ម្ចាស់ថ្មី​របស់​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ច្រានចោលការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​រដ្ឋាភិបាល

ម្ចាស់​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ លោក​ Siva Kuma Ganapathy ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជា​លើកដំបូង​ នៅ​ថ្ងៃទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៨ ​ ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុន ណារិន/VOA)

លោក Siva Kuma Ganapathy​ ដែល​ជា​ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញប៉ុស្តិ៍​បានប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ទិញ​កាសែត​ភ្នំពេញប៉ុស្តិ៍​ គឺ​ជា​ការ​សម្រេច​ចិត្ត​ក្នុង​នាម​ជា​​សហគ្រិន​ ហើយថា​ បើ​លោក​មិនទិញ​ទេ​ កាសែត​នេះ​មុខ​ជានឹង​បិទទ្វារ​ជា​មិនខាន។

ម្ចាស់ថ្មីរ​បស់កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​អ្នកកាសែត​មកពី​អង្គភាព​នានា​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ប្រទេស​ ឈ្លេចសួរ​អំពី​ហេតុផល​នៃការ​សម្រេច​ចិត្ត​ទិញកាសែត​ដែល​គេ​ជឿថា​ ជា​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​និងខ្មែរ​ឯករាជ្យ​ចុងក្រោយគេ​នៅកម្ពុជា​ បន្ទាប់​ពី​ការបិទទ្វាររបស់​កាសែត​ The Cambodia Daily។ លោក​ Siva Kuma ដែល​ជាចាងហ្វាង​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អះអាង​ថា​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​បាន​ប្រឈមមុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​នេះ នឹង​ត្រូវបិទទ្វារ​ ប្រសិនបើ​លោក​មិន​ទិញ​ទេ​នោះ។ ​

ចាងហ្វាង​ថ្មី​របស់កាសែតឌឹ​ ភ្នំពេញប៉ុស្ត៍​ នៅ​ថ្ងៃសុក្រ​បានបដិសេធ​ថា​ រដ្ឋាភិបាល​គ្មាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ដូរកាសែត​ដែល​ត្រូវគេ​រាយការណ៍​ថា​ បាន​ជំពាក់​ពន្ធ​រដ្ឋ​ជាង​៣លាន​ដុល្លារ​អាមេរិក។

ម្ចាស់​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ លោក​ Siva Kuma Ganapathy (រូបកណ្តាល ) ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជា​លើកដំបូង​ នៅ​ថ្ងៃទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៨ ​ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

ដោយ​បាន​បង្ហាញមុខ​ជាលើក​ដំបូង​ជាមួយ​អ្នកកាសែត​ លោក Siva Kuma Ganapathy​ បានប្រាប់​អ្នកកា​សែតថា​ ការ​ទិញកាសែត​ភ្នំពេញប៉ុស្តិ៍​ គឺ​ជា​ការ​សម្រេច​ចិត្ត​ក្នុង​នាម​ជាសហគ្រិន​ ហើយថា​ បើ​លោក​មិនទិញ​កាសែត​នេះ​ទេ​ វាមុខ​ជានឹង​បិទទ្វាជាក់ជា​មិនខានឡើយ​។

«ដើម្បីឆ្លើយនឹង​សំណួរ​ គឺថា​ រដ្ឋាភិបាល​គ្មានជាប់​ពាក់ព័ន្ធនោះទេ​។ ខ្ញុំមិនថា​ អ្នកចង់​មាន​ថាម៉េច​ អំពីរដ្ឋាភិបាលនោះទេ។ នេះគឺជា​ការ​សម្រេច​ចិត្ត​លក្ខណៈ​សហគ្រិន​តាំងពី​ដំបូង​មក»។

កាលពី​ដើមខែ​ឧសភានេះ​ កាសែតភ្នំពេញប៉ុស្តិ៍​ដែលមាន​អាយុ​កាល២៦​ ឆ្នាំ ត្រូវបាន​ផ្ទេរកម្មសិទ្ធិ​ពីលោក​ Bill Cloughអ្នកជំនួញ​ខាង​រ៉ែ និង​មានសញ្ជាតិ​អូស្ត្រាលី​ ទៅឲ្យលោក​ Siva Kuma Ganapathy ដែលជា​វិនិយោគិន​សញ្ជាតិ​ម៉ាឡេស៊ី​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ទំនាក់​ទំនង​សាធារណៈ​មួយឈ្មោះ​ថា​ Asia Malaysia PR។

បន្ទាប់​ពីការ​ទិញដូរ​នេះ​ភ្លាម​ និពន្ធ​នាយក​កាសែត​នេះ​គឺ​លោក​កៃ​ គឹមសុង​ ត្រូវ​បាន​បណ្តេញ​ចេញ​ ដោយសារ​តែនិពន្ធ​នាយក​រូបនេះ​ បានអនុញ្ញាត​ឲ្យចេញផ្សាយ​អត្ថបទ​ទំព័រមុខមួយ​ ដែល​បាន​ពណ៌នា​យ៉ាងលម្អិត​អំពីទំនាក់​ទំនង​រប​ស់លោក​ Siva Kuma​ ជាមួយ​អាជ្ញារកម្ពុជា។ អ្នកកាសែត​បរទេស​ពីរនាក់​ផ្សេង​ទៀត​ក៏ត្រូវបានបណ្តេញ​ ហើយ​អ្នកកាសែត​បរទេស​ប្រមាណ​១០នាក់​ផ្សេង​ទៀត​បាន​លាឈប់​ពីរការងារ​ នៅក្នុងការ​តវ៉ាបណ្តេញ​និពន្ធ​នាយក​របស់​ពួកគេ។

នៅពេល​អ្នកកាសែត​សួរ​លោក Siva Kumaថា​ តើ​កាសែត​ភ្នំពេញប៉ុស្តិ៍​ចេញផ្សាយ​អត្ថបទ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​រិះគន់​ទៀតទេ​ ហើយ​និងមានការ​ប្រែប្រួល​ជំហរ​និពន្ធ​ទេ​នោះ​ លោកSiva បាន​និយាយ​ថា​ ការរិះគន់​មិនមែនជា​ជម្រើស​របស់លោកទេ​ ហើយអ្វីដែលលោក​នឹង​សំអាង​ដើម្បី​សរសេរ​ព័ត៌មាននោះ​ គឺ​ការណ៍​ពិត​តែ​ប៉ុណ្ណោះ។

​«ហេតុអី​បាន​ជា​យើងត្រូវ​រិះគន់​នោះ? ខ្ញុំ​ត្រូវ​ផ្អែក​លើ​ការណ៍ពិត។...ការងារ​របស់​យើង​គឺ​ផ្អែក​លើ​ការណ៍ពិត ហើយ​មាន​លក្ខណៈ​ស្ថាបនា»។

​លោក Siva Kuma​ ដែល​អះអាងថា​ ជា​អ្នកកាសែត​ដែល​ធ្លាប់​ទទួលការ​បណ្តុះបណ្តាល​ និង​ជា​អ្នក​កាសែតមាន​វិន័យ​ម្នាក់​និយាយ​ថា លោក​នឹង​ខិត​ខំ​កែប្រែ​យុទ្ធសាស្ត្រខាង​ជំនួញ​ ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​ ដើម្បី​រក្សា​ដំណើរ​ការ​របស់​កាសែត​នេះ។

ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃនេះ​ ក្រៅពីការ​តាំងចិត្ត​របស់​លោក​ក្នុងការ​ធ្វើ​ឲ្យកាសែត​ភ្នំពេញ​ប៉ុស្តិ៍ដំណើរ​ការ​ទៅមុខនោះ លោក​ Siva Kuma បាន​បង្ហាញការ​ច្រឡោត​ម្តងៗពេល​អ្នក​កាសែត​សួរ​លោក​ចំពោះ​បញ្ហា​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់កាសែតដែល​ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩២​ ដោយលោក​Michael Hayes ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​មួយ​រូប។

ទាក់ទិន​បញ្ហា​ទូទាត់​ប្រាក់ជំពាក់​ពន្ធ​របស់កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ក្រុមមេធាវី​របស់​លោក​ Siva Kuma បដិសេធ​មិន​ផ្តល់​ចម្លើយ​ ដោយ​អះអាង​ថា​ វាជា​សិទ្ធិ​របស់​អ្នកលក់​កាសែត​ភ្នំពេញប៉ុស្តិ៍​ ក្នុងការ​បញ្ចេញ​ឬ​មិន​បញ្ចេញ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ។

ក្នុងចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុងការ​ទារពន្ធ​ពីស្ថាប័ន​ឯកជននេះ​ កាសែត​ឯករាជ្យ​មួយទៀត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣​ ដោយ​អ្នកកាសែត​សញ្ជាតិ​អាមេរិកាំងដែរនោះ គឺ​កា​សែត​ The Cambodia Daily​ ​បាន​បង្ខំ​ចិត្ត​បិទទ្វារ​របស់​ខ្លួន​ ដោយ​មិន​អាច​ទ្រាំទ្រ​នឹង​សម្ពាធ​ប្រាក់​ពន្ធ​ចំនួន៦​លាន​៣​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ម្ចាស់​កាសែត​នេះ​ ជឿថា​ ការ​បង្ខំ​ឲ្យបង់​ពន្ធ​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។ តែ​ភាគី​រដ្ឋាភិបាល​ ដែល​ទទួល​បន្ទុក​យក​ពន្ធនេះ​ និយាយថា​ កាសែត​នេះ​ បាន​គេចវេស​មិនបង់​ពន្ធ​ជូន​រដ្ឋ ហើយ​ព្យាយាម​ធ្វើ​រឿង​នេះឲ្យក្លាយ​ជារឿង​នយោបាយ​ទៅ​វិញ៕