របាយការណ៍​ឯករាជ្យ​បង្ហាញ​ពីឥទ្ធិពល​​រកស៊ី​ឈើ​ផ្តាច់​មុខ​​ប៉ះពាល់​សេដ្ឋកិច្ច

ឧកញ៉ា ទ្រី ភាព ប្រធាន​ក្រុមហ៊ុន​ទ្រីភាពគ្រុប​ (Try Pheap Group) ដែល​ជា​សេដ្ឋី​ខ្មែរ​ដ៏​ល្បី​ឈ្មោះ និង​មាន​ឥទ្ធិពល​មួយ​រូប។ (រូបថត៖Globalwitness.org)

របាយ​ការណ៍​មួយ​ ដែល​និយាយ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​រដ្ឋ​ និង​តំបន់​ការពារ​ធម្មជាតិ​ ហើយដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ បាន​បង្ហាញ​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​ រួម​និង​មន្ត្រី​រដ្ឋាភិបាល​បាន​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ទ្រីភាព​គ្រុប​ ហើយ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​មាន​ឥទ្ធិពល​ក្នុង​ជំនួញ​ជួញ​ដូរ​ឈើ​ប្រណិត។​ ប៉ុន្តែ​មន្រ្តី​រាជ​រដ្ឋាភិបាល​ បាន​ថ្លែង​ថា​ របាយ​ការណ៍​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់ទេ​ថា ​តើមន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូបណា​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជំនួញ​ឈើ​នេះ។​

ក្រុមហ៊ុន​ទ្រីភាពគ្រុប​ (Try Pheap Group) ​ត្រូវ​បាន​ពិពណ៌នា​ថា​ ជា​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ជំនួញ​កាប់​ឈើ​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន្ត​ចំនួនពីរ​នៃ​ប្រ​ទេស​កម្ពុជា​ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ជំនួញ​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៣។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ថ្មីៗ​ដោយ​ក្រុម​អង្គការ​សង្គមស៊ីវិល​មួយ​ក្រុម។

ឥទ្ធិពល​របស់​ក្រុមហ៊ុន​ទ្រីភាព​គ្រុប​គឺ​នៅ​ត្រង់​ថា​ អ្នក​កាប់​ឈើ​ប្រណិត​ទាំង​អស់​នៅ​ក្នុង​ខេត្ត​រតនគីរី​ និង​ស្ទឹង​ត្រែង​ ត្រូវតែ​លក់​ឈើ​របស់​ពួក​គេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទ្រីភាព​គ្រុប​ បើ​ទោះ​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់អ្នក​កាប់ឈើ​ និង​ឈ្មួញ​ឈើ​មួយ​ចំនួន​ដែល​បានលួច​លាក់លក់​ឈើ​នៅ​ឯ​ផ្សារ​តាម​ព្រំដែន​ក៏​ដោយ។​

របាយ​ការណ៍​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​នេះ​បាន​រៀបរាប់​ពី​អាជីវ​កម្ម​ឈើ​ប្រណិត​យ៉ាង​ដូច្នេះ​ថា​ ប្រសិន​បើ​អ្នក​កាប់​ឈើ​ ដឹក​ឈើ​ចេញ​ពី​ព្រៃ ហើយ​មិន​លក់​នៅ​ដេប៉ូ​ទ្រីភាព​នោះ​ទេ​ ឈើ​ទាំង​នោះ​នឹង​ត្រូវរឹប​អូស​ ហើយនាំ​យក​ទៅ​ឲ្យ​ដេប៉ូ​ទ្រីភាព។​ ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ​ អ្នក​កាប់​ឈើ​ជា​ច្រើន​បាន​ព្យាយាមលក់​ឈើ​ដោយ​ផ្ទាល់​នៅ​លើ​ទីផ្សារ​សេរី​ដើម្បី​ទទួល​បាន​តម្លៃ​ខ្ពស់​ជាង។​ នៅ​ក្នុង​ភូមិ​ជា​ច្រើន​ អ្នក​ភូមិ​មួយ​ចំនួន​បាន​កាប់​ឈើប្រណិត​លាក់​គរ​ទុក​នៅ​ក្រោយ​ផ្ទះ​របស់​ពួក​គេ ​រង់​ចាំ​ថៅកែ​ឈើ​មក​ទិញ។​

ឈ្មួញ​ឈើ​ភាគ​ច្រើន​មិន​ចង់​លក់​ឈើ​ដោយ​ផ្ទាល់​ទៅ​ឲ្យក្រុមហ៊ុន​នោះ​ទេ​ ព្រោះ​ពួកគេ​ទទួល​បាន​តម្លៃ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​ធៀប​នឹង​តម្លៃ​ទីផ្សារ​សេរី ខណៈ​ដែល​ឈ្មួញ​កាប់​ឈើ​ខ្លះ​បាន​លក់​ដោយ​ផ្ទាល់​នៅ​ឯ​ផ្សារ​តាម​ព្រំដែន​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ចន្លោះ​រវាង​ព្រំ​ដែន​កម្ពុជា-វៀតណាម​ និង​កម្ពុជា-ឡាវ​ ឬតាម​ច្រក​របៀង​នា​នា​ជាដើម។​

ប៉ុន្តែ​ឈ្មួញ​ឈើ​ឯកជន​នៅ​តែ​មិន​ងាយ​គេច​ផុត​ពី​សំណាញ់​របស់​ក្រុមហ៊ុន​ទ្រីភាព​គ្រុប​ឡើយ។​ នេះ​បើ​តាម​របាយ​ការណ៍​ដែល​ធ្វើ​ឡើង​ដោយ​មាន​ការប្រថុយ​ប្រថាន​ជីវិត​របស់​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ។​

របាយ​ការណ៍​នេះ​ឲ្យ​ដឹង​ថា​ ឈ្មួញ​ឈើ​ឯកជន​ត្រូវ​តែ​បង់​ប្រាក់​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​ ប្រសិន​បើ​ពួក​គេ​មាន​ចេតនា​ចង់​គេចចេញ​ពី​ក្រុមហ៊ុនទ្រីភាព​គ្រុប។​ ​ ប្រសិន​បើ​ពួក​គេ​មិន​បាន​បង់​ប្រាក់​ទេ​ ឈើ​ប្រណិត​របស់​ពួក​គេ​នឹង​ត្រូវរឹបអូស​ ហើយ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ទ្រីភាព​ ដោយ​សារ​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ដឹង​ថា​ ក្រុមហ៊ុន​ទ្រីភាព​មាន​សិទ្ធិ​ផ្តាច់​មុខ​លើ​ព្រៃ​ឈើ។​ ​ការ​បង់​ប្រាក់​ទៅ​ឲ្យ​អាជ្ញាធរ​គឺ​ធ្វើ​ឡើងដោយ​ផ្អែក​ទៅ​លើ​ប្រភេទ​នៃ​សេវា​ដឹក​ជញ្ជូនតម្លៃ​ចាប់​ពី​៥​ទៅ​១០​ដុល្លារ​សម្រាប់​ការ​ដឹក​តាម​ម៉ូតូ​ និង​ពី​៥០​ដុល្លារ​ ទៅ​១០០​ដុល្លារ​សម្រាប់ការ​ដឹក​តាម​រថយន្ត​ទម្ងន់២​តោន។​

ក្រុមហ៊ុន​ទ្រីភាពគ្រុបមាន​យុទ្ធ​សាស្រ្ត​ និង​ដំណើរ​ការ​ដើម្បី​កសាង​ភោគ​ទ្រព្យ​របស់​ខ្លួន​ដោយ​ជំនួញ​កាប់​ឈើ​ ហើយ​មានកង​កម្លាំង​ប្រដាប់​អាវុធ​ រួម​នឹង​មន្ត្រី​រដ្ឋាភិបាល​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​នេះ​ផង​ដែរ។​ របាយ​ការណ៍​ដែល​មាន​កម្រាស់​១២១ទំព័រ​នេះ​បាន​រក​ឃើញ​ថា​ យោធា​ ប៉េអឹម​ ប៉ូលិស​ និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​បាន​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ទ្រីភាព។​ ​ ក្រុមហ៊ុន​នេះ​ក៏បាន​បង់​ប្រាក់​ជា​ប្រចាំ​ទៅ​ឲ្យ​មន្ត្រី​រុក្ខា​ប្រមាញ់​ អ្នក​ឃ្លាំ​មើល​បរិស្ថាន អាជ្ញាធរ​ខេត្ត​ អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​តាម​កុងត្រូល​នានា​ផង​ដែរ​ ដើម្បី​ធានា​ថា​ ការ​ដឹក​ជញ្ជូន​ឈើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ទោះ​បី​ជា​របាយ​ការណ៍​នេះ​បាន​សរសេរ​លម្អិត​ទៅ​លើ​វិធីសាស្ត្រ​នៃ​ការ​រក​ស៊ី​ឈើ​ ដោយ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ ​និង​មន្ត្រី​រដ្ឋាភិបាលក៏​ដោយ​ ក៏​លោក​ស្រ៊ុន ដារិទ្ធិ​ ទីប្រឹក្សា​បរិស្ថាន​របស់រដ្ឋាភិបាល​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះ​ថា​ ការ​លើក​ឡើង​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​កម្លាំង​ប្រដាប់​អាវុធ​ និង​មន្ត្រី​រដ្ឋាភិបាល​នេះ​គឺ​ជាការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន។​

«អានេះ​អាច​ជាការ​ចោទ​ប្រកាន់​មួយ​ដោយ​គ្មាន​មូលដ្ឋាន។​ ​តើមន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ណា​ខ្លះ​ដែល​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ទ្រីភាព? ​អញ្ចឹងជួយ​រក​ឲ្យឃើញ​មក តើ​មន្ត្រី​ជាន់​ខ្ពស់ណា​មួយ​ដែល​ត្រូវ​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន?»

លោក​បាន​ព្រមាន​ផងដែរ​ថា​ សៀវភៅ​មួយ​ក្បាល​នេះ​អាចក្លាយ​ជាភស្តុ​តាងសម្រាប់​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ ​ប្រសិន​បើ​មាន​ការ​ប្តឹង​ផ្តល់​កើត​ឡើង​ទាក់​ទិន​និង​ការ​ចោទ​ប្រកាន់​នេះ។​ លោក​ក៏​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ចំណង​ជើង​ពី​ការ​បំផ្លាញ​ព្រៃ​ឈើ​រដ្ឋ​ និង​តំបន់​ការ​ពារធម្មជាតិមក​ជា​ «ស្ថាន​ភាព​ព្រៃ​ឈើ​នៅ​ខេត្ត​ទាំង​ពីរ​ (រតនៈគីរី​ និង​ស្ទឹង​ត្រែង)​ ប្រយោជន៍​ដើម្បី​បញ្ចៀស​ការ​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​ ឬ​ភាគី​ពាក់​ព័ន្ធ​ណា​មួយ។​ លោក​បន្ថែម​ថា​ របាយ​ការណ៍​នេះ​ក៏គួរតែ​សម្លឹង​ទៅ​មើល​ផល​វិជ្ជមាន​របស់​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិលពាក់​ព័ន្ធ​ក្នុង​ការ​គាំពារ​ព្រៃ​ឈើ​ផង​ដែរ​ ​ ជាជាងសម្លឹង​មើល​តែ​ទៅ​លើ​ការ​បំផ្លិច​បំផ្លាញ។​

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក​ស្រ៊ុន ដារិទ្ធិ​ ​របាយការណ៍​ថ្មីនេះ​បាន​សរសេរ​នៅក្នុង​សេចក្តី​សង្ខេប​របស់​ខ្លួន​ថា​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​បានបង្ហាញ​ក្នុង​របាយ​ការណ៍​នេះ​គឺ​មិនមាន​បំណង​ធ្វើ​ការ​រិះគន់​ ឬ​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ស្វែង​រក​ការ​កេង​ចំណេញ​ផ្នែក​ហិរញ្ញ​វត្ថុ​ ឬ​នយោបាយ​នោះ​ទេ ​ពីព្រោះ​ការ​កាប់​ឈើ​ខុស​ច្បាប់​គឺ​ជា​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែលរាជ​រដ្ឋាភិបាល​គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងការ​កាប់​បំផ្លាញព្រៃ​ឈើ។​

រីឯ​លោក​តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែនរដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ថ្លែង​ថា ​របាយ​ការណ៍​នេះ​អាច​ជា​ឧបករណ៍​សម្រាប់​រក​ដំណោះ​ស្រាយទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។​

«សម្រាប់​អង្គការ​សង្គម​ស៊ីវិល ​ដូច​ខ្ញុំ​បញ្ជាក់​ហើយ​ថា​ ផ្នែក​មួយ​ចំនួន​នៃ​របាយ​ការណ៍​នេះ​គឺ​បាន​បង្ហាញ​ទាក់​ទង​ទិដ្ឋភាព​ជាក់​ស្តែង​នៃ​ការ​បាត់​បង់​ធនធាន​ព្រៃ​ឈើ​ នៅ​ក្នុង​ខេត្ត​រតនៈគីរី​ ហើយ​ស្ទឹងត្រែង។​ ​អញ្ចឹង​យើង​រីក​រាយ​ក្នុង​ការ​យក​លទ្ធផល​របាយ​ការណ៍​នេះ​ បន្ត​ពិភាក្សា​ជាមួយភាគី​ពាក់​ព័ន្ធ​ដើម្បី​រក​ដំណោះស្រាយ»។

ក្រៅពី​ការ​លើក​ឡើង​អំពី​ឥទ្ធិពល​ និង​យុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន​ទ្រីភាព​គ្រុបក្នុង​ការជួញដូរ​ឈើ​ របាយ​ការណ៍​នេះ​ក៏​បាន​លាត​ត្រដាង​ពី​ការ​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃ​ឈើ​ដែរ​ ពីព្រោះ​អាជ្ញាធរ​បាន​ងាក​មក​គាំទ្រ​ដល់​ជំនួញ​យ៉ាង​វិនាសកម្ម​នេះ​ទៅ​វិញ។​ របាយ​ការណ៍​សរសរ​ថា​ ដោយ​សារ​ការកាប់​ឈើ​ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ ​ អាជ្ញាធរ​មូល​ដ្ឋាន​បាន​ធ្វើ​ការអនុវត្ត​ច្បាប់​ការពារ​ព្រៃ​ឈើ​តិច​តួច​ណាស់។​ ​ ប៉ូលិស​ ទាហាន​ ប៉េអឹម​ មន្ត្រី​បរិស្ថាន​ ទាហាន​ការពារ​ព្រំដែន​ អាជ្ញាធរ​មូលដ្ឋាន​ និង​សហគមន៍​ព្រៃ​ឈើ​មួយចំនួន​ក៏​បាន​ចូលរួម​ពាក់​ព័ន្ធ​នៅ​តាម​ដំណាក់​កាល​ជាច្រើន​នៅ​ក្នុង​ខ្សែ​សង្វាក់​រក​ស៊ី​កាប់​ឈើ​ដែរ។​

ទោះ​ជាយ៉ាង​នេះ​ក្តី​ របាយ​ការណ៍​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា​ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជាច្រើន​បាន​ប្តេជ្ញា​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ។​ ​ ពួកគាត់​ទាម​ទារ​ តវ៉ា ​រារាំង​ក្រុមហ៊ុន​មិន​ឲ្យ​មាន​ការ​កាប់​ឈើ​ ហើយ​បាន​ដាក់​ញត្តិ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​រដ្ឋាភិបាល។​ ប៉ុន្តែ​ទីបំផុត​ ពួក​គាត់​នៅ​តែ​មិន​អាច​ការពារ​ព្រៃ​ឈើ​ទាំង​នោះ​បាន។​

សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​ត្រូវ​បាន​ដកស្រង់​សម្តី​ និង​សរសេរ​នៅ​ក្នុង​របាយ​ការណ៍​នេះ​ថា៖ ​«តើយើង​អាច​ប្តឹង​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ដោយ​របៀប​ណា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​គាំទ្រ​ និង​រកស៊ី​ជាមួយក្រុមហ៊ុន?»​

លើសពី​នេះ​ទៅ​ទៀត​ អ្នក​តវ៉ា ​ដែល​ការពារ​ព្រៃឈើ​ ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ទទួល​រងនូវ​ការ​វាយ​ដំ​ និង​ការ​គំរាម​កំហែង​ពី​សំណាក់​កង​កម្លាំងប្រដាប់​អាវុធ​ ដែល​ការពារ​ក្រុមហ៊ុន​កាប់​ឈើ​ផង​ដែរ៕