ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកស្រ្តីបានរកឃើញថា បញ្ហាប្រឈមជាច្រើននៅតែបន្តកើតមានចំពោះស្រ្តីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញា CEDAW សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០២២ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញា CEDAW សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០២២ ដែលចេញកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ ឱ្យដឹងថា អំពើហិង្សាផ្អែកលើយេនឌ័រ ការរំលោភបំពានផ្លូវភេទទាំងផ្ទាល់និងតាមប្រព័ន្ធអនឡាញមកលើស្រ្តី និងកុមារ ព្រមទាំងការបៀតបៀនលើស្រ្តីជាកម្មករនិយោជិត និងស្រ្តីក្នុងវិស័យផ្សេងទៀតនៅតែជាក្តីព្រួយបារម្ភមួយ។ របាយការណ៍ដដែលបញ្ជាក់ទៀតថា ក្រុមជនជាតិភាគតិច ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ស្រ្តីមានពិការភាពក៏ធ្លាប់ឆ្លងកាត់អំពើហិង្សានៅក្នុងកម្រិតខ្ពស់ ហើយត្រូវប្រឈមនឹងឧបសគ្គដ៏ខ្លាំងក្លាក្នុងការទទួលបានយុត្តិធម៌ និងសំណងប៉ះប៉ូវការខូចខាតផ្សេងៗ។
របាយការណ៍របស់គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់រូបភាពលើស្រ្តី (NGO-CEDAW) ដែលមានកម្រាស់ ៦៤ ទំព័រ បញ្ជាក់ក្នុងន័យដើមថា៖ «ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញបានធ្វើឱ្យមានការប៉ះពាល់គួរឱ្យព្រួយបារម្ភរហូតដល់ ១១% នៃអ្នកប្រើប្រាស់អ៊ីនធឺណិត ដែលមានអាយុចាប់ពី ១២ ដល់ ១៧ឆ្នាំ។ ស្រ្តីក៏ធ្លាក់ចូលក្នុងអន្ទាក់បំណុល និងងាយរងគ្រោះដោយការគំរាមកំហែងបញ្ចេញរូបអាសអាភាសតាមអនឡាញដោយក្រុមអ្នកផ្តល់កម្ចីតាមអនឡាញ។ ការស្រាវជ្រាវមួយដែលបានសម្ភាសកម្មកររោងចក្រចំនួន ១.១០០ នាក់ បានបង្ហាញឱ្យឃើញថា ពួកគេចំនួន ៩៣,៦៥% ធ្លាប់បានឮ និងឃើញករណីរំលោភបំពានផ្លូវភេទនៅកន្លែងធ្វើការ»។
បើតាមរបាយការណ៍នេះ ករណីអំពើហិង្សាដែលកើតមានលើស្ត្រីនៅក្នុងគ្រួសារ រួមមានការប្រើអំពើហិង្សាលើរាងកាយ អំពើហិង្សាផ្លូវចិត្ត អំពើហិង្សាផ្លូវភេទ និងអំពើហិង្សាសេដ្ឋកិច្ច។
បើតាមរបាយការណ៍ដែលយោងព័ត៌មានពីអង្គការបន្ទាយស្រី ស្ត្រីនៅមានបញ្ហាប្រឈមនៅឡើយក្នុងការស្វែងរកសេវាប្រឹក្សា និងការគាំទ្រតាមរយៈប្រព័ន្ធតុលាការ ដោយស្ត្រីជាជនរងគ្រោះអះអាងថា អន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់លើករណីរបស់ពួកគេ និងមានភាពយឺតយ៉ាវផងដែរ។
របាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញា CEDAW សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២២ បញ្ជាក់ក្នុងន័យដើមថា៖ «នៅក្នុងការស្វែងរកលទ្ធភាពទទួលបានយុត្តិធម៌តាមរយៈប្រព័ន្ធតុលាការផ្លូវការ ស្រ្តីទាំងនោះបានលើកឡើងនូវបញ្ហាប្រឈមផ្សេងទៀត រួមមានការលំបាកក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ចំណេះដឹងរបស់ពួកគាត់មានកម្រិតទាក់ទងនឹងច្បាប់ និងនីតិវិធី ទាក់ទងនឹងអំពើហិង្សា ការប្រាស្រ័យទាក់ទងជាមួយមនុស្សម្នាផ្សេងទៀត និងការខ្វះខាតថវិកាសម្រាប់ផ្គត់ផ្គង់អាហារ និងកន្លែងស្នាក់នៅខ្លួនឯង អំឡុងពេលដំណើរការនីតិវិធីតុលាការដែលអូសបន្លាយពេលវេលាយូរ»។
ថ្លែងនៅក្នុងការផ្សព្វផ្សាយជាផ្លូវការនៃរបាយការណ៍ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញា CEDAW សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០២២ អ្នកស្រី ជឹម ចាន់នាង អគ្គលេខាធិការនៃអង្គការNGO-CEDAW បានលើកឡើងថា រៀងរាល់ ៤ ឆ្នាំ រដ្ឋាភិបាលតែងតែចូលរួមកិច្ចប្រជុំជាមួយអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ក្នុងការដាក់នូវរបាយការណ៍អំពីការអនុវត្តអនុសញ្ញា CEDAW នៅកម្ពុជា ហើយតែងទទួលបានអនុសាសន៍ផ្សេងៗ ដើម្បីពង្រឹងបញ្ហាដែលអនុវត្តនៅក្នុងអនុសញ្ញានោះ។ អ្នកស្រីបន្តថា ការចងក្រងជារបាយការណ៍នេះ គឺដើម្បីបង្កជាភាពងាយស្រួលក្នុងការឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តអនុសាសន៍នានារបស់គណៈកម្មការ CEDAW នៃអង្គការសហប្រជាជាតិ។
អ្នកស្រីថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិល គឺយើងអាចរួមចំណែកជាមួយរដ្ឋាភិបាលយើងបានក្នុងការចងក្រងនូវបញ្ហាសំខាន់ និងអាទិភាពដែលកើតមានឡើងរៀងរាល់ឆ្នាំ។ អ៊ីចឹងរាជរដ្ឋាភិបាលយើងក៏ងាយស្រួលនៅក្នុងការចាប់នូវអាទិភាព ដើម្បីអនុវត្តអនុសាសន៍របស់គណៈកម្មការ CEDAW ផង ហើយនឹងត្រៀមខ្លួនដើម្បីរៀបចំរបាយការណ៍របស់លោកទៅគណៈកម្មការ CEDAW ផង។ អ៊ីចឹងគោលបំណងសំខាន់របស់យើង គឺយើងធ្វើការចងក្រងជាឯកសារនៃការរំលោភសិទ្ធិស្រ្តី ឬក៏បញ្ហាប្រឈមរបស់ស្ត្រីចម្បងៗហ្នឹងទុករៀងរាល់ឆ្នាំ»។
អំពើហិង្សាផ្អែកលើយេនឌ័រគឺជាពាក្យដែលមានន័យទូលំទូលាយ ដែលរាប់បញ្ចូលទាំងការរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ ការបៀតបៀនផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ និងអំពើហិង្សាដែលប្រព្រឹត្តដោយរដ្ឋ។ កុមារី និងស្ត្រីជាច្រើន រួមទាំងបុគ្គលដែលជាជនមិនកំណត់អត្តសញ្ញាណភេទ និងអ្នកប្ដូរភេទនៅកម្ពុជា មិនត្រឹមតែទទួលរងនូវអំពើហិង្សាផ្អែកលើយេនឌ័រក្នុងទម្រង់ផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងឧបសគ្គធំៗក្នុងការទទួលបានយុត្តិធម៌និងសេវានានា មិនថា តាមរយៈប្រព័ន្ធយុត្តិធម៌ផ្លូវការ ឬយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនោះឡើយ។ នេះបើតាមរបាយការណ៍។
កញ្ញា អយ ម៉ារីនី ប្រធានគម្រោងអង្គការនារីដើម្បីសន្តិភាព បានថ្លែងនៅក្នុងកិច្ចពិភាក្សាមួយកាលពីថ្ងៃពុធថា អំពើហិង្សាផ្អែកលើយេនឌ័រកើតមានឡើងក្នុងគ្រប់ទម្រង់ ហើយវាតែងកើតឡើងមិនថា ក្នុងគ្រួសារ ឬកន្លែងការងារ។
កញ្ញាថ្លែងថា៖ «ឧទាហរណ៍ ករណីដែលស្ត្រីត្រូវបានគ្រួសារស្តីបន្ទោស នៅពេលដែលករណីគាត់ចេញទៅធ្វើការនៅខាងក្រៅ ដោយសារតែគ្រួសារគាត់មើលឃើញថា ស្រ្តីដែលល្អគាត់គួរតែនៅក្នុងផ្ទះ ធ្វើកិច្ចការងារផ្ទះ។ គាត់អត់គួរដើរចេញទេ។ អ៊ីចឹងប្រសិនបើយើងមើលទាក់ទងនឹងចំណុចកន្លែងនេះ វាជាអហិង្សាទាក់ទងនឹង ៖ ទី១ រឿងគ្រប់រូបត្រូវមាន ប៉ុន្តែគាត់ត្រូវបានរឹតត្បិត។ អ៊ីចឹងវាប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់។ ទី២ ទាក់ទងនឹងរឿងសេដ្ឋកិច្ចទៀត។ ដោយសារគាត់អត់អាចចេញទៅខាងក្រៅ គាត់ប្រកបរបរដើម្បីរកចំណូលមកផ្គត់ផ្គង់ខ្លួនឯង អ៊ីចឹងវាទាក់ទងនឹងកត្តាសេដ្ឋកិច្ច កត្តាជីវភាពរបស់គាត់»។
វាគ្មិនមួយរូបទៀតនៅក្នុងកិច្ចពិភាក្សានោះដែរ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពចំណីអាហារនិងសេវាកម្មនៅកម្ពុជា ថ្លែងថា ស្ត្រីជួបប្រទះនឹងអំពើហិង្សាតែងតែត្រូវបានស្តីបន្ទោសពីមនុស្សជុំវិញខ្លួន មិនថានៅក្នុងផ្ទះ ឬកន្លែងធ្វើការទេ។ អ្នកស្រីបន្តថា កម្មករនិយោជិតដែលធ្វើការលើវិស័យទេសចរណ៍ ជាពិសេសធ្វើការនៅក្នុងសណ្ឋាគារ តែងតែទទួលរងការបៀតបៀនយ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារនោះ។
អ្នកស្រីថ្លែងថា៖ «នៅពេលដែលគាត់ចូលទៅរៀបចំបន្ទប់ ពេលខ្លះ ភ្ញៀវហ្នឹងឱ្យគាត់មកចូលរៀបចំបន្ទប់ ហើយគាត់ត្រូវតែធ្វើពីព្រោះអូតែលមួយចំនួនគេអត់ឱ្យប្រាក់ខែគោលគាត់ទេ។ គេឲ្យគាត់ស៊ីភាគរយទៅតាមចំនួនបន្ទប់ដែលគាត់រៀប។ ដូចថាមួយបន្ទប់អ៊ីចឹងគេឱ្យគាត់ ៣ដុល្លារទៅ ៥ដុល្លារ ទៅតាមចំនួនអូតែលផ្កាយបីបួនប្រាំ។ អ៊ីចឹងនៅពេលគាត់ទៅដល់ អតិថិជនខ្លះអត់មានស្លៀកពាក់ខោអាវទេ។ គាត់ថា អត់មានស្លៀកពាក់ខោអាវទេ ហើយបើគាត់អត់ចូលគាត់ត្រូវប្រឈមមុខទៅនឹងអត់ការងារធ្វើ។ គាត់ត្រូវតែធ្វើ … ដល់ម៉ោងរៀបចំបន្ទប់ ហើយជួនកាលគាត់ចូលទៅដល់ក៏មានការលូកលាន់រាងកាយគាត់»។
អ្នកស្រីក៏បានលើកឡើងពីបញ្ហាប្រឈមនានាពីកម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរ និងវិស័យដទៃទៀត រួមមានការគាបសង្កត់កម្លាំងពលកម្ម បញ្ហាសិទ្ធិសហជីព និងបញ្ហាសេដ្ឋកិច្ចរបស់កម្មកររោងចក្រផងដែរ។
នៅក្នុងកិច្ចពិភាក្សាមួយក្នុងពេលបង្ហាញរបាយការណ៍ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា កុមារ និងស្ត្រីក៏ទទួលរងការបៀតបៀននានាតាមប្រព័ន្ធអនឡាញផងដែរ ដែលកុមារត្រូវបានប្រើប្រាស់ក្នុងការធ្វើសកម្មភាពផ្លូវភេទ និងវីដេអូអាសអាភាសនានា។ សម្រាប់ស្រ្តីវិញ ពួកគេត្រូវបានជាប់អន្ទាក់បំណុល ដោយពួកគេត្រូវបានគំរាមឱ្យ ថតរូបនិងវីដេអូអាក្រាតកាយ ដើម្បីទទួលបានកម្ចីនោះ។
លោកថ្លែងថា៖ «យើងរកឃើញថា ចុងក្រោយគឺស្ត្រីគាត់រងគ្រោះច្រើនជាងគេទាក់ទងនឹងកម្ចីអនឡាញ នៅពេលដែលចាប់ផ្តើមកម្ចីអនឡាញ គឺអ្នកឱ្យលុយខ្ចីហ្នឹងគឺចាប់ផ្តើមឱ្យគាត់ថតរូបភាពអាសអាភាសមានន័យថា អាក្រាតកាយ ដោយការផ្ញើជាថ្នូរក្នុងការផ្តល់កម្ចី»។
អ្នកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ក្រសួងកិច្ចការនារីបានរៀបចំយន្តការជាច្រើនក្នុងការអនុវត្ត និងលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់ ព្រមទាំងលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រជាដើម។
អ្នកស្រីថ្លែងថា៖ «យើងបានរៀបចំជាយន្តការក្នុងការឆ្លើយតបនិងទប់ស្កាត់ទៅនឹងអំពើហិង្សាក្នុងគ្រួសារក៏ដូចជាអំពើហិង្សាលើស្រ្តី ដូចជាការរំលោភបំពាន ហើយយន្តការនេះគឺយើងរៀបចំពីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សម្រាប់ឆ្លើយតបនិងចូលរួមក្នុងការអនុវត្តក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីមិនថា ក្រុមគោលដៅណាទេ»។
របាយការណ៍របស់ NGO CEDAW ក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរថា ពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើយេនឌ័រ (GBV) រដ្ឋាភិបាលត្រូវចាត់នូវសកម្មភាពប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឲ្យប្រាកដថា ជនរងគ្រោះពីអំពើហិង្សាទាំងអស់ទទួលបានការកាត់ក្តីនៅតុលាការ ហើយបញ្ចប់ការប្រើប្រាស់ការផ្សះផ្សារ និងទម្រង់ផ្សេងទៀតនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការឆ្លើយតបចំពោះករណីអំពើហិង្សា។ សម្រាប់ជនជាតិដើមភាគតិច និងជនជាតិភាគតិចត្រូវមានការធានាឱ្យបានជាបន្ទាន់ថា កុមារទាំងអស់ទទួលបានឯកសារចុះបញ្ជីកំណើត និងទទួលបានការអប់រំនៅសាលារដ្ឋ។
ចំណែកពលកម្មការងារត្រូវអនុម័តជាបន្ទាន់នូវអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិលេខ ១៩០ ស្តីពីអំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ ដើម្បីជួយក្នុងការអនុវត្តទៅតាមអនុសាសន៍របស់គណៈកម្មាធិការ CEDAW ដែលស្នើឱ្យមានគោលនយោបាយជាតិដែលកំណត់និយមន័យ និងហាមឃាត់រាល់ទម្រង់នៃការបៀតបៀនផ្លូវភេទដែលពាក់ព័ន្ធនឹងការងារ៕