅ​ពី​មុខ​វិមាន​រដ្ឋសភា។

សមាជិក​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បង្ហាញ​សំណើ​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ ក្នុង​ទឹក​ប្រាក់ ១ លាន​លាន​ដុល្លារ នៅ​ថ្ងៃ​ច័ន្ទ​នេះ គឺ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ប្រាក់​ជំនួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​សម្រាប់​ជួយ​អ្នក​បាត់បង់​ការងារ​ធ្វើ​រាប់​លាន​នាក់​ផុត​កំណត់។

បន្ទាប់ពី​បាន​ពិភាក្សា​អស់​ប៉ុន្មាន​ថ្ងៃ​មក​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៅ​វិមាន​សភា នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Mark Meadows និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Mnuchin បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា កញ្ចប់​ថវិកា​ថ្មី​នេះ​រួម​មាន​ទាំង​ថវិកា​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការងារ​ធ្វើ​ផង​ដែរ ប៉ុន្តែ​លើក​នេះ អ្នក​បាត់បង់​ការងារ​ធ្វើ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​អតិបរមា​ត្រឹម​តែ ៧០% ប៉ុណ្ណោះ​នៃ​ប្រាក់​បៀវត្សរ៍​មុន​ពេល​បាត់បង់​ការងារ។

ប្រាក់​ឧបត្ថម្ភ​នៅ​ពេល​បច្ចុប្បន្ន​សម្រាប់​អ្នក​បាត់បង់​ការងារ​ធ្វើ​ពេល​មាន​វិបត្តិ​ជំងឹ​កូវីដ១៩ នឹង​ផុត​កំណត់​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ដោយ​អ្នក​បាត់បង់​ការងារ​ធ្វើ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ បន្ថែម​ទៅ​នឹង​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ​នីមួយៗ​សម្រាប់​អ្នក​គ្មាន​ការងារ៕