របាយ​ការណ៍​ថ្មី​បង្ហាញ​ថា​គម្រប​ព្រៃ​ឈើ​សហគមន៍​មួយ​កន្លែង​ក្នុង​ខេត្ត​ក្រចេះ​បាត់​បង់​ជិត​ពាក់​កណ្តាល

ទិដ្ឋភាព​ទូទៅ​នៅ​ព្រៃ​សហគមន៍​ភ្នំសេះ ក្នុង​ខេត្ត​ក្រចេះ។ (រូបថត​ពី​ទំព័រ​ Facebook របស់​សមាគម​​បណ្តាញ​​យុវជន​​កម្ពុជា​​ C​Y​N)

ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​បណ្តាញ​យុវជន​កម្ពុជា​អះអាង​ថា​ខ្លួន​បាន​រក​ឃើញការបាត់​បង់ ​គម្រប​ព្រៃឈើ​ស្ទើរ​ជិត​ពាក់​កណ្តាល​នៅលើ​ផ្ទៃ​ដីជាង​៣​ពាន់​ហិកតា​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភ្នំ​សេះ​ ដែល​ស្ថិត​ក្នុង​ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ ខេត្ត​ក្រចេះ ដោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក។ នេះ​បើតាម​របាយការណ៍​របស់​បណ្តាញ​យុវជន​កម្ពុជា។​

លោក​ ហេង​ គឹមហុង​ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវនិង​តស៊ូមតិ​នៃ​បណ្តាញ​យុវជន​កម្ពុជាប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ព្រៃ​សហគមន៍​ភ្នំ​សេះ​ក្នុង​ទំហំ​ជាង​១.៣០០​ហិកតា​បាន​រង​ការ​បំផ្លាញ​ដោយ​ជន​ចំណាក​ស្រុក​ ដែល​បាន​ចូល​មក​ទិញ​ដី​ធ្វើ​ចម្ការ​ឬ​ចូល​មក​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុស​ច្បាប់។ លោក​បន្ថែម​ថា​បើ​មាន​វិធានការ​ទាន់​ពេល​គម្រប​ព្រៃ​ឈើ​ជាង​១.៣០០​ហិកតា​ទៀត​អាច​រក្សា​ទុក​បាន។

«តាម​ការ​អង្កេត​នៅ​លើ​ទីតាំង​ភូមិសាស្ត្រ​ជាក់​ស្តែង និង​ការ​អង្កេត​នៅ​ក្នុង​ប្រព័ន្ធ​Google satellite [ប្រព័ន្ធ​ផ្កាយ​រណប​ឌីជីថល]​ យើង​ឃើញ​ថា​ផ្ទៃ​ដី​ប្រមាណ​១​ពាន់​ហិកតា​ជាង​ទៀត​ ជាពិសេស​នៅ​តំបន់​ភ្នំ​សេះ​ឬ​ទី​ជម្រាល​ភ្នំ​សេះ​ហ្នឹង​ បើ​ទោះ​ជា​មាន​ការ​កាប់​បំផ្លាញ​ខ្លះៗ​យក​ឈើ​ ឬ​ក៏​ទន្ទ្រាន​ផ្នែក​ខ្លះៗ។​ ប៉ុន្តែ​តំបន់​នោះ​យើង​អាច​ស្តា​ឡើង​វិញ​បាន​ខុស​ពី​តំបន់​១.៣០០​ហិកតា​ជាង​ ដែល​ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​កូនដើម​ចន្ទី​ ហើយ​និង​ដំឡូងមី​ គឺ​នៅ​តំបន់​ភ្នំ​សេះ​ តំបន់​ភ្នំ​មួយចំនួន​ហ្នឹង​ ប្រមាណ​ជា​១​ពាន់​ហិកតា​ទៀត​ហ្នឹង គឺ​យើង​អាច​ស្រោច​ស្រង់​បាន​ បើ​សិន​ជា​មាន​ចំណាត់​ការ​ទាន់​ពេល​វេលា»។​ ​

តំបន់​ព្រៃ​សហគមន៍​ភ្នំ​សេះ​ ជា​ទី​តាំង​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​បាន​ពឹង​ពាក់​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ​ដូច​ជា​ដើម​ជ័រ​ច្បោះ​ ហើយ​ជា​ទីតាំង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ផងដែរ។​ ស្រុក​សំបូរ​មាន​តំបន់​ព្រៃ​ការពារ​សហគមន៍​មូលដ្ឋាននិង​សហគមន៍​ជាតិចំនួន៧​ ក្នុង​នោះ​ក៏​មាន​តំបន់​ព្រៃ​សហគមន៍​ភ្នំសេះ ​ដែល​បាន​ឃើញ​ការបាត់​បង់​ប្រភេទ​ឈើ​សំខាន់ៗ​ដូចជា​បេង​ សុក្រម​និង​ដើម​ដង​យក​ជ័រ​ទឹក ឬ​ហៅម្យ៉ាង​ទៀត​ថា​ដើម​ជ័រ​ច្បោះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហេង គឹមហុង។

បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​បណ្តាញ​យុវជន​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ ព្រៃ​សហ​គមន៍​ភ្នំ​សេះ​មាន​ប្រជា​ពលរដ្ឋ​អាស្រ័យ​ផល​ចំនួន​១៦៩​គ្រួសារ​និង​មាន​ផ្ទៃដី​ទំហំ​សរុប​៣.០៨១​ហិកតា។​ ព្រៃ​សហគមន៍​ដដែល​នេះ​ មាន​លក្ខណៈ​ដែល​ស្រដៀង​និង​តំបន់​ទេសចរណ៍​ធម្មជាតិ ដោយសារ​នៅ​ទី​នោះ​ មាន​ទី​តាំង​ថ្ម​កាំភ្លើង​ធំ ទីតាំង​ទឹក​ធ្លាក់​និង​ទឹក​ធ្លាក់​នៅ​តាម​ល្បាក់​ថ្ម ដោយ​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រៃ​ឈើ​៤​ប្រភេទ​ដូចជា​ ព្រៃស្រោង​ ព្រៃ​ពាក់​កណ្តាល​ស្រោង​ ព្រៃល្បោះ ព្រៃ​គុម្ពាត​សើម និង​ដី​គ្មាន​គម្រប​ព្រៃ។

របាយការណ៍​ដែល​មាន​កម្រាស់៣០​ទំព័រ​និង​មាន​ចំណង​ជើង​ថា៖«ដំណើរ​ឆ្ពោះ​ទៅ​រក​វិនាសកម្ម​ទាំង​ស្រុង​នៃ​ព្រៃ​សហគមន៍​ភ្នំ​សេះ» បាន​រក​ឃើញ​នូវ​ការ​ទន្ទ្រាន​កាន់​កាប់​ព្រៃ​ដំបូង​នៅ​ឆ្នាំ​២០១៦​ ដោយ​ក្រុម​ប្រជា​ពលរដ្ឋ អ្នក​ចំណូល​ស្រុក​ និង​ក្រុម​មនុស្ស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ហើយ​មិន​មាន​ទីលំ​នៅ​ដ្ឋាន​អចិន្ត្រៃយ៍​នៅ​ក្នុង​ឃុំ​អូរគ្រៀងស្រុក​សំបូរ​ ខេត្ត​ក្រចេះ។

របាយការណ៍​បាន​លើក​ឡើង​ថា៖«​ក្នុង​រយៈពេល​តែ​ជិត​៥​ឆ្នាំ​ប៉ុណ្ណោះ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ រហូត​ដល់​ចុង​ឆ្នាំ​២០២០​ គម្រប​ព្រៃឈើ​លើ​ដី​ព្រៃ​សហគមន៍​ភ្នំ​សេះ​ បាត់បង់​ស្ទើរ​តែ​ពីរ​ភាគ​បី​នៃ​ផ្ទៃ​ដី​សរុប​របស់​សហគមន៍​ព្រៃ​ឈើ​ដោយ​ជំនួស​មក​វិញ​នូវ​ដំណាំ​ចន្ទី​ ដំឡូងមី​ និង​ដំណាំ​មួយ​ចំនួន​ផ្សេង​ទៀត»។​

ទិដ្ឋភាព​ទូទៅ​នៅ​ព្រៃ​សហគមន៍​ភ្នំសេះ ក្នុង​ខេត្ត​ក្រចេះ។ (រូបថត​ពី​ទំព័រ​ Facebook របស់​សមាគមបណ្តាញយុវជនកម្ពុជា C​Y​N)

បើ​តាម​របាយការណ៍​ខាង​លើ​ រដ្ឋបាល​ខេត្ត​ក្រចេះ និង​រដ្ឋបាល​ស្រុក​សំបូរ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​បញ្ឈប់​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​ សហ​គមន៍​ចំនួន​៣​លើក​ ប៉ុន្តែ​ការ​ជូន​ដំណឹង​នោះ​ពុំ​បាន​ជ្រាប​ដល់​ក្រុម​អ្នក​ចូល​ទន្ទ្រាន​ដី​ព្រៃ​សោះ​ នាំ​ឲ្យ​ការ​ទន្ទ្រាន​ដី​ព្រៃ​នៅ​បន្ត ហើយ​មាន​ការ​សាង​សង់​ខ្ទម ឬ​រោង​ចម្ការ​ និង​ការ​ដាំ​ដំណាំ​ចន្ទី​មក​ដល់​ពេល​បច្ចុប្បន្ន។

លោក ហេង​ គឹមហុង​ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូមតិ​នៃ​បណ្តាញ​យុវជន​កម្ពុជា​បាន​ឲ្យ​ដឹង​បន្ថែម​ថា​កន្លង​មក​សហគមន៍​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ជនសង្ស័យ​ ឬ​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​ករណី​ទន្ទ្រាន​ដី​ព្រៃ ប៉ុន្តែតុលាការ​បាន​កោះ​ហៅ​តំណាង​សហគមន៍​ និង​ជន​ទន្ទ្រាន​ដី​ព្រៃមក​សួរ​នាំ​២​លើក​ រួច​ក៏​គ្មាន​ចំណាត់​ការ​បន្ថែម​ពី​តុលាការ។​

​លោក​ ហ៊ា សំអឿន​ អាយុ​៤១​ឆ្នាំ​ ជាជនជាតិ​ដើម​ភាគ​តិច​ពូនង​ និង​ជា​អនុ​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ភ្នំ​សេះ​ បាន​បង្ហាញ​ការ​ខក​ចិត្ត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែលលោក​ថា​ពុំ​មាន​វិធានការ​តឹងរ៉ឹង​ប្រឆាំង​នឹង​អ្នក​ដែល​ចូល​បំផ្លាញ​សហគមន៍ ទទួល​ស្គាល់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ។​

លោក​កត់​សម្គាល់​ថា​បុគ្គល​មួយ​ចំនួនចូល​មក​ទន្ទ្រាន​ដី​ដើម្បី​ធ្វើ​ចម្ការ​ និង​យក​ឈើ ធ្វើ​ឲ្យ​ពលរដ្ឋ​សហគមន៍​រស់​យ៉ាងត្រដរនៅ​ពេល​អនុផល​ព្រៃឈើ​ដែល​ធ្លាប់​តែ​ប្រមូល​បាន​នោះ​ កាន់​តែ​ខ្សត់​ទៅ។​

«យើង​ដង​ជ័រ១កាន​វា​ពី​មុន វា​បាន​ប្រាំ​មួយ​ប្រាំ​ពីរ ម៉ឺន​[រៀល]​ក្នុង​មួយ​កាន ជ័រ​យើង។​ ឥឡូវ​នេះ វា​ថយ​ចុះ មួយ​ថ្ងៃ​ដង​ជ័រ​បាន​៣​កាន​អី​ទេ ឥឡូវ​នេះ។ នៅ​សល់​បាន​១កាន​ ២​កាន​អីចឹង​ទេ»។

តំណាង​សហគមន៍​រូប​នេះ​ បន្ថែម​ថា​សកម្មភាព​កាប់​ព្រៃ​ធ្វើ​ដំណាំ​ និង​ទិញ​ដូរ​នេះ​បាន​ប៉ះពាល់​ដល់​ទី​សម្រាប់​ការ​ប្រណិបត្តិ​សាសនា​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច។ លោក​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​មូលដ្ឋាន​មាន​វិធាន​ការ​បន្ទាន់​ក្នុង​ការ​រក្សា​ធនធាន​ព្រៃ​ដែល​នៅ​សេស​សល់ ក្រោយ​លោក​ចាប់​បាន​ឧបករណ៍​អារ​ឈើ​រាប់​រយ​គ្រឿង គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​នោះ។

«ខ្ញុំ​សំណូម​ពរ​ថា​ វា​អត់​ទាន់​ហួស​ពេល​ទេ សំណូម​ពរ​ឲ្យ​រក្សា​ព្រៃ​ហ្នឹង​ទុក​ ហើយ​និង​កន្លែង​ជំនឿ​ពួក​ខ្ញុំ​ហ្នឹង»។

អភិបាល​រង​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ក្រចេះ​លោក ប៉ែន​ លីណាត​ មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​ឃើញ​របាយ​ការណ៍​របស់​បណ្តាញ​យុវជន​កម្ពុជា​នោះទេ តែ​ថា​អាជ្ញាធរ​ខេត្ត​តែងតែ​មាន​វិធានការ​ប្រចាំ​ប្រឆាំង​នឹង​អ្នក​ចូល​ទៅ​កាន់​កាប់ដី​និង​ទន្ទ្រាន​ព្រៃ​សហគមន៍​ដោយ​ខុស​ច្បាប់។​

«អាជ្ញាធរ​ខេត្ត​មាន​វិធាន​ការ​រហូត​ គ្រប់​ មិនមែន​ថា​តែ​ព្រៃ​សហគមន៍​ហ្នឹង​ទេ​ គ្រប់​បទ​ល្មើស​ធនធាន​ធម្មជាតិ​ អាជ្ញាធរ​តែង​តែ​ខិត​ខំ​ដាក់​វិធាន​ការ​ទប់​ស្កាត់​ជា​ប្រចាំ»។ ​

ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាងរបស់​តំណាង​សហគមន៍​ដែល​ថា​អាជ្ញាធរ​មូលដ្ឋាន​ដូចជា​មិន​សូវ​អើពើ​នឹង​ការ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ភ្នំសេះ​នោះ​ លោក​អភិបាល​រង​ខេត្ត​លើកឡើង​ខាង​សហគមន៍​ទៅ​វិញ​ទេ ដែល​មិន​ផ្តល់​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ។​

«ខាង​ខ្ញុំ​មិន​មាន​ប្រតិកម្ម​អី​ ប៉ុន្តែ​អាហ្នឹង​វា​ជា​សម្តី​របស់​គាត់ ជា​សហគមន៍​គាត់​អ្នក​ចាប់​បាន​គាត់​ត្រូវ​តែរាយ ការណ៍​ជូន​មក​ខាង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ឲ្យ​បាន​ដឹង ដើម្បី​ឲ្យ​ជួយ​សហការ​គាត់។​ គាត់​អត់​មាន​ត្រូវ​នៅ​លាក់លៀម​អី​ខ្លួន​គាត់​នោះ​ទេ។ អាជ្ញាធរ​បាន​ខិត​ខំ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រាល់​ថ្ងៃ​ហ្នឹង​គឺ​យើង​ដាក់​វិធានការ​ទប់ស្កាត់»។​

របាយការណ៍​របស់​បណ្តាញ​យុវជន​កម្ពុជាធ្វើ​ឡើង​តាម​ការ​ចុះ​ទៅ​ពិនិត្យ​ទី​តាំង​ជាក់​ស្តែង ការ​សម្ភាស​ជាមួយ​ពលរដ្ឋ កំណត់​ទីតាំង​ភូមិសាស្ត្រ​ដោយ​ប្រើ​ប្រព័ន្ធ​កំណត់​ទីតាំង​សកល​ជីភីអេស​(GPS)​ដើម្បី​ផ្ទៀង​ផ្ទាត់ និង​សន្មត​ទំហំ​ព្រៃ​ឈើ​ដែល​បាន​បាត់​បង់។​ ការ​ចុះ​ទៅ​អង្កេត​និង​ស្រាវជ្រាវ​ ក៏​ដូចជា​ពិនិត្យ​ទិនន្ន័យ​ផ្សេងៗ​ ធ្វើ​ឡើង​ពី​ចន្លោះ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១៕​